ថោង ណយ៖ អតីតយុវជនកងចល័ត និងក្រោយមកជាយោធាខ្មែរក្រហម

ថោង ណយ អាយុ៦៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីកុមារ ណយ ចូលរៀនដំបូងនៅឆ្នាំ១៩៦៨​ ថ្នាក់ទី១២។ ដល់ឆ្នាំ១៩៧០ ណយ បានឈប់រៀន ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីរដ្ឋប្រហារ ណយ បានដឹងដំណឹងអំពីការតស៊ូនៅក្នុងព្រៃ ដែលដឹកនាំដោយ ហូ នឹម, ហ៊ូ យន់ និងខៀវ សំផន ដើម្បីប្រយុទ្ធជាមួយទាហាន លន់ នល់។ ក្នុងអំឡុងពេលនោះ ប្រជាជននៅក្នុងភូមិ ចែកផ្លូវគ្នាទៅធ្វើការងារ ដោយខ្លះធ្វើជាទាហាន លន់ នល់ និងខ្លះទៀតចូលបដិវត្តន៍ក្នុងព្រៃ។​​

នៅខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងទៅលើទាហាន លន់ នល់។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ឲ្យទៅធ្វើស្រែចម្ការនៅជនបទ។ ចំពោះ ណយ អង្គការបានចាត់តាំងគាត់ឲ្យចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងារ រែកដីលើកទំនប់កំពង់ចក។ នៅពេលបញ្ចប់ការងារនៅកំពង់ចក ណយ បានចូលទៅធ្វើការងារនៅក្បែរវត្តសេដ្ឋី តាមការចាត់តាំងរបស់អង្គការបន្តទៀត។ នៅវត្តសេដ្ឋី ណយ បានឮអង្គការប្រកាសដំណឹងថា មានការចាយប្រាក់ ប៉ុន្តែក្រោយមក អង្គការបានលុបបំបាត់វត្តអារាម និងបំបាត់ទីផ្សារ និងការចាយប្រាក់វិញ។

នៅការដ្ឋានការងារ ណយ ត្រូវក្រោកតាំងពីម៉ោងប្រមាណ៤យប់ ដើម្បីប្រជុំជួរ និងធ្វើដំណើរទៅកន្លែងការងារ។ នៅម៉ោងប្រមាណ៥ ទៅ៦ព្រឹក ណយ ចាប់ផ្ដើមធ្វើការងារតាមអង្គការចាត់តាំង រហូតដល់ម៉ោង១១ ឬ១២ថ្ងៃត្រង់ ទើបសម្រាកហូបអាហារម្ដង។ បន្ទាប់ពីសម្រាកថ្ងៃត្រង់រយៈពេល១ ទៅ២ម៉ោង ណយ ត្រូវចូលទៅធ្វើការងារវិញរហូតដល់ម៉ោង ៥ល្ងាច រួចបន្តចូលទៅហូបអាហារពេលយប់នៅក្នុងរោងបាយម្ដងទៀត។ ពេលហូបអាហាររួច ណយ មិនបានទៅសម្រាកភ្លាមៗនោះទេ គឺគាត់ត្រូវទៅធ្វើការងារបន្តទៀតរហូតដល់ម៉ោងប្រមាណ៩ ទៅ១០យប់ ទើបអាចទៅផ្ទះងូតទឹកចូលសម្រាកបាន។ នៅក្នុងកងចល័ត ណយ ខិតខំធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបរលាយជាមួយបន្លែត្រកួន ឬព្រលឹតបន្តិចបន្តួច។

ណយ ធ្វើការងារនៅក្នុងកងចល័តបានជិតពីរឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យទៅធ្វើជាយោធា។ មុនពេលទៅសមរភូមិ ណយ បានចូលរួមរៀននយោបាយរបស់ខ្មែរក្រហម និងហ្វឹកហាត់ក្បួនទាហានមួយចំនួន។ នៅពេលរៀនគោលនយោបាយ ណយ ចងចាំថាអង្គការចង់លុបបំបាត់វណ្ណៈសក្ដិភូមិ ឬអ្នកមាន ដែលជិះជាន់អ្នកក្រ។ បន្ទាប់មក ណយ បានចូលរួមសមរភូមិនៅខេត្តតាកែវ, ខេត្តកំពត, នៅបាវិត, ស្រុករមាសហែក ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ពេលធ្វើជាយោធា ណយ ជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចគ្រាប់បែក, គ្រាប់កាំភ្លើង និងពេលខ្លះអត់អាហារក៏មាន។ នៅចុងក្រោយបំផុត​ ណយ បានភៀសខ្លួនទៅខេត្តភាគខាងលិច និងឡើងភ្នំតាមអង្គការខ្មែរក្រហម ប៉ុន្តែដោយសារតែខ្វះខាតអាហារខ្លាំងពេក ទើបគាត់ត្រលប់មកផ្ទះវិញ។

ណយ បន្តទៀតថា គាត់បានដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុន្តែគាត់មានការអាណិតអ្នកដែលត្រូវបានកាត់ទោស ព្រោះពួកគាត់ជាអ្នកស្នេហាជាតិ ហើយអ្នកសម្លាប់មនុស្សគឺនៅតាមមូលដ្ឋានភូមិ និងឃុំទៅវិញទេ។ នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស ណយ មានជំងឺក្រពះពោះវៀន, ឈឺដៃ និងឈឺភ្នែក។ ជំងឺរបស់ ណយ កើតឡើងដោយសារតែការធ្វើការងារបាក់កម្លាំងនៅក្នុងសម័យខ្មែរក្រហម និងអាយុរបស់គាត់កាន់តែច្រើន។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី១៦ ខែសីហា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin