ង៉ែត ប៉ៃ៖ អង្គការរើសអើង ប្រជាជនថ្មី
ង៉ែត ប៉ៃ អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ប៉ៃ រៀបការតាំងពីសម័យសម្ដេច សីហនុ ប៉ុន្តែគាត់មិនមានកូននោះទេ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ ប៉ៃ ទៅដល់ វាលវង់ ខេត្តពោធិ៍សាត់ ជិតភ្នំរការ និងភ្នំរាមរៃ ជាប់ខេត្តបាត់ដំបង ជាមួយប្រជាជនថ្មីផ្សេងទៀត។ ប៉ៃ ធ្វើការងារនៅវាលវង់មួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យមកដូនអី ក្ដីខ្វាវ ជិតទីរួមខេត្តពោធិ៍សាត់។
នៅខេត្តពោធិ៍សាត់ អង្គការបានចាត់តាំង ប៉ៃ ឲ្យចូលធ្វើស្រែ ចម្ការ និងលើកទំនប់ ជីកប្រឡាយនៅក្នុងក្រុមកងចល័ត ហើយប្ដីរបស់គាត់ធ្វើការងារឡើងត្នោត។ នៅក្នុងកងចល័ត ប៉ៃ ធ្វើការងារដាំពោត, ដំឡូង, ដកសំណាប, ស្ទូងស្រូវ, ច្រូតស្រូវ, រែកដី និងកាប់ដី។ នៅរដូវធ្វើស្រែ ក្នុងមួយថ្ងៃ ប៉ៃ ត្រូវដកសំណាបឲ្យបាន៣ផ្លូន រួចយកទៅស្ទូងឲ្យបានប្រវែងទទឹង១០ម៉ែត្រ និងបណ្ដោយ១០០ម៉ែត្រ។ នៅរដូវប្រាំង ប៉ៃ ត្រូវធ្វើការងារលើកទំនប់ ឬជីកប្រឡាយ ឲ្យបាន២ម៉ែត្រគូបក្នុងមួយថ្ងៃ។
ជារៀងរាល់ថ្ងៃ ប៉ៃ ត្រូវក្រោកទៅធ្វើការងារតាំងពីម៉ោង៤ភ្លឺ រហូតដល់ម៉ោង៩យប់ ដោយគាត់អាចសម្រាកហូបអាហារបានពីរពេលក្នុងមួយថ្ងៃ។ នៅក្នុងអាហារមួយពេលៗ ប៉ៃ ទទួលបានភាគច្រើនគឺបបររាវ មួយចាន ហូបជាមួយសម្លរួមមួយចាន សម្រាប់សមាជិក៤នាក់។ ប៉ៃ បានឲ្យដឹងថា នៅពេលដែលដាច់ស្បៀងខ្លាំង បបរមួយខ្ទះអង្គការដាក់អង្ករតែ៣កំប៉ុង លាយជាមួយត្នោត។ ពេលហូបអាហាររួច មានអ្នកមកសួរថាឆ្អែតឬទេ បើនរណាឆ្លើយថាមិនឆ្អែត គឺនឹងត្រូវយកទៅសម្លាប់ចោល។ នៅពេលហូបអាហារ អង្គការបែងចែកឲ្យប្រជាជនថ្មីហូបមួយក្រុម និងប្រជាជនមូលដ្ឋានមួយក្រុម។
ក្រៅពីការហូបអាហារ ប្រជាជន១៧ មេសា ត្រូវបានអង្គការរើសអើង មិននិយាយជាមួយ និងបែងចែកឲ្យធ្វើការងារធ្ងន់ៗជាងប្រជាជនមូលដ្ឋាន។ នៅក្នុងសហករណ៍ ប្រជាជនថ្មីមិនអាចឈប់សម្រាកពីការងារនៅពេលដែលមានជំងឺ និងមិនអាចឲ្យប្រជាជនផ្សេងទៀត យកអាហារទៅឲ្យនៅផ្ទះ ពេលដែលដើរមិនរួចទេ។ ប្រសិនបើមិនចង់ស្លាប់ អ្នក១៧ មេសា ត្រូវក្រោកទៅធ្វើការងារ និងទៅយកអាហារដោយខ្លួនឯង។ មួយវិញទៀត នៅពេលយប់ មានកងឈ្លបទៅស៊ើបការណ៍ក្រោមផ្ទះប្រជាជន ហើយប្រសិនបើមានអ្នកនិយាយមិនល្អពីអង្គការនឹងត្រូវយកទៅសម្លាប់ចោល។
ប៉ៃ មិនធ្លាប់ឃើញអង្គការសម្លាប់មនុស្សទេ ប៉ុន្តែគាត់ធ្លាប់ឃើញកងឈ្លបបណ្ដើរមនុស្ស៣ ទៅ៤នាក់ ចូលទៅក្នុងព្រៃ និងមិនដែលឃើញអ្នកទាំងនោះត្រលប់មកវិញទេ។ មួយវិញទៀត ប៉ៃ ធ្លាប់ដើរជួបសាកសពអ្នកស្គាល់គ្នា ឬក៏សពប្រជាជនផ្សេងទៀតជាច្រើននាក់ ដែលអង្គការសម្លាប់ហើយទុកចោល ប៉ុន្តែគាត់មិនខ្លាចនោះទេ។ អ្វីដែល ប៉ៃ ខ្លាចគឺសត្វខ្លា និងសត្វផ្សេងៗនៅក្នុងព្រៃ និងខ្លាចអង្គការយកគាត់ទៅសម្លាប់។
ប៉ៃ បានឲ្យដឹងថា គាត់ធ្លាប់បានចូលរួមស្ដាប់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តខ្លាំងចំពោះការកាត់ទោសនេះ។ នៅពេលផ្តល់បទសម្ភាសដល់អ្នកស្ម័គ្រចិត្ត ប៉ៃ មានជំងឺឈឺចង្កេះ ឈឺចាក់ក្នុងខ្លួន និងហូបបាយមិនសូវបាន។ ប៉ៃ មិនបានទៅពិនិត្យសុខភាពនោះទេ ព្រោះគាត់ខ្វះខាតថវិកា ប៉ុន្តែគាត់បានទិញថ្នាំសរសៃប្រើប្រាស់ជាញឹកញាប់ ដើម្បីឲ្យគាត់អាចដើរបាន។ ប៉ៃ យល់ថាជំងឺរបស់គាត់បណ្ដាលមកពីការធ្វើការងារធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៧ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៣ ខែឧសភា ២០២៥