កង ណុប៖ ធ្វើការក្នុងកងចល័តនារី ស្រុកអង្គរបូរី

កង ណុប អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ណុប មានអាយុប្រមាណ១៥ឆ្នាំ​ និងមានបងប្អូនចំនួន៥នាក់។ បងៗរបស់ណុប មួយចំនួនបានចូលទៅក្នុងកងពិសេសដើម្បីធ្វើការរែកដី ជីកព្រែក លើកទំនប់ និងជីកប្រឡាយ ហើយបងម្នាក់ទៀតបានចូលក្នុងកងដឹកជញ្ជូន ដោយដឹងស្បៀងអាហារយកទៅតាមការដ្ឋានការងារនៅភ្នំបូរី។ ចំណែកបងរបស់ណុបដែលបានរៀបការរួច និងមានកូន ត្រូវបានអង្គការចាត់តាំឲ្យធ្វើស្រែ ឬធ្វើការផ្សេងៗក្បែរសហករណ៍តាមការចាត់តាំងរបស់អង្គការ។

ចំពោះ ណុប បានចូលរួមក្នុងកងកុមារភូមិ ដើម្បីធ្វើការងាររួម និងរៀនបន្តិបន្តួចក្រោមផ្ទះរបស់ប្រជាជន ឬក្រោលគោចាស់ ជាមួយគ្រូឈ្មោះសេង។ ប៉ុន្តែនៅពេល ណុប អាយុច្រើនបន្តិច អង្គការបានបញ្ជូនគាត់ឲ្យទៅក្នុងកងនារី ដើម្បីធ្វើស្រែ រែកដី លើកទំនប់ និងជីកប្រឡាយ។ នៅរដូវវស្សា ណុប និងសមាជិកក្រុមផ្សេងទៀត បានធ្វើតាមការស្នើកម្លាំងរបស់អង្គការទៅធ្វើការស្ទូង ដក និងច្រូតនៅក្បែរសហករណ៍រហូតដល់ឃុំតាំងយ៉ាប និងកំពង់អំពិល ដែលជាកន្លែងសម្បូរសត្វឈ្លើងខ្លាំង។

បន្ទាប់ពីធ្វើស្រែរួច ក្រុមរបស់ណុប បានចេញទៅធ្វើការងាររែកដីធ្ងន់ៗដើម្បីជីកប្រឡាយក្បែរភូមិរហូតដល់ លើកទំនប់០៧, ០៨ និង ០៩ ដែលជាទំនប់ខ្ពស់ៗខ្លាំង និងពិបាកដើរឡើង។ នៅការដ្ឋានការងារ ណុប ត្រូវរែកដីរត់យកកម្លាំងឡើងលើខ្នងទំនប់រាល់ថ្ងៃទើបអាចឡើងរួច ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺខ្វះខាត។

នៅរដូវប្រមូលផល អង្គការបានដាំបាយចែកឲ្យក្រុមកងចល័តហូបរយៈពេលប្រមាណ២ខែប៉ុណ្ណោះ។ បន្ទាប់មក អង្គការចាប់ផ្ដើមបបរគោកឲ្យប្រជាជនហូបកន្លះខែទៀត ទើបចាប់ផ្ដើមរបបរាវៗ ឬបបរលាយជាមួយបន្លែ ដោយក្នុងមួយខ្ទះដាក់អង្ករត្រឹមតែ៣កំប៉ុងប៉ុណ្ណោះ។  លើសពីនេះទៅទៀត នៅពេលដែលខ្វះស្បៀងខ្លាំង ណុប ធ្លាប់ទទួលបានត្រឹមគ្រាប់ពោតមួយការប៉ុណ្ណោះក្នុងមួយពេល ហើយមួយថ្ងៃហូបពីរដងនៅម៉ោងប្រមាណ១២ថ្ងៃត្រង់ និងម៉ោង៧យប់ នៅពេលគាត់ធ្វើការនៅកំពង់អំពិល។

នៅពេលដល់ម៉ោងហូបអាហារ អង្គការបានវាយអាគាំងផ្ដល់សញ្ញាដល់កុមារទាំងអស់ចូលក្នុងរោងបាយមុន រួចបន្តដល់មនុស្សចាស់ ហើយប្រជាជន ត្រូវឈប់ធ្វើការ និងឡើងមកហូបអាហារនៅពេលឮសំឡេងជួងបន្ទាប់។ នៅក្នុងរោងបាយ ជាទូទៅអង្គការបានដួសបបរមួយឆ្នាំង ឬបាយមួយឆ្នាំង ជាមួយសម្លមួយចានដាក់លើតុ សម្រាប់មនុស្សចំនួន៦នាក់ ប៉ុន្តែបើនៅសល់អាហារគឺថែមបានបន្តិចបន្តួច ប៉ុន្តែនៅតែមិនគ្រប់គ្រាន់។

នៅពេលមានជំងឺ គឺមានគ្រូពេទ្យ ផ្ដល់ថ្នាំរាងដូចអាចម៍ទន្សាយឲ្យលេប ដែលថ្នាំនោះធ្វើដោយខ្លួនឯង។ ជាក់ស្ដែង ណុប បានដឹងថាអង្គការបានប្រើគ្រាប់ស្លែងពុះជាច្រើនចំណែកមកធ្វើជាថ្នាំព្យាបាល និងយកកន្ទក់កូរជាមួយស្កររួចសូន្យធ្វើជាគ្រាប់ថ្នាំសម្រាប់ចែកឲ្យអ្នកមានជំងឺហើមលេប។ ប៉ុន្តែប្រសិនបើឈឺធ្ងន់ អង្គការគឺត្រូវបញ្ជូនឲ្យទៅពេទ្យនៅតាមវត្តនិងនៅតែមិនមានថ្នាំល្អសម្រាប់ព្យាបាល។ ចំពោះសម្លៀកបំពាក់ ណុប ទទួលបានខោអាវខ្មៅធ្វើពីសាច់ក្រណាត់បាឌឹបមួយសម្រាប់ ហើយត្រូវរង់ចាំរយៈពេលជាយូរទៀតទើបបានកន្សែង ឬក្រមារមួយ។

ចំពោះការរៀបការ ណុប បានឃើញអង្គការរៀបចំរាប់រយគូក្នុងពេលតែមួយនៅក្របីកូន ដោយក្នុងនោះអ្នកមូលដ្ឋាន ត្រូវរៀបការជាមួយអ្នកមូលដ្ឋាន ហើយអ្នកថ្មី ត្រូវផ្សំផ្គុំជាមួយអ្នកថ្មីដូចគ្នាដោយគ្មានដោយគ្មានសិទ្ធបដិសេធអ្វីទាំងអស់។ នៅពេលរៀបការរួច អង្គការបានធ្វើរោងពីដើមសង្កែ ដើម្បីឲ្យអ្នកទើបរៀបការរស់នៅជាមួយគ្នា ហើយបើមានអ្នកមិនចុះសម្រុងត្រូវបានអង្គការចាប់យកទៅសម្លាប់។ ទៅបីជាយ៉ាងណា មានប្រជាជនមួយចំនួនដែលរស់នៅតាមសហករណ៍អាចស្នើសុំរៀបការជាមួយអ្នកដែលខ្លួនពេញចិត្ត ហើយនៅពេលប្ដេជ្ញាមានចំនួនតិចគូជាងនៅក្នុងកងចល័ត។

នៅក្នុងសម័យខ្មែរក្រហម ណុប មិនបានឃើញការសម្លាប់មនុស្សផ្ទាល់ទេ ប៉ុន្តែគាត់បានឮ និងដឹងពីការសម្លាប់មនុស្សរបស់អង្គការ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានឪពុកមារបស់ណុបម្នាក់ដែលអង្គការចាប់យកទៅសម្លាប់ ព្រោះគាត់គឺជាមន្ត្រីប៉ូលីសកាលពីរបបមុន។ ឪពុកមារបស់ណុប ត្រូវបានអង្គការចាត់តាំងឲ្យទៅនេសាទ រហូតដល់អង្គការទទួលបានជ័យជម្នះទាំងស្រុងទើបចាប់យកទៅសម្លាប់។

ក្រោយមក ណុប បានតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះ ព្រោះខ្មែរក្រហមបានធ្វើបាបប្រជាជន និងសម្លាប់មនុស្ស។ នៅពេលផ្ដល់បទសម្ភាសន៍ ណុប មានអាការឈឺឆ្អឹកខ្នង ឈឺជង្គង់ និងឈឺកជើង ដែលជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការរែកដីធ្ងន់ៗនៅក្នុងរបបខ្មែរក្រហម។ ដើម្បីព្យាបាលជំងឺ ណុប បានទិញថ្នាំពីមន្ទីរពេទ្យឯកជនយកមកលេបជាប្រចាំ និងជាមូលហេតុដែលធ្វើឲ្យគាត់ហើមខ្លួន រហូតដល់ទិញថ្នាំខ្មែរមកហូបបន្ថែម។

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin