សម្លាប់មនុស្សយកទៅសង់ទន្លេបាទី

(ក្រចេះ)៖ ឈួន សាង ភេទស្រី អាយុ៨១ឆ្នាំ មានស្វាមីឈ្មោះ ព្រឿង និងមានកូន៦នាក់។ បច្ចុប្បន្ន សាងរស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គាត់មានបងប្អូន៥នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៣នាក់។ សាង និងស្វាមីបានរៀបការតាំងពីរបបខ្មែក្រហមមិនទាន់ឡើងកាន់អំណាច។

ឈានចូលដល់របបខ្មែរក្រហម សាង ជាប្រជាជនថ្មី ដែលត្រូវបានយោធាខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញ ទៅខេត្តកណ្ដាល។ ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកទាំងឡាយណាដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។

នៅក្នុងរបបខ្មែរក្រហម សាង មានអាយុប្រហែលជា៣០ឆ្នាំ។ គាត់បានបែកពីឪពុកម្ដាយ ទៅរស់នៅជាមួយនឹងស្វាមី។ ការងារដែលគាត់ធ្វើនៅក្នុងរបបខ្មែរក្រហមគឺ ធ្វើស្រែ ហើយប្ដីរបស់គាត់គឺឡើងត្នោត។ ជារៀងរាល់ថ្ងៃ សាង ត្រូវចេញទៅធ្វើការនៅសហករណ៍តាំងពីព្រឹក រហូតដល់ល្ងាចម៉ោង៦ ទើបបានត្រលប់ទៅសម្រាក។

សាង ធ្លាប់បានឮពាក្យមួយឃ្លា ដែលប្រជាជនតែងតែនិយាយគ្នាថា៖ «សម្លាប់មនុស្សយកទៅសង់ទន្លេបាទី» ។ គាត់ធ្លាប់បានឃើញយោធាខ្មែរក្រហមចាប់មនុស្សយកទៅសម្លាប់ ប៉ុន្តែរូបគាត់មិនបានដឹងទេថា យោធាខ្មែរក្រហមសម្លាប់មនុស្សដោយរបៀបណាឡើយ ដោយគ្រាន់តែឃើញពេលចាប់ទៅដំបូង គឺចងស្លាបសេក និងរុំក្រមាបិទមុខ។ អង្គការ តែងតែនាំខ្លួនប្រជាជនទៅ ហើយមិនដែលឃើញអ្នកទាំងនោះត្រលប់មកកាន់​សហករណ៍វិញឡើយ ដូច្នេះ ទើបប្រជាជនដទៃទៀត សន្មតថាអង្គការយកមនុស្សទៅសម្លាប់។

មកដល់ពេលបច្ចុប្បន្ន រឿងរ៉ាវដែលគាត់ចងចាំជាងគេក្នុងរបបខ្មែរក្រហមគឺ យោធាខ្មែរក្រហមបានចាប់យកប្រជាជនស្លូតត្រង់ជាច្រើននាក់ទៅសម្លាប់។ រឿងម៉្យាងទៀតដែលគាត់ចងចាំ គឺមានប្រជាជននៅក្នុងសហករណ៍ដូចគ្នាទិតៀន ដោយសារតែគាត់លួចបេះស្លឹកបាសយកទៅស្ល ហើយអង្គការបានយកគាត់ទៅកសាង។ ចំណែកឯប្ដីរបស់គាត់ ត្រូវបានអង្គការចាប់យកទៅកសាង គឺដោយសារតែពេលនោះប្រធានកងរបស់ ព្រឿង បានចាត់តាំងឲ្យគាត់ទៅជីកដំឡូង ហើយគាត់មិនទាន់ទៅតាមបញ្ជា ប្រធានកងបានស្ដីបន្ទោសជាខ្លាំង។

បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយ ដូចជា ថ្លើម ខ្សោយភ្នែក ឈឺក្បាលជង្គង់ និងតម្រងនោម៕

សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin