មៀច ប៉ឹង រំឭករឿងរ៉ាវកាលពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) មៀច ប៉ឹង មានអាយុ ៨២ឆ្នាំ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប៉ឹង មានឪពុកឈ្មោះ មៀច ម៉ង់ និងម្តាយឈ្មោះ ងួន ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩នាក់ ក្នុងនោះស្រី ៦នាក់។ កាលពីកុមារភាព ប៉ឹង រៀនសូត្របានត្រឹមថ្នាក់ទី៨ ក្នុងរបបសង្គមរាស្រ្តនិយម។ បច្ចុប្បន្ន ប៉ឹង ប្រកបមុខរបរជាកសិករ និងរស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប៉ឹង បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះ ប្រទេសជាតិចាប់ផ្តើមមានសង្គ្រាម និងការប្រយុទ្ធបាញ់គ្នា។ ប៉ឹង និងសមាជិកគ្រួសារបានរត់ភៀសខ្លួន ព្រោះខ្លាចត្រូវគ្រាប់ផ្លោង ហើយបន្តរត់ភៀសខ្លួនរហូតដល់របប លន់ នល់ ដួលរលំ។
ក្រោយមក ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម។ នៅពេលរបបនេះឡើងកាន់អំណាចឈ្លប និងមេភូមិបានចាប់ផ្តើមប្រមូលមាស ប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោ ក្របី ស្រូវ អង្ករ ចាន ឆ្នាំង និងសម្ភារផ្សេងៗទៀតរបស់ប្រជាពលរដ្ឋ យកទៅធ្វើជារបស់រួមនៅក្នុងសហករណ៍។
បន្ទាប់មក ឈ្លបបានជម្លៀស ប៉ឹង និងសមាជិកគ្រួសារពីឃុំចំបក់ មកឃុំស្វាយធំ ហើយអង្គការបានចាត់តាំងគាត់ឱ្យធ្វើជាប្រធានក្រុម ដឹកនាំសមាជិកកងចល័តនារី ទៅដកសំណាប និងស្ទូងស្រូវ។ ការងារនេះត្រូវធ្វើនៅឆ្ងាយៗពីកន្លែងស្នាក់នៅរបស់ប៉ឹង គាត់ និងសមាជិកត្រូវទៅដកសំណាប និងស្ទូងរហូតដល់ភូមិតាវង។ រីឯនៅពេលហូបបាយ អ្នកទទួលខុសត្រូវបានចាត់តាំង ប៉ឹង ឱ្យធ្វើជាអ្នកចែកបាយ ដោយបានកំណត់របបអាហារម្នាក់បាយឬបបរ និង១វែក។ ចំណែកសម្លផ្សំពីត្រកួន ឬដើមចេក គ្មានរសជាតិ និងគ្មានរបបគ្រប់គ្រាន់។
នៅពេលយប់ ប៉ឹង ត្រូវសម្រាកជាក្រុមៗ ជាមួយសមាជិកកងចល័តនារីផ្សេងៗ ទៀត និងមិនឱ្យដើរទៅណាទេ ហើយនៅពេលយប់មានអ្នកលួចចាំស្តាប់។ លុះព្រឹកឡើង នៅម៉ោង ៥ ទៀបភ្លឺ ប៉ឹង ត្រូវក្រោក និងជួបជុំគ្នានៅការដ្ឋានការងារ ដើម្បីដឹកនាំកម្លាំងទៅស្ទូងស្រូវនៅតាមកន្លែងឆ្ងាយៗ។ មុនពេលចេញទៅ អ្នកទទួលខុសត្រូវនៅរោងបាយបានចែកស្ករត្នោតម្នាក់មួយដុំៗ។ មុនពេលចេញទៅស្ទូងនៅកន្លែងឆ្ងាយ ប្រធានកងចល័តឱ្យម្នាក់ៗត្រូវរែកសំណាបចំនួន ៤កណ្តាប់ យកទៅកន្លែងស្ទូង។ ប៉ឹង បានរៀបរាប់ថា គេកំណត់ឱ្យមនុស្សចំនួន ២៥នាក់ ស្ទូងស្រូវឱ្យបានមួយហិកតា ក្នុងរយៈពេល ១ព្រឹក។
នៅពេលដល់រដូវប្រមូលផល អង្គការបានចាត់តាំង ប៉ឹង ឱ្យទៅច្រូតស្រូវ។ ក្រោយពីច្រូតរួច ត្រូវទូលស្រូវយកមកសហករណ៍ និងបោកបែនស្រូវ ព្រមទាំងបុកស្រូវ។ កាលពីដំបូងអង្គការកំណត់ឱ្យបុកមួយថ្ងៃ ចំនួន៣តៅ បន្ទាប់មកបានដំឡើងដល់ ៥តៅ។ ពេលបុករួច គេថ្លឹងអង្ករឱ្យគ្រប់ចំនួនគីឡូតាមការកំណត់។
នៅចុងឆ្នាំ១៩៧៨ ប៉ឹង និងសមាជិកគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅដល់តំបន់ទួលល្ហុង។ នៅទីនោះ មានព័ត៌មានផ្សព្វផ្សាយថា ប្រទេសជាតិត្រូវបានរំដោះរួចហើយ ហើយអ្នកដែលមានស្រុកកំណើតនៅភូមិណា អាចត្រឡប់ទៅរស់នៅស្រុកភូមិរបស់ខ្លួនវិញ។ បន្ទាប់មក ប៉ឹង បានធ្វើដំណើរត្រឡប់មកផ្ទះវិញ។ នៅស្រុកកំណើត ប៉ឹង បានធ្វើស្រែប្រវាស់ដៃ និងចែកទិន្នផលគ្នា ដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ប៉ឹង មានជំងឺលើសសម្ពាធឈាម៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

