ភាពខុសគ្នារវាងអ្នកជំងឺនៅទីក្រុង និងជនបទនៅក្នុងរបបខ្មែរក្រហម
អ្នកជំងឺនៅក្នុងរបបខ្មែរក្រហម មានភាពខុសគ្នារវាងនៅភ្នំពេញ និងនៅតាមជនបទ។ អ្នកជំងឺដែលទទួលបានការព្យាបាលនៅទីក្រុងភ្នំពេញពេលនោះភាគច្រើនគឺជាអ្នកដែលមានឋានៈតួនាទីធំៗនៅក្នុងរបបខ្មែរក្រហម យោធា និងកងទ័ព និងមានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះ។ ប្រសិនជាយើងនិយាយពីការព្យាបាលជំងឺ គឺមានស្តង់ដា និងមានការប្រើប្រាស់ថ្នាំត្រឹមត្រូវ។ ចំណែកឯអ្នកជំងឺនៅតាមបណ្ដាខេត្ត គឺជាប្រជាជនធម្មតា ហើយចំពោះការព្យាបាលវិញ គ្រូពេទ្យមិនសូវយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺត្រឹមត្រូវតាមស្តង់ដាឡើយ។ ខាងក្រោមនេះគឺជាការរៀបរាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិត ដែលមានតួនាទីជាគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម។
ញ៉ែម ខាន់[1] ហៅ ធឿន ភេទស្រី អាយុ៤១ឆ្នាំ (២០០៣) មានទីលំនៅ នៅភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ ញ៉ែម ស៊ឺ និងម្ដាយឈ្មោះ ចាន់ ចែម។ ខាន់ ចាប់ផ្ដើមចូលបដិវត្តន៍នៅឆ្នាំ១៩៧៦ ដោយការបង្ខំពីសំណាក់មេភូមិ។ ចាប់ផ្ដើមធ្វើការដំបូងក្នុងកងកុមារ នៅភូមិតាលាក់ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ខែម (ស្លាប់) មានតួនាទីជាមេឃុំ បានចាត់តាំងឲ្យ ខាន់ និងកុមារក្នុងកងរែកដីដំបូក។ បន្ទាប់មក នៅខែឧសភា ឆ្នាំ១៩៧៧ គណៈឃុំបានជ្រើសរើសប្រវត្តិរូបកុមារ២នាក់ យកទៅធ្វើជាគ្រូពេទ្យ នៅមន្ទីរពេទ្យដែលស្ថិតនៅក្នុងវត្តអង្គពណ្ណរាយ។ កុមារ២នាក់ ត្រូវបានជ្រើសរើសយក គឺមាន ខាន់ និង សាវ។ កុមារទាំង២ត្រូវបែកគ្នា បន្ទាប់ពី ខាន់ ត្រូវបានជ្រើសទៅគណៈមជ្ឈិម រីឯ សាវ គឺបន្តធ្វើការនៅមន្ទីរពេទ្យឃុំដដែល។ ពេលដែលទៅដល់ភ្នំពេញ គាត់បានសម្រាកនៅមន្ទីរ ផ-៥ រយៈពេល២ថ្ងៃ ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យ ៦-មករា។ ខាន់ បាននិយាយថាមន្ទីរ ផ-៥ គឺជាមន្ទីរពិសោធន៍ ដែលនៅក្នុងនោះមានភាគច្រើនជា ឆ្អឹង និងមានសាកសពស្រ្តីក្រមុំម្នាក់ ដែលតម្កល់ទុកនៅទីនោះសម្រាប់ធ្វើពិសោធន៍។ ខាន់ មិនហ៊ានសួរនាំច្រើនពីមន្ទីរពិសោធន៍នោះឡើយ ព្រោះគាត់ទើបតែទៅដល់ថ្មីៗ មិនទាន់ស្គាល់ស្និតស្នាលជាមួយគ្រូពេទ្យផ្សេងៗ។
បន្ទាប់ពីសម្រាកនៅមន្ទីរ ផ-៥ បាន២ថ្ងៃ ខាន់ ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ ៦-មករា មានទីតាំងស្ថិតនៅខាងជើងវត្តភ្នំ។ ខាន់ ធ្វើការនៅផ្នែកជំងឺទូទៅ ស្ថិតនៅអគារទី៤ ដែលមាន ហាន ជាប្រធានផ្នែក។ គាត់មិនទទួលបានការបង្រៀនពីវិជ្ជាជីវៈជាគ្រូពេទ្យជំនាញនោះទេ គាត់គ្រាន់តែទទួលបានចំណេះពីការចាក់ថ្នាំធម្មតាប៉ុណ្ណោះ។ ចំណេះដឹងនេះគាត់ទទួលបានតាំងពីគាត់ធ្វើការជាគ្រូពេទ្យនៅវត្តអង្គពណ្ណរាយមកម្ល៉េះ។ ក្នុងចំណុចនេះ យើងមើលឃើញថាគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម គឺពុំមានការរៀនតាមទ្រឹស្ដីទេ គឺបានអនុវត្តន៍ព្យាបាលផ្ទាល់ទៅលើអ្នកជំងឺ។
អ្វីដែល ខាន់ បានកត់សម្គាល់ឃើញរវាងការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ ៦-មករា និងអ្នកជំងឺនៅមន្ទីរពេទ្យជនបទ គឺមានភាពខុសគ្នាខ្លាំង។ បើនិយាយពីការប្រើប្រាស់ថ្នាំនៅមន្ទីរពេទ្យ ៦-មករា គឺជាប្រភេទថ្នាំដែលមានប្រភពច្បាស់លាស់ ហើយភាគច្រើនថ្នាំដែលប្រើប្រាស់គឺនាំចូលមកពីប្រទេសចិន។ ម្យ៉ាងវិញទៀត អ្នកជំងឺទាំងអស់គឺទទួលបានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ការព្យាបាលមានស្តង់ដាត្រឹមត្រូវជាងនៅជនបទ។ មន្ទីរពេទ្យ ៦-មករា បានបែងចែកជាផ្នែកៗ និងអគារដាច់ពីគ្នា អគារទី៤ជាអគារដែល ខាន់ ធ្វើការ ហើយអគារទី៤ទទួលព្យាបាលតែកងទ័ពដែលរងរបួសពីសមរភូមិ។ កងទ័ពដែលត្រូវរបួសភាគច្រើនបញ្ជូនមកពីភូមិភាគបូព៌ា[2] ព្រោះអំឡុងឆ្នាំ១៩៧៧ គឺចាប់ផ្ដើមមានការវាយប្រយុទ្ធនៅភូមិភាគបូព៌ា។
ប្រសិនជាយើងក្រឡេកទៅមើលការព្យាបាលអ្នកជំងឺនៅតាមទីជនបទវិញ គឺគ្រូពេទ្យស្ទើរតែ៨០% ដែលគ្មានវិជ្ជាជីវៈ ព្រោះនៅអំឡុងពេលរបបខ្មែរក្រហមកាន់អំណាច ខ្មែរក្រហមបានជ្រើសរើសយកប្រជាជនដែលមិនមានចំណេះដឹង ឲ្យធ្វើជាគ្រូពេទ្យ។ នៅអំឡុងពេលនោះមានបង្រៀនជំនាញពេទ្យដល់ប្រជាជនដែរ ប៉ុន្តែមានរយៈពេលខ្លី ត្រឹមតែ៣ខែ ទៅ៦ខែប៉ុណ្ណោះ បើមើលមកពេលបច្ចុប្បន្នវិញ គឺត្រូវចំណាយរយៈពេល៤-១០ឆ្នាំ សម្រាប់ការសិក្សា។ ពាក់ព័ន្ធនឹងថ្នាំសម្រាប់ព្យាបាលជំងឺ គឺប្រើប្រាស់តែថ្នាំដែលផ្សំឡើងពីរុក្ខជាតិ ឫសឈើ និងសំបកឈើផ្សេងៗ។ ចំពោះអ្នកជំងឺវិញ គឺមិនសូវទទួលបានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យឡើយ ជាពិសេសនោះគឺអ្នកជំងឺជាប្រជាជនថ្មី ឬប្រជាជន១៧មេសា។ អ្នកជំងឺមួយចំនួនធំត្រូវបានស្លាប់ដោយសារមិនមានការយកចិត្តទុកដាក់ព្យាបាល ហើយម៉្យាងវិញទៀតការព្យាបាលគឺមិនត្រូវនឹងប្រភេទជំងឺ។ ប្រជាជនថ្មីមិនត្រឹមតែមិនទទួលបានការព្យាបាលពីគ្រូពេទ្យបានដិតដល់នោះទេ ចំពោះការធ្វើការងារវិញក៏ត្រូវទទួលការងារដែលធ្ងន់ៗជាងប្រជាជនមូលដ្ឋាន។
ខាន់ បានប្រាប់បន្ថែមថា នៅក្នុងរបបខ្មែរក្រហមគ្រប់គ្រួសារទាំងអស់មិនសូវ បានជួបមុខគ្នាឡើយ ម្នាក់ៗត្រូវខិតខំធ្វើការងាររៀងខ្លួន។ ករណីប្រជាជនចង់ទៅលេងផ្ទះ ជួបជាមួយនឹងឪពុកម្ដាយ បងប្អូន គឺត្រូវស្នើសុំការអនុញ្ញាតពីអង្គការសិនទើបអាចទៅបាន ថ្វីត្បិតតែអង្គការបានអនុញ្ញាតឲ្យទៅផ្ទះមែន ប៉ុន្តែមិនបានញឹកញាប់ឡើយ។ នៅតាមជនបទអាចអំឡុងរយៈពេល ១ខែ ២ខែ ឬមានការប្រជុំរួមម្ដង(ថ្ងៃ១០ ថ្ងៃ២០) ប្រជាជនអាចទៅលេងផ្ទះម្ដង ចំណែកឯប្រជាជនដែលនៅភ្នំពេញវិញ គឺអាចឈានចូលដល់ឆ្នាំទើបបានទៅសួរសុខទុក្ខគ្រួសារ ហើយប្រជាជនមួយចំនួនអង្គការមិនអនុញ្ញាតឲ្យទៅលេងគ្រួសារក៏មាន។ ជាក់ស្ដែង ខាន់ ដែលមានតួនាទីជាគ្រូពេទ្យ ពេលនោះគាត់បានស្នើសុំអង្កការទៅស្រុកកំណើតដើម្បីសួរសុខទុក្ខម្ដាយឪពុក និងបងប្អូន ប៉ុន្តែគាត់ត្រូវបានអង្គការបដិសេធ។
ខាន់ បានវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ គឺនៅពេលដែលរបបខ្មែរក្រហមបានបញ្ចប់នៅខែមករា ឆ្នាំ១៩៧៩។ បន្ទាប់ពីទៅដល់ស្រុកកំណើត គាត់បានរស់នៅជុំជាមួយនឹងគ្រួសារ និងប្រកបរបរធ្វើស្រែចម្ការ។ ថ្វីត្បិតតែនៅក្នុងរបបខ្មែរក្រហម គាត់មានតួនាទីជាគ្រូពេទ្យពិតមែន ប៉ុន្តែបន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ គាត់មិនបន្តធ្វើជាគ្រូពេទ្យទៀតឡើយ។ ខាន់ គាត់បានបោះបង់តួនាទីជាគ្រូពេទ្យ ព្រោះគាត់គិតថា គាត់មិនមានជំនាញវិជ្ជាជីវៈជាគ្រូពេទ្យជំនាញត្រឹមត្រូវ៕
[1] ឯកសារលេខ TKI0013. សម្ភាសន៍ជាមួយ ញ៉ែម ខាន់ ដោយ រស់ សមពៅ និង អ៊ីសា ឧស្មាន. នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៣. មជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៣. «ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។»