អ្នកកាត់ដើមកំប្លោកយកមកស្លក្នុងសម័យខ្មែរក្រហម
ស៊ូស សម អាយុ៨២ឆ្នាំ (២០២៤) មានស្រុកកំណើតនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃ គាត់រស់នៅជាមួយកូនស្រី នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សម មានស្វាមីឈ្មោះ ជា ប៊ុន និងមានកូន៤នាក់ ស្រី៣នាក់។ ឪពុករបស់សម ឈ្មោះ ស៊ូស និងម្ដាយឈ្មោះ សែត។
សម បាននិយាយរឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ដល់អ្នកស័្មគ្រចិត្តកម្ពុជាថា ក្នុងរបបនោះគ្រួសាររបស់គាត់ត្រូវរស់នៅ និងធ្វើការនៅក្នុងភូមិពាយនាយ មិនបានជម្លៀសទៅកន្លែងផ្សេងៗនោះទេ។ សម ត្រូវបានកងឈ្លបខ្មែរក្រហមប្រើឲ្យទៅធ្វើការក្នុងកងចល័តឃុំ ត្រូវប្តូរពីកន្លែងមួយទៅមួយទៀតដើម្បីកាត់ដើមកំប្លោកយកទៅធ្វើម្ហូបនៅក្នុងរោងបាយ ជីកទំនប់ និងលើកប្រឡាយ ជាមួយនារីឈ្មោះស៊ីម និងឈ្មោះសៀម។ សម ឲ្យដឹងថា៖ “ក្នុងរបបខ្មែរក្រហម ចុងភៅបានកាត់ដើមកំប្លោកជាកង់ៗ ដើម្បីយកទៅធ្វើជាបន្លែសម្រាប់ស្ល។ ខ្ញុំបាននិយាយបែបលេងសើចជាមួយខ្មែរក្រហមថា ប្រសិនបើមានកន្ទក់ដាក់តែបន្តិចនឹងក្លាយជាបបរឲ្យជ្រូកស៊ី។ ឮដូច្នេះកងឈ្លបខ្មែរក្រហមបានយកខ្ញុំទៅដាក់គុកអស់កន្លះថ្ងៃ”។
អំឡុងពេលកាត់ដើមកំប្លោក សម ត្រូវត្រាំនៅក្នុងទឹក។ ក្នុងមួយថ្ងៃ គាត់ត្រូវកាត់ដើមកំប្លោកឲ្យបានចំនួន១បាវសម្រាប់ឲ្យចុងភៅនៅរោងបាយយកទៅស្ល។ គាត់ក៏ធ្លាប់ត្រូវកងឈ្លបខ្មែរក្រហមប្រើឲ្យចិញ្ចឹមទារាប់រយក្បាលជាមួយយុវនារីឈ្មោះ វ៉ន។ ការងារចិញ្ចឹមទាមានភាពងាយស្រួលជាងការងារកាត់ដើមកំប្លោក។ សម ចិញ្ចឹម និងកៀងទាដោយប្រុងប្រយ័ត្នបំផុតខ្លាចទាចុះជាន់ និងស៊ីស្រូវតាមវាលស្រែ ដែលអាចធ្វើឲ្យគាត់ប្រឈមនឹងការដាក់ទណ្ឌកម្ម។ នៅពេលសម្រាក គាត់ត្រូវកើបអាចម៌ទាទុកដាក់ដំណាំ និងបន្លែបង្ការផ្សេងៗ។ នៅក្នុងរបបខ្មែរក្រហម សម ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមសម្លាប់ប្រជាជនជម្លៀសមកពីភ្នំពេញទាំងគ្រួសារៗ ពេលដែលប្រជាជនទាំងនោះទើបជម្លៀសមកដល់ថ្មីៗ។
ក្នុងរបបខ្មែរក្រហម បងប្រុសរបស់ សម ពីរនាក់ត្រូវបានខ្មែរក្រហមសម្លាប់ ដែលបងប្រុសម្នាក់ទើបមកពីប្រទេសបារាំង និងម្នាក់ទៀតជាអ្នកដាំបាយនៅមូលដ្ឋាន។ ចំណែកក្មួយប្រុសរបស់ សម បានស្លាប់ដោយសារលង់ទឹកទន្លេនៅពេលទៅធ្វើជាទាហានខ្មែរក្រហម។ បច្ចុប្បន្ន សម ឧស្សាហ៍វិលមុខ និងខ្យល់ ដោយសារតែគាត់មិនសូវឃ្លានអាហារ៕
សម្ភាសន៍ដោយ ជួប រក្សា ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥