សំ ភី៖ ទើបតែយល់ពីពាក្យថ្កោលទោស
សំ ភី អាយុ៥៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភី និងកុមារជាច្រើននាក់ទៀតដែលមានអាយុប្រមាណ១០ឆ្នាំ ត្រូវទៅរស់នៅ និងធ្វើការងារក្នុងកងកុមារកំពង់រោង តាមការចាត់តាំងរបស់អង្កការ។ នៅក្នុងកងកុមារ ភី ត្រូវក្រោកតាំងពីព្រលឹម ដើម្បីធ្វើការងារដាំបន្លែ, ដងទឹកស្រោចដំណាំ និងដាក់ជី ជារៀងរាល់ថ្ងៃ ប៉ុន្តែការហូបអាហារវិញគឺបានតែបបររាវៗមួយចានប៉ុណ្ណោះ។ ដោយសារតែឃ្លានខ្លាំងពេក ភី បានយកស្រកីត្រីកេស ដែលអង្គការបោះចោល យកទៅដោតជាមួយធាងដូង រួចយកទៅដុតហូប។
ក្រោយមក ភី សម្រេចចិត្តថាលួចរត់មកលេងផ្ទះទាំងកណ្ដាលយប់ម៉ោង១២អធ្រាត្រ ដោយសារតែគាត់នឹកឪពុកម្ដាយ និងឃ្លានខ្លាំងពេក។ លុះដល់ពេលព្រឹកឡើង ភី មិនបានត្រលប់ទៅកងកុមារវិញទេ បើទោះបីជាឪពុកម្ដាយរបស់គាត់ចេញទៅធ្វើការងារអស់ក៏ដោយ។ នៅក្នុងសហករណ៍ ភី បានរត់ទៅលាក់ខ្លួនក្នុងព្រៃ ដើម្បីគេចពីការស្វែងរករបស់ប្រធានក្រុមនៅផ្ទះរបស់គាត់។ ចំណែក ការហូបអាហារវិញ ភី បានយកបាយក្រៀមដែលម្ដាយរបស់គាត់រក្សាទុក រួមជាមួយពងមាន់ដែលចិញ្ចឹមនៅក្នុងផ្ទះយកទៅហូបនៅក្នុងព្រៃត្រប់។ បន្ទាប់មក ប្រធានកងបានរក ភី ឃើញ និងបានបញ្ជូនគាត់ទៅក្នុងកងកុមារវិញ ដោយមិនមានការធ្វើបាប។
ភី ធ្វើការងារនៅក្នុងកងកុមារ រហូតដល់មានទាហានស្ម័គ្រចិត្តវៀតណាម សហការណ៍ជាមួយទាហានកម្ពុជា ចូលមករំដោះប្រទេសពីការគ្រប់គ្រងរបស់ខ្មែរក្រហម ឆ្នាំ១៩៧៩។ នៅពេលដែលជួបទាហានវៀតណម ភី បានទៅសួរដំណឹង និងសុំធ្វើដំណើរទៅតាមទាហាន ដើម្បីស្វែងរកបងស្រីរបស់គាត់ឈ្មោះ រេត។ ភី ធ្វើដំណើរទៅតាមទាហានវៀតណាមរហូតដល់ភ្នំខាងលិច ប៉ុន្តែមិនទទួលបានដំណឹងពីបងស្រីទាល់តែសោះ។ ក្រោយមក ទាហានបានជូន ភី ត្រលប់មកផ្ទះវិញ។
នៅក្នុងភូមិសាមគ្គី ភី បានឮសេចក្ដីប្រកាសឲ្យប្រជាជនទៅសាលាស្រុក ដើម្បីធ្វើការថ្កោលទោសក្រុមរបស់មោក ដែលធ្លាប់ធ្វើបាបប្រជាជន។ ពេលឮដូច្នេះ ភី មានបំណងទៅថ្កោលទោសប្រធានក្រុមរបស់គាត់ម្នាក់ឈ្មោះ គី នៅទូលសាំង ប៉ុន្តែមិនបានជួប ហើយបានឃើញប្រជាជននាំគ្នាវាយ មោក និងសមាជិកក្រុមរបស់គាត់យ៉ាងខ្លាំង។ ពេលឃើញដូច្នេះ ភី បានយល់ពីពាក្យថាការថ្កោលទោសនេះច្បាស់ថា ជាការបញ្ចេញកំហឹងរបស់ប្រជាជន ទៅលើអតីតកម្មាភិបាលខ្មែរក្រហម មុនពេលយកទៅសម្លាប់។
នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស ភី មានជំងឺលើសសម្ពាធឈាម, ក្ដៅទ្រូង និងធ្លាក់ស។ ជំងឺរបស់ ភី កើតឡើងជាយូរមកហើយចាប់តាំងពីគាត់អាយុប្រមាណ៣០ឆ្នាំ ប៉ុន្តែមិនទាន់ជាស្បះស្បើយបើទោះបីជាគាត់លក់ទ្រព្យសម្បត្តិព្យាបាលខ្លួនអស់ក៏ដោយ។ នៅក្នុងអំឡុងពេលអ្នកស្ម័គ្រចិត្តសម្ភាស ភី មានអាការឈឺក្បាល, ខ្សោយបេះដូង, រលាកក្រពះនិងពោះវៀន, វិលមុខ, អស់កម្លាំង, សម្រាកមិនសូវបាន, ហូបមិនសូវបាន, ឈឺក្បាលជង្គង់, ចុកកំភួនជើង និងក្ដៅក្រហាយបាតជើង។ ជាញឹកញាប់ នៅពេលដែល ភី មិនស្រួលខ្លួន គាត់បានទៅទិញថ្នាំពេទ្យពីពេទ្យឯកជន និងទៅបើកថ្នាំពីមណ្ឌលសុខភាព។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ ហេង លីដា ថ្ងៃទី០១ ខែកញ្ញា ២០២១