ការជិះជាន់ប្រជាជនក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ស្ទឹងត្រែង)៖ សាយ ហួន ភេទប្រុស មានអាយុ ៦១ឆ្នាំ។ ហួន មានភូមិកំណើតនៅភូមិព្រះរំកិល និងមានទីលំនៅបច្ចុប្បន្ននៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ហួន មានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។

នៅឆ្នាំ១៩៦៨ ហួន ចងចាំថា សម្ដេចព្រះ នរោត្តម សីហនុ បានយាងចែកអំណោយនៅភូមិព្រះរំកិល។ នៅឆ្នាំ១៩៧០ ក្រោយពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅភូមិព្រះរំកិលក៏មានការទម្លាក់គ្រាប់បែករហូតដល់ឆ្នាំ១៩៧៣ ដែលបណ្ដាលឲ្យផ្ទះរបស់ហួនខូចខាត។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ភូមិព្រះរំកិល និងគាបសង្កត់ប្រជាជន ដោយឲ្យរស់នៅរួម ធ្វើការរួម និងហូបរួម។ ខ្មែរក្រហមចែកជាកងចល័តបុរស និងកងចល័តនារី ដោយមិនឲ្យរស់នៅជាមួយគ្នានោះទេ។

នៅអាយុ ១៣ឆ្នាំ ហួន ត្រូវរស់នៅតាមសហគមន៍ និងធ្វើការតាមកងចល័តបុរសដែលមានសមាជិក៣០នាក់។ ហួន ត្រូវធ្វើការទាំងថ្ងៃទាំងយប់ និងហូបចុកមិនគ្រប់គ្រាន់។ គាត់គ្មានសិទ្ធិប្រកែកឬតវ៉ាជាមួយខ្មែរក្រហមនោះទេ។ ហួន និយាយថាអ្នកដែលប្រកែក នឹងត្រូវបាត់ខ្លួន ហើយសូម្បីតែប្រពន្ធកូនក៏មិនអនុញ្ញាតឲ្យយំនោះទេ។ ចំណែក ហួន ត្រូវធ្វើការទាំងមានជំងឺគ្រុន។ ហួន បន្តថា បើគាត់មិនទៅធ្វើការ មេកងនឹងរាយការណ៍ប្រាប់អង្គការ នោះគាត់ប្រាកដជាបាត់ខ្លួនមិនខាន។ នៅពេលធ្វើការ ហួន ក៏សុំមេកងទៅបត់ជើង ដើម្បីបានលួចទៅបេះស្លឹកជីភ្លូ និងផ្លែត្របែកព្រៃហូប។

ជារៀងរាល់ថ្ងៃ នៅម៉ោង៥ព្រឹក បន្ទាប់ពីឮសំឡេងជួង ហួន ត្រូវចេញទៅធ្វើការដូចជាច្រូតស្រូវ, ស្ទូងស្រូវ, លើកទំនប់, ជីកប្រឡាយ និងធ្វើស្រែប្រាំងរហូតដល់ម៉ោង១១ព្រឹក ទើបបានហូបបបរនៅរោងបាយ។ នៅរោងបាយ ខ្មែរក្រហម កំណត់ឲ្យម្នាក់ៗហូបតែបបរមួយវែកប៉ុណ្ណោះ។ នៅម៉ោង១រសៀល គាត់ត្រូវទៅធ្វើការបន្តរហូតដល់ម៉ោង៥ល្ងាច ទើបហូបបបរម្តងទៀត។ ហូបរួច ហួន ត្រូវធ្វើការបន្តពីម៉ោង៦យប់រហូតដល់ម៉ោង១០យប់ ទើបបានសម្រាក។

ប្អូនរបស់ហួន ត្រូវបានខ្មែរក្រហមជម្លៀសទៅអូរស្វាយ តំបន់១០៤ ចំណែក ហួន រស់នៅខាងព្រះរំកិល តំបន់១០៣។ ហួន និយាយថា ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់បានទៅជួបប្អូននោះទេ។ ប្រសិនបើគាត់ឆ្លងទៅជួបប្អូន ប្រាកដជាត្រូវខ្មែរក្រហមនៅតំបន់១០៤ យកទៅសម្លាប់។ ចំណែកគ្រួសារបងរបស់គាត់វិញ ត្រូវខ្មែរក្រហមយកទៅសម្លាប់ ដោយសារបងគាត់លួចទុកបាយឲ្យកូនហូប។  ហួន ដឹងទៀតថា មានស្រ្តីម្នាក់ និងបុរសប្រាំនាក់មកពីក្រុងភ្នំពេញ ដែលមានបំណងភៀសខ្លួនទៅប្រទេសឡាវ ត្រូវបានកងឈ្លបខ្មែរក្រហមបីនាក់ វាយសម្លាប់ដោយប្រើដំបងដើមសង្កែ។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស ហួន ទៅកោះស្រឡាយ និងរៀបការឲ្យ ហួន ក្នុងពេលតែមួយ ជាមួយបុរសស្រ្តីប្រាំបីគូផ្សេងទៀត។ នៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្ដួលរំលំរបបខ្មែរក្រហម ហួន ក៏បានរើមករស់នៅភូមិវើនសៀន ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ អ្វីដែល ហួន ចងចាំមិនភ្លេចពីរបបខ្មែរក្រហម គឺការហូបចុក និងសម្រាកមិនគ្រប់គ្រាន់, ការព្រាត់ប្រាសក្រុមគ្រួសារ និងការជិះជាន់ដោយខ្មែរក្រហម៕

សម្ភាសដោយ ស្រេង ករុណា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin