ប្រជាជនកម្ពុជាយំដើម្បីការពារទឹកដី ប្រជាជនថៃច្រៀងរាំដើម្បីការពារទឹកដី

តាមរយៈវីដេអូរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន បញ្ជាក់ពីភាពឈឺចាប់ដោយសារកងកម្លាំងថៃ បានរាយបន្លាលួសក្នុងបំណងព័ទ្ធយកដី និងគេហដ្ឋានរបស់គាត់។ រីឯវីដេអូមួយទៀតបង្ហាញពីប្រជាជនថៃបានបង្ហាញពីសកម្មភាពច្រៀងរាំយ៉ាងសប្បាយ និងកាន់បដាដែលបញ្ជាក់ថាប្រជាជនខ្មែររំលោភបំពានយកទឹកដីរបស់ខ្លួន នៅភូមិ Nong Chan ដែលជាប់ព្រំប្រទល់នឹងភូមិជោគជ័យ និងជាចំណុចកណ្ដាលនៃកន្លែងប្រមូលផ្ដុំគ្នាដើម្បីការពារបូរណភាពទឹកដី។ តើនេះមែនទេជាឫកពារបស់ម្ចាស់ទឹកដី?
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នារវាងប្រជាជនកម្ពុជា និងកងកម្លាំងយោធាថៃ តាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រជាជនកម្ពុជាជាច្រើនរូបបានចេញមុខតទល់ជាមួយកងកម្លាំងយោធាថៃ ដែលបានរាយបន្លាលួសព័ទ្ធភូមិស្ថានរបស់ខ្លួន។
ប្រជាជនកម្ពុជា បានបង្ហាញពីភាពអង់អាចមិនខ្វល់អំពីអាយុជីវិត និងរួមសាមគ្គីគ្នា រារាំងប្រឆាំងជាមួយនឹងសកម្មភាពរបស់យោធាថៃ។ ប្រជាជននៅភូមិជោគជ័យ គ្មានការភ័យខ្លាច នឹងកាំភ្លើងរបស់ទាហានថៃទាំងអស់នោះឡើយ ទាំងដែលនៅក្នុងដៃរបស់គាត់មានតែដំបងម្នាក់មួយដើមប៉ុណ្ណោះ។ [1]

តាមរយៈគេហទំព័ររបស់សារព័ត៌មាន Fresh News បានចុះផ្សាយដោយយោងតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅវេលារសៀលថ្ងៃទី២៥ ខែសីហានេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ទល់មុខភូមិសាស្រ្តភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យ ធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងថៃ យកបន្លាលួសនោះត្រលប់ទៅវិញ។[2]
នៅថ្ងៃទី២៧ ខែសីហា កងកម្លាំងយោធាថៃបាននាំប្រជាជនរបស់ខ្លួនមកតំបន់មានជម្លោះ។ ប្រជាពលរដ្ឋថៃទាំងនោះបានចេញមកតវាប្រឆាំងនឹងប្រជាពលរដ្ឋកម្ពុជា និងបានចោទប្រកាន់មកកម្ពុជាថា ឈ្លានពានលើទឹកដីរបស់ខ្លួន។ ប្រជាជនថៃបានអះអាងថាទីតាំងនោះគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ថៃ ដែលប្រជាជនកម្ពុជាចូលទៅរស់នៅទីនោះ។ ដើរតួក្នុងនាមជាម្ចាស់ដី ប៉ុន្តែប្រជាជនទាំងអស់នោះហាក់ដូចជាគ្មានការសោកស្ដាយ និងភាពសោកសៅណាមួយដែលបង្ហាញថាគាត់ត្រូវបានប្រជាជនកម្ពុជាឈ្លានពានយកទឹកដីឡើយ ប៉ុន្តែបែរជាចាក់ភ្លេងច្រៀងរាំយ៉ាងសប្បាយ[3] ថែមទាំងកាន់បដា និងនិយាយឌឺដងមកកាន់ប្រជាពលរដ្ឋខ្មែរ។ តើនេះមែនទេជាឫកពារបស់ម្ចាស់ទឹកដី?
យោធាថៃ បានព្យាយាមប្រើគ្រប់វិធីសាស្រ្តដើម្បីបណ្ដេញប្រជាជនកម្ពុជាចេញពីតំបន់នោះ ដោយប្រើប្រាស់ឧបករណ៍សូរស័ព្ទ។ ឧបករណ៍នេះគឺជាឧបករណ៍ដែលបញ្ចេញសំឡេងខ្លាំងបំផុតក្នុងចម្ងាយឆ្ងាយ។ បច្ចេកវិទ្យានេះត្រូវបានប្រើសម្រាប់គ្រប់គ្រងបាតុករដោយបញ្ចេញសំឡេងរំខានខ្លាំង និងធ្វើឲ្យឈឺចាប់ ដែលអាចបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ត្រចៀក ហើយអាចបណ្ដាលឲ្យបាត់បង់ការស្តាប់។[4] បន្ថែមពីនោះទៀតបណ្ដាញព័ត៌មានក្នុងប្រទេសថៃ (Khaosod English) បានចែករំលែកវីដេអូពី Khaosod – ข่าวสด និងបានភ្ជាប់មកជាមួយនឹងអត្ថបទថា៖ “ក្រុមមួយដែលដឹកនាំដោយលោក Kan Jomphalang បានមកដល់ជាមួយរថយន្តបាញ់លាមកនៅព្រំដែនកម្ពុជា ក្នុងខេត្តស្រះកែវ ដូចអ្វីដែលលោកបានសន្យាកាលពីដើមសប្តាហ៍នេះថានឹងបាញ់លាមកចូលប្រទេសកម្ពុជា”។[5]
ក្នុងនាមជាម្ចាស់គឺតែងតែហួងហែងនូវទ្រព្យសម្បត្តិរបស់ខ្លួន គ្រាន់តែសកម្មភាពដែលបញ្ជាក់ពីភាពហួងហែងនោះគឺខុសដាច់ស្រឡះពីគ្នា។ ប្រជាជនកម្ពុជាបានបង្ហាញពីភាពសោកសៅយំស្រែក ដោយសារយោធាថៃយកបន្លាលួសមកព័ទ្ធភូមិ និងផ្ទះ រីឯប្រជាជនថៃវិញ គឺបានប្រកាសថាប្រជាជនខ្មែរជាអ្នកឈ្លានពានយកទឹកដីរបស់គាត់ ប៉ុន្តែប្រជាជនទាំងបានសម្ដែងពីភាពសប្បាយរីករាយទៅវិញ៕
អត្ថបទដោយ នេន ស្រីមុំ
[1] Video link: https://www.youtube.com/watch?v=o379hO9BaH4&t=38s
[2] Fresh News, “កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ”, (ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥), Link: https://m.freshnewsasia.com/localnews/399954-2025-08-25-18-59-40
[3] Video link: https://www.facebook.com/reel/4119579708323965
[4] Physicians for Human Rights, “Health Impacts of Crowd-Control Weapons: Acoustic Weapons”, (Date: October 27, 2020), link: Health Impacts of Crowd-Control Weapons: Acoustic Weapons – PHR
[5] Khaosod English, (Date: August 28, 2025), Link: https://www.facebook.com/KhaosodEnglish/posts/pfbid0r6QFCvhFPw8J6xg8Fz3uKs6dArfoPCKinXYLTVXox6WYcqDwTxVkTnx4B3ujLBuQl