ហុច អូន៖ ចេញពីសហករណ៍ទៅធ្វើការងារដាំបន្លែ និងដាំបាយនៅទីក្រុងភ្នំពេញ

គេហដ្ឋាននៅតាមផ្លូវមួយខាងឆៀងខាងត្បូងផ្សារអូរឫស្សីមានផ្ទុកសុទ្ធតែម៉ាស៊ីនដេរ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កុច អូន ឬហុច អូន[1] អាយុ៤២ឆ្នាំ(២០០៣) រស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភូមិប្របសៀម ស្ថិតនៅក្នុងឃុំពពេល ស្រុក១០៥ តំបន់១៣ ខេត្តតាកែវ។ អូន មានឪពុកឈ្មោះ កន មានស្រុកកំណើតនៅភូមិពោងពាង និងម្ដាយឈ្មោះ អៀម មានស្រុកកំណើតនៅភូមិប្របសៀម។ អូន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៤នាក់។

នៅអាយុ១៣ឆ្នាំ​ អង្គការបានចាត់តាំង អូន ឲ្យទៅរស់នៅក្នុងកងចល័តភូមិប្របសៀម ជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងភូមិ។ នៅក្នុងកងចល័ត អូន ធ្វើការងារ រើសអាចម៍គោ, ស្ទូងស្រូវ និងជីកប្រឡាយ។ ក្រៅពីការធ្វើការងារ កុមារអាចរៀននៅក្រោមដើមឈើ បានរយៈពេល១ ទៅ២ម៉ោងក្នុងមួយថ្ងៃ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួច។ អូន បានឲ្យដឹងថា គាត់រៀនមិនចេះនោះទេ ព្រោះគ្រូបង្រៀន ឬក៏ប្រធានក្រុមឈ្មោះ សុន បានណែនាំឲ្យកុមារខិតខំប្រមូលជីឲ្យបានច្រើន យកទៅដាក់ក្នុងសហករណ៍ ជាជាងរៀនអក្សរ និងលេខ។ នៅក្នុងកងកុមារ អូន អាចទៅលេងម្ដាយ-ឪពុក នៅផ្ទះម្ដងក្នុងរយៈពេល១ខែ ទៅ៣ខែ។

នៅឆ្នាំ១៩៧៦ ប្រធានកង បានជ្រើសរើស អូន និងមិត្តនៅក្នុងកងចំនួន៦នាក់ផ្សេងទៀត ឲ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ មុនពេលចេញដំណើរ អូន បានត្រលប់មកផ្ទះប្រាប់ដំណឹងឪពុកម្ដាយ រួចបន្តជិះឡានទៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញ អង្គការបានបញ្ជូន អូន ឲ្យទៅដាំដំណាំនៅកោះក្បាលជ្រោយ  ខាងត្បូងជ្រោយចង្វារ ហើយអ្នកដែលធ្វើដំណើរចេញពីស្រុកមកជាមួយគ្នាត្រូវទៅធ្វើការងារនៅកន្លែងផ្សេង។ ពេលទៅដល់ភ្នំពេញ អូនត្រូវអង្គការរៀបចំឲ្យធ្វើប្រវត្តិរូប[2]

នៅក្បាលកោះជ្រោយ អូន ដាំបន្លែត្រឡាច, ត្រប់, ប៉េងប៉ោះ, ត្រកួន និងបន្លែផ្សេងៗទៀត។ នៅកន្លែងដាំដំណាំ ការងាររបស់ អូន គឺងាយស្រួលជាងនៅសហករណ៍ ព្រោះគាត់ត្រូវដាំដុះតែបន្លែ ហើយការហូបអាហារមានបាយលាយពោត និងមានកន្លែងសម្រាកត្រឹមត្រូវ។ បើនៅសហករណ៍វិញ អូន ត្រូវធ្វើការងារធ្ងន់ៗ ហើយរបបអាហារដែលគាត់ទទួលបានគឺបបរជាប្រចាំ។ មួយវិញទៀត នៅពេលដែល អូន ចេញទៅធ្វើការងារជីកប្រឡាយនៅការដ្ឋាន គាត់ត្រូវសម្រាកនៅក្នុងព្រៃ​ ឬវាល ហាលខ្យល់ និងមានសត្វល្អិតខាំ។

នៅឆ្នាំ១៩៧៧ អង្គការបានប្ដូរតួនាទី អូន ពីអ្នកដាំដំណាំ ទៅជាអ្នកដាំបាយ និងស្នាក់នៅបុរីកីឡា ផ្ទះថ្ម៦ជាន់។ នៅក្នុងបុរីកីឡា អង្គការបានរៀបចំឲ្យមានក្រុមដាំបាយ, ក្រុមធ្វើម្ហូប និងក្រុមផ្សេងៗទៀត។ នៅក្នុងក្រុមរបស់ អូន ធ្វើការមានសមាជិកចំនួន១២នាក់ ក្នុងនោះមានមនុស្សវ័យចំណាស់  និងយុវជនបុរស-ស្រ្ដី ធ្វើការងារជាមួយគ្នា ក្រោមការគ្រប់គ្រងរបស់ឈ្មោះ មឿន ។​ ជារៀងរាល់ថ្ងៃ មឿន ចាត់តាំងឲ្យសមាជិកក្នុងក្រុមដាំបាយពីរពេលគឺ ពេលព្រឹកដាំបាយឲ្យរួចរាល់នៅម៉ោង១០ព្រឹក ហើយពេលយប់ម៉ោង៦ ទៅម៉ោង៧។ ក្នុងមួយពេល មឿន កំណត់ឲ្យសមាជិកក្រុម យកអង្ករទៅដាំបាយចំនួន២០០ ទៅ៣០០កំប៉ុង សម្រាប់មនុស្សប្រមាណ៣០០ ទៅ៤០០នាក់ បើគិតក្នុងមនុស្សម្នាក់ៗទទួលបានបាយមួយជង។ ចំពោះ អូន បានមួយជង គឺមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែបើធៀបទៅកន្លែងដាំបន្លែគឺល្អប្រសើរជាង ទាំងការហូបអាហារ និងការធ្វើការងារ។

អូន បានឲ្យដឹងថា នៅបូរីកីឡា អង្គការបែងចែកតួនាទីច្បាស់ៗ អ្នកដាំបាយផ្សេង ធ្វើម្ហូបផ្សេង និងលាងចានផ្សេង ប៉ុន្តែអ្នកដែលមកហូបអាហារមិនដឹងថាធ្វើការងារនៅកន្លែងណាខ្លះនោះទេ។ នៅកន្លែងដាំបាយ អូន មិនបានជួបការគំរាមកំហែងនោះទេ ព្រោះគាត់ធ្វើតាមអង្គការចាត់តាំងបានល្អ។ ប៉ុន្តែសមាជិករបស់អូន មានអ្នកធ្វើខុសសីលធម៌ ហើយអង្គការបញ្ជូនចេញទៅបាត់។ នៅក្នុងក្រុមអ្នកដាំបាយ មានការប្រជុំជាញឹកញាប់ ក្នុងមួយថ្ងៃម្ដង ឬ២ថ្ងៃម្តង ដើម្បីប្រាប់អ្នកឲ្យដាំបាយ កុំប៉ះពាល់គ្នា និយាយលេងសើចច្រើន។ អូន បានបន្តថា ប្រសិនបើគាត់ហូបឆ្អែត សម្រាន្ដលក់គឺគាត់សុខសប្បាយ ប៉ុន្តែប្រសិនបើគាត់ខ្វះខាត អ៊ីចឹងគាត់សម្រាកដោយឃ្លាន​ និងនឹកឪពុកម្ដាយ។

ពេលនៅភ្នំពេញ អូន ធ្លាប់សុំអង្គការត្រលប់មកលេងផ្ទះនៅខេត្តតាកែវ ប៉ុន្តែដោយសារតែមិនស្គាល់ផ្លូវ ហើយមិនមានអ្នកទៅជាមួយ និងធ្វើការងាររាល់ថ្ងៃគ្មានពេលសម្រាក ទើបគាត់មិនបានទៅលេងផ្ទះ។ នៅខែមករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមក អូន បានរត់ភៀសខ្លួនតាមអ្នកធ្វើការងារជាមួយគ្នា ចេញពីទីក្រុងភ្នំពេញ។[3] ក្រោយមក អូន បានធ្វើដំណើរទៅស្រុកកំណើត និងបានជួបឪពុក-ម្ដាយវិញ។ នៅពេលសម្ភាស អូន មានកូន២នាក់ និងកូនប្រសារម្នាក់។  នៅក្នុងសម័យខ្មែរក្រហម អូន បាត់ដំណឹងបងប្អូន២នាក់។ អូន មិនបានជួបការលំបាក ឬក៏គំរាមកំហែងទេ នៅក្នុងសម័យខ្មែរក្រហម ប៉ុន្តែគាត់ជឿជាក់ថាមានការសម្លាប់មនុស្ស តាមរយៈគុកទួលស្លែង និងគុកក្រាំងតាចាន់។

អត្ថបទដោយ ភា រស្មី


[1] ឯកសារលេខ TKI0029 ឈ្មោះ ហុយ អូន, មុខងារជាប្រធានក្រុម, សម្ភាសដោយ អ៊ីសា ឧស្មាន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៣។

[2] ឯកសារលេខ I05445, ប្រវត្តិរូបបដិវត្តសង្ខេបឈ្មោះ ហុច អូន, ឯកសារតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូប អូនចូលធ្វើបដិវត្តក្នុងឆ្នាំ១៩៧៧ នៅឃុំពពេល ហើយអ្នកនាំចូលឈ្មោះ រីម ។ តាំងពីចូលបដិវត្ត អូនទទួលភារកិច្ចធ្វើជាប្រធានក្រុម និងធ្វើការងារជីកប្រឡាយតូច ប្រឡាយធំច្រើន នៅក្នុងសហករណ៍។

[3] ប្រវត្តិវិទ្យា ថ្នាក់ទី៦, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា៖ ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥) ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា៖ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្ដនៃការរំដោះ​ជាតិ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin