ឆឹង ហៃ៖ ហូបស្លឹកផ្ទីរោលភ្លើង ជំនួសអាហារ
ឆឹង ហៃ អាយុ៥៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ហៃ មានបងប្អូនចំនួន៣នាក់។ ឪពុករបស់ហៃបានស្លាប់តាំងពីគាត់នៅក្មេង ហើយម្ដាយរបស់គាត់មានជំងឺបេះដូងជាប្រចាំ។ ពេលរស់នៅជាមួយម្ដាយ ហៃ បានជួយកួកច្របាច់ឲ្យម្ដាយ ដើម្បីសម្រួលខ្លួននៅពេលដែលជំងឺបេះដូងរើឡើងម្ដងៗ។ ក្រោយមក អង្គការបានបញ្ជូន ហៃ ឲ្យទៅរស់នៅក្នុងកងកុមារ និងធ្វើការងារ ប្រមូលអាចម៍គោ និងធ្វើជី ជាមួយកុមារជាច្រើននាក់ផ្សេងទៀតនៅក្នុងភូមិ។
នៅថ្ងៃមួយ ហៃ និងមិត្តម្នាក់ឈ្មោះ ជួន បានទៅធ្វើការងារយឺតពេលវេលា។ ពេលទៅដល់ ប្រធានកងបានចាប់អ្នកទាំងពីរចងស្លាបសេក រួចបណ្ដើរយកទៅសម្លាប់ដោយទម្លាក់ក្នុងស្រះខាងកើតភូមិ។ នៅតាមផ្លូវ ហៃ មានការភ័យខ្លាចយ៉ាងខ្លាំង និងអង្វរសុំក្ដីមេត្តាពីអង្គការ រហូតត្រូវបានដោះលែងមកវិញ។ នៅពេលដែលរួចពីចំណង ហៃ និងជួន បានរត់ទៅធ្វើការងារជាមួយកុមារផ្សេងទៀតតាមធម្មតា ប៉ុន្តែគាត់មិនបានទទួលរបបអាហារទេនៅក្នុងថ្ងៃនោះ។
នៅម៉ោងហូបអាហារ ហៃ បានទៅបេះស្លឹកផ្ទី យកមកដុតហូប ដើម្បីចម្អែតក្រពះ។ ការបង្កាត់ភ្លើងរបស់ ហៃ មិនបានប្រើដែកកេះ ឬឈើគូសនោះទេ គឺគាត់យកសំឡីគ និងកម្ទេចឬស្សីដាក់លាយជាមួយគ្នា រួចយកអំបែកចានពីរមកទង្គិចជាមួយគ្នារហូតដល់បែកផ្កាភ្លើង ធ្លាក់ទៅចំសំឡីគ រួចភ្លើងឆេះឡើង។ នៅពេលដែលហូបស្លឹកផ្ទីរោលភ្លើងរួច ហៃ និងជួន រត់ទៅធ្វើការងារវិញធម្មតា។
ក្រោយមក ហៃ បានទទួលដំណឹងថាជំងឺរបស់ម្ដាយគាត់រើឡើង ហើយអង្គការបញ្ជូនគាត់ទៅព្យាបាលជំងឺនៅពេទ្យអកយំ។ ពេលដឹងដូច្នេះ ហៃ បានឆ្លៀតពេលសម្រាកថ្ងៃត្រង់ ទៅមើលម្ដាយនៅពេទ្យ ប៉ុន្តែពេលទៅដល់ម្ដាយរបស់គាត់បានប្រាប់ឲ្យគាត់យកកន្ទេល, មុង ភួយត្រលប់ទៅផ្ទះវិញមុន ហើយម្ដាយរបស់គាត់នៅចាក់ថ្នាំមួយម្ជុលចុងក្រោយ។ ពេលឮដូច្នេះ ហៃ បានប្រញាប់ប្រញាល់ធ្វើតាមសម្ដីម្ដាយ ព្រោះគាត់ខ្លាចត្រូវពិន័យ ដោយសារទៅធ្វើការមិនទាន់ពេលវេលាម្ដងទៀត។ នៅពេលល្ងាច បន្ទាប់ពីបញ្ចប់ការងារប្រចាំថ្ងៃ ហៃ បានរត់ទៅរកមីងម្នាក់ឈ្មោះ នេន ដើម្បីឲ្យគាត់ជួយជូនទៅមើលម្ដាយនៅផ្ទះ ប៉ុន្តែពេលទៅជួប មីនេន ប្រាប់គាត់ថាម្ដាយរបស់គាត់ស្លាប់បាត់ទៅហើយ។ នេន បាននិយាយថា បន្ទាប់ពីម្ដាយរបស់ហៃ ចាក់ថ្នាំរួច គាត់ចាប់ផ្ដើមមានអាការប្រកាច់រហូតដល់ស្លាប់ ហើយសាកសពគាត់ ត្រូវអង្គការបញ្ជូនយកទៅដាក់ក្នុងមន្ទីរ ង ទៅហើយ។ ពេលឮដូច្នេះ ហៃ មិនជឿសម្ដី មីងនេន នោះទេ ព្រោះគាត់ទើបតែបានជួបម្ដាយអំឡុងពេលថ្ងៃ ហើយសុខភាពរបស់គាត់ល្អប្រសើរ។ ក្រោយមក ហៃ បានទៅមើលសពម្ដាយនៅមន្ទីរ ង និងបានយកក្រមាទៅគ្របលើសពម្ដាយ ប៉ុន្តែឈ្មោះស៊ីម បដិសេធចំពោះសកម្មភាពរបស់ ហៃ រួចលើកសពម្ដាយរបស់គាត់ទៅកប់នៅទួលង៉ែត ឯព្រែកខាងជើង។
នៅខែមករា ឆ្នាំ១៩៧៩ អង្កការខ្មែរក្រហមបានចាញ់សង្គ្រាម និងរត់ភៀសខ្លួនទៅខេត្តភាគខាងលិច ហើយប្រជាជនទាំងអស់នៅក្នុងភូមិ រួមទាំង ហៃ មានសិទ្ធសេរីភាពឡើងវិញ។ ហៃ បានឲ្យដឹងថា គាត់សប្បាយរីករាយណាស់ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម ហើយកូនរបស់គាត់បានរៀនសូត្រចេះដឹង និងបានហូបម្ហូបឆ្ងាញ់មានដាក់ស្ករ, ប៊ីចេង និងអំបិល។ នៅពេលដែលអ្នកស្ម័គ្រចិត្តចុះទៅសម្ភាស ហៃ មានជំងឺ ឫសដូងបាត, ជំងឺក្រពះពោះវៀន និងជំងឺបេះដូង។ អាការនៃជំងឺរបស់គាត់គឺ ចុកដៃ-ជើង, មិនស្រួលក្នុងខ្លួន, សម្រាន្តមិនលក់, ថប់ៗដង្ហើម និងឈឺក្បាល។
សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី០៤ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០២ ខែមិថុនា ២០២៥