ឈុំ យ៉ា៖ ជាគ្រូពេទ្យស្រុកត្រាំកក់ខេត្តតាកែវ

ឈុំ យ៉ា[1] អាយុ៤៦ឆ្នាំ(២០០៣) រស់នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ យ៉ា មានម្ដាយឈ្មោះ ញឹម ផៅ ហើយឪពុកឈ្មោះ ឈុំ មឺង និងមានបងប្រុស៣នាក់ឈ្មោះ ឈុំ ជី, ឈុំ ជឿន និងឈុំ ជិន។ កាលពីក្មេង ជីវភាពគ្រួសាររបស់យ៉ា មិនសូវធូរធារប៉ុន្មានទេ ព្រោះឪពុករបស់គាត់បានទៅរស់នៅជាមួយប្រពន្ធម្នាក់ទៀតនៅខេត្តបាត់ដំបង។ មួយវិញទៀត ម្ដាយរបស់យ៉ា ព្យាយាមបញ្ជូនកូនៗឲ្យបានរៀនទាំងអស់ ទើបមិនសូវសល់ប្រាក់កាស។ បងរបស់យ៉ា ម្នាក់ធ្វើការងារនៅឥទានជាតិ ហើយបងបន្ទាប់មកទៀត ប្រឡងជាប់គ្រូ និងបងឈ្មោះ ជិន រៀនបានត្រឹមថ្នាក់ទី៦។
នៅក្នុងសម័យ លន់ នល់ បងរបស់យ៉ា ទាំង៣នាក់បានចូលបដិវត្តន៍ និងមាននាទីក្នុងសម័យខ្មែរក្រហម។ បងទី១ឈ្មោះ ជឿន មាននាទីជាប្រធានសិល្បៈតំបន់ រួចបន្តទៅភូមិភាគ និងចុងក្រោយធ្វើការក្នុងបុស្ដវិទ្យុ នៅមជ្ឈិម។ តាមរយៈសម្ដីអ្នកធ្វើការងារជាមួយគ្នាថា ជឿន ស្លាប់ដោយសារជំងឺគ្រុនចាញ់, អ្នកខ្លះថាលាប់ជំងឺ, ហើយមួយចំនួនទៀតថាស្លាប់នៅក្នុងលេណដ្ឋានដោយសារគ្រាប់បែកធ្លាក់ត្រូវ និងអ្នកផ្សេងទៀតថាក្បត់អង្គការ។ ចំពោះការស្លាប់របស់បងប្រុស យ៉ា យល់ថាមកពីមានអ្នកធ្វើការងារជាមួយច្រណែនបងគាត់ ទើបរាយការណ៍ថាបងរបស់គាត់ក្បត់អង្គការ។
បងម្នាក់ទៀតឈ្មោះ ជិន បានចូលបដិវត្តន៍ដំបូងក្នុងឆ្នាំ១៩៧១ មានតួនាទីជានីរសាររបស់គណៈតំបន់កំពង់ស្ពឺ។ នៅឆ្នាំ១៩៧៣ ជិន ចេញទៅនៅមន្ទីរ ២០៤ ដែលជាកន្លែងឃុំឃាំងអ្នកទោស ហើយឆ្នាំ១៩៧៥ ទើបចេញទៅធ្វើទ័ពនៅ លង្វែក។ នៅលង្វែក ជិន បានរៀបការជាមួយឈ្មោះ រ៉ង ជាពេទ្យប្រចាំកងទ័ព។ បន្ទាប់ពីរៀបការរួច គ្រួសារជិន បានផ្លាស់ទៅស្រុកស្នួល ក្នុងតួនាទីជាគណៈស្រុក[2] (តំបន់៥០៥) ខេត្ដក្រចេះ។ ពេលនៅធ្វើជានីរសារ និងធ្វើទ័ពនៅលង្វែក ជិន ឧស្សាហ៍ទៅលេងម្ដាយនៅផ្ទះ ប៉ុន្តែដល់ពេលគាត់ទៅនៅស្រុកស្នួល ជិន ទៅយកម្ដាយ និងយ៉ា ទៅលេងគាត់បានម្ដង។ យ៉ា មិនបានរៀបរាប់អំពីបងឈ្មោះ ជី នោះទេ ប៉ុន្តែគាត់បានរៀបរាប់អំពីការងាររបស់គាត់នៅពេលចូលបដិវត្តន៍។
យ៉ា គឺជាកូនស្រីពៅនៅក្នុងគ្រួសារ ហើយគាត់បានចេញទៅធ្វើបដិវត្តន៍នៅឆ្នាំ១៩៧៣ នៅមន្ទីរសិល្បៈតំបន់ជាមួយបងឈ្មោះ ជឿន។ យ៉ា នៅមន្ទីរសិល្បៈតំបន់បានមួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យទៅរៀនពេទ្យរយៈពេលមួយឆ្នាំទៀត នៅមន្ទីរ១០៩ ជិតត្រពាំងទឹម ក្នុងព្រៃ។ ពេលរៀនចប់ យ៉ា ចូលទៅធ្វើជាប្រធានពេទ្យឃុំសំរោង។ ដល់ឆ្នាំ១៩៧៥ អង្គការចាត់តាំង យ៉ា ឲ្យទៅរៀនពេទ្យនៅទីក្រុងភ្នំពេញមួយឆ្នាំទៀត ទើបបញ្ជូនទៅធ្វើជាពេទ្យស្រុកនៅត្រពាំងគល់ ស្រុកត្រាំកក់។ នៅក្នុងមន្ទីរពេទ្យ យ៉ា មាននាទីជាអ្នកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ និងដើរព្យាបាលជំងឺតាមផ្ទះប្រជាជន។ នៅពេលចុះតាមផ្ទះ យ៉ា បានឮអំពីការសម្លាប់មនុស្សនៅក្នុងមន្ទីរសន្តិសុខគុកក្រាំតាចាន់[3] តាមរយៈអ្នកធ្វើការងារឡើងត្នោត ប៉ុន្តែគាត់មិនដែលឃើញដោយផ្ទាល់ភ្នែកនោះទេ គឺឃើញតែបណ្ដើរមនុស្សចូល។ មួយវិញទៀត យ៉ា ក៏បានដឹងអំពីការលំបាករបស់ប្រជាជន ដែលធ្វើការងារហួសកម្លាំង និងខ្វះខាតអាហារហូបចុក។
នៅឆ្នាំ១៩៧៧ យ៉ា បានរៀបការជាមួយយោធាម្នាក់។ បន្ទាប់ពីរៀបការរួច អង្គការបានប្ដូរប្ដីរបស់យ៉ា ទៅធ្វើការនៅមន្ទីរសម្ភារ ហើយ យ៉ា ក៏ធ្វើពេទ្យប្រចាំការនៅមន្ទីរសម្ភារដូចគ្នា។ នៅមន្ទីរសម្ភារ មានប្រើប្រាស់ថ្នាំយកមកពីប្រទេសចិន និងថ្នាំស្លខ្លួនឯងនៅក្នុងមន្ទីរពេទ្យ។ ថ្នាំដែលស្លនៅក្នុងមន្ទីរពេទ្យគឺប្រើសម្រាប់ជំងឺធម្មតា ប៉ុន្តែប្រសិនបើរបួសធ្ងន់គឺត្រូវប្រើថ្នាំយកមកពីប្រទេសចិន។ ពេលធ្វើការងារនៅក្នុងមន្ទីរពេទ្យ យ៉ា ធ្លាប់ឃើញឈ្មោះ សី ពេទ្យតំបន់ រួមជាមួយប្រពន្ធឈ្មោះបូ និងឈ្មោះ កង មានតួនាទីជាពេទ្យខាងភូមិភាគ ចុះមកទស្សនកិច្ចក្នុងមន្ទីរពេទ្យ និងសំណេះសំណាលជាមួយអ្នកជំងឺ។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ ជិន បានជិះឡានទៅយកម្ដាយ និងយ៉ា ពីមន្ទីរពេទ្យឃុំ ទៅទីក្រុងភ្នំពេញ ហើយចេញពីភ្នំពេញទៅស្រុកស្នួល ខេត្តក្រចេះ តាមរយៈការជិះកាណូត។ យ៉ា និងម្ដាយ បានរស់នៅជាមួយគ្រួសារជិន រយៈពេលមួយខែ ទើបត្រលប់ទៅតាកែវវិញ។ យ៉ា បានឲ្យដឹងថា ពេលធ្វើដំណើរត្រលប់ទៅតាកែវវិញ ជិន មិនបានជួនទៅផ្ទាល់ទេ គឺគាត់ឲ្យវៀតណាម៥នាក់ នាំម្ដាយឡើងទៅទីក្រុងភ្នំពេញ និងបន្តទាក់ទងទៅអ្នកនិរតីឲ្យយកឡាន ទៅយកម្ដាយនិងប្អូន ពីផ្ទះសំណាក់ទៅខេត្តតាកែវវិញ។ យ៉ា ត្រលប់មកផ្ទះបាន១សប្ដាហ៍[4] គាត់បានទទួលដំណឹងថា អង្គការចាប់ ជិន យកទៅរៀនសូត្រ។ យ៉ា បានត្រលប់មកធ្វើការវិញបានប្រមាណ១ខែ ស្រាប់តែមានកងទ័ពវៀតណាម ចូលមករំដោះប្រជាជននៅក្នុងឃុំ[5]។
បន្ទាប់ពីខ្មែរក្រហមដួលរលំ យ៉ា រស់នៅជាមួយម្ដាយ។ យ៉ា យល់ថា បងៗរបស់គាត់ទាំង៣នាក់ បានស្លាប់ទៅហើយ ប៉ុន្តែគាត់នៅតែចាំមើលផ្លូវ ហើយអារម្មណ៍នៅតែសោកស្ដាយបងប្រុស។ យ៉ា យល់ថា នៅក្នុងរបបខែ្មរក្រហម មានទាំងចំណុចអាក្រក់ និងចំណុចល្អ។ ចំណុចល្អនោះគឺ អង្គការប្រើប្រជាជនឲ្យជីកស្រះ, ត្រពាំង និងប្រឡាយ ហើយចំណុចអាក្រក់ត្រង់ថាមិនឱ្យប្រជាជនហូបឆែ្អត, វិន័យតឹងរឹង និងសម្លាប់មនុស្ស។ មួយវិញទៀត យ៉ា នៅតែឆ្ងល់ថា អ្នកដែលខិតខំធ្វើការងារដោយស្មោះជូនអង្គការ ជាចុងបញ្ចប់ទៅជាអ្នកក្បត់ទាំងអស់។
អត្ថបទដោយ ភា រស្មី
[1] ឯកសារលេខ TKI0067, ករណីឈុំ ជិន, សម្ភាសជាមួយឈ្មោះ ឈុំ យ៉ា ត្រូវជាប្អូនស្រី ដោយអ៊ីសា ឧស្មាន ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៣។
[2] ឯកសារលេខ K07414, ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ឈុំ ចិន ហៅភ័ន, មាននាទីជាលេខាស្រុកស្នួល តំបន់៥០៥។ ចិន មានប្រពន្ធឈ្មោះ ទុយ រ៉ង មានស្រុកកំណើតនៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
[3] លេខ /N0: D427, ដីកាដំណោះស្រាយ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ទំព័រ ១៦១ និងទំព័រ ១៦២។
[4] ឯកសារលេខ K07414, ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ឈុំ ចិន ហៅភ័ន, ត្រូវបានអង្គការឃាត់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៨។
[5] ប្រវត្តិវិទ្យា ថ្នាក់ទី៦, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា៖ ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥) ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា៖ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅក្នុងផែនទីបានបង្ហាញថា ខេត្តតាកែវ ត្រូវបានរំដោះនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៧៩។