ខៀវ សាគួរ៖ អតីតនិស្សិតផ្នែកសេដ្ឋកិច្ច នៅប្រទេសជប៉ុន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខៀវ សាគួរ អាយុ៣២ឆ្នាំ (១៩៧៧) កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៥ និងមានទីកន្លែងកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សាគួរ មានឪពុកឈ្មោះ ខៀវ ភុំ (ស្លាប់) ម្ដាយឈ្មោះ ជុក យោត (ស្លាប់)[1] និងមានបងប្អូនចំនួន៦នាក់ (ស្រី៤នាក់)[2]

នៅឆ្នាំ១៩៦៣ សាគួរ បានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុងភ្នំពេញ នៅសាលាមួយកន្លែង​។ ការសិក្សាថ្នាក់វិទ្យាល័យរបស់គាត់ទទួលបានការឧបត្ថម្ភពីសំណាក់ព្រះសង្ឃមួយអង្គព្រះនាម អ៊ុន សំបេត។ នៅឆ្នាំ១៩៦៧ សាគួរ បានប្រឡងជាប់ធ្វើការងារនៅក្រុមហ៊ុន សុខាទេសចរណ៍ ជាអ្នកបក​ប្រែភាសាខ្មែរ-ជប៉ុន។

នៅខែកញ្ញា ឆ្នាំ១៩៦៨ សាគួរ បានសម្រេចចិត្តចូលធ្វើការងារជាភ្នាក់ងារ សេ-អ៊ី-អា តាមរយៈឈ្មោះ មាស សន ជាអ្នកដឹកនាំ មានតួនាទីជាអ្នកចាំទទួលភ្ញៀវមកពីបរទេសនៅព្រលានយន្តហោះពោធិ៍ចិនតុង។ គាត់ទទួលការអប់រំអំពីរបៀបយកការណ៍សម្ងាត់ ពីសំណាក់ឈ្មោះ តូច ចេវ ជាអ្នកនាំភ្ញៀវបរទេសពីទីក្រុងភ្នំពេញទៅខេត្តសៀមរាប។ សាគួរ ទទួលភារកិច្ចជាអ្នកយកការណ៍នៅតំបន់សៀមរាប, កំពង់ក្ដី និងកំពង់ធំ។ គាត់ព្យាយាមយកការណ៍ពីសំណាក់អ្នកធាក់រ៉ឺម៉ក អំពីចលនារបស់ខ្មែរក្រហម ប៉ុន្តែមិនទាន់ទទួលបានព័ត៌មានអ្វីឡើយ  មួយរយៈក្រោយមកទើបមានអ្នកធាក់រ៉ឺម៉កម្នាក់ឈ្មោះ ឡន បានប្រាប់គាត់ថា ខ្មែរក្រហមមានចលនានៅពេលយប់យូរៗម្ដងនៅតំបន់កំពង់ក្ដី។

នៅខែឧសភា ឆ្នាំ១៩៦៩ សាគួរ ត្រូវរៀបចំទៅប្រទេសជប៉ុន តាមរយៈការចាត់តាំងរបស់ ប៊ុន តិច គោលបំណងគឺពង្រីកផ្លូវពាណិជ្ជកម្មជាមួយក្រុមហ៊ុនធំៗ និងបន្តការសិក្សាពីសេដ្ឋកិច្ចនៅប្រទេសជប៉ុន។ មុនចេញដំណើរទៅ សាគួរ បានទាក់ទងទៅព្រះសង្ឃមួយអង្គជាជនជាតិជប៉ុនព្រះនាម ម៉ាស៊ីគួរ៉ា ដើម្បីស្នើសុំកន្លែងស្នាក់នៅក្នុងវត្ត។ នៅពេលដែលទៅដល់ប្រទេសជប៉ុន សាគួរ មិនទាន់មានសកម្មភាពអ្វីឡើយ គឺគាត់ព្យាយាមខិតខំរៀនភាសាជប៉ុនឱ្យចេះស្ទាត់ជំនាញ។ នៅចុងឆ្នាំ១៩៧០ ប៉ុក ធឿន ជាឯកអគ្គរដ្ឋទូត បានផ្ញើសំបុត្រទៅ សាគួរ ប្រាប់ដំណឹងថាគាត់នឹងធ្វើដំណើរទៅកាន់ទីក្រុងក្យូតូ និងបានបញ្ជាក់ឲ្យ សាគួរ ទៅជួបជាមួយគាត់នៅទីនោះ។ គោលបំណងដែល ប៉ុក ធឿន ធ្វើដំណើរទៅប្រទេសជប៉ុនគឺដើម្បីសុំជំនួយចំនួនពីរគឺ ជំនួយជាសម្ភារសព្វាវុធ និងថ្នាំពេទ្យ។

នៅខែកុម្ភៈ ឆ្នាំ១៩៧១ សាគួរ បានធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីជួបពិភាក្សាអំពីផែនការពាណិជ្ជកម្ម និងជំនួយដល់ប្រទេសកម្ពុជាជាមួយ ស៊ូស៊ូមុ យ៉ាម៉ាណាកាក់។ លទ្ធផលដែលទទួលបានគឺ ស៊ូស៊ូមុ យ៉ាម៉ាណាកាក់ បានផ្ដល់ជំនួយដល់ប្រទេសកម្ពុជានូវថ្នាំពេទ្យ និងវិទ្យុទាក់ទង ហើយនៅក្នុងឆ្នាំ១៩៧២-១៩៧៣ នឹងមានគម្រោងផ្ដល់រថយន្តដឹកដី, ម៉ាស៊ីនចូកដី និងម៉ាស៊ីនកិនដី។ នៅចុងឆ្នាំ១៩៧១ សាគួរ ទទួលបានសំបុត្រពី ស៊ឹម វ៉ា អនុញ្ញាតឲ្យគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញ។ ក្រោយពីត្រឡប់មកប្រទេសកម្ពុជា សាគួរ បានបន្តធ្វើសកម្មភាពយកការណ៍ពីចលនារបស់ខ្មែរក្រហម ហើយ​អំឡុងពេលនោះចលនារបស់ខ្មែរក្រហម បានរីកសាយភាយនៅក្នុងប្រទេស។ គោលបំណងដែលឱ្យ សាគួរ ត្រឡប់មកប្រទេសកម្ពុជា គឺត្រួតពិនិត្យស្ថានភាពផ្លូវពីប៉ោយប៉ែត-បាត់ដំបង បាត់ដំបង-ភ្នំពេញ និងភ្នំពេញ-កំពង់សោម ដើម្បីតាមដានពីសកម្មភាព និងស្វែងរកជំរំធំរបស់ខ្មែរក្រហម។ ម្យ៉ាងវិញទៀតការពិនិត្យស្ថានភាពរបស់ផ្លូវនេះ គឺដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនសម្ភារពីប្រទេសសជប៉ុន មកកាន់កម្ពុជា។ សាគួរ បានមកប្រទេសកម្ពុជាដើម្បីយកការណ៍បានមួយរយៈ រួចត្រឡប់ទៅប្រទេសជប៉ុនវិញ។ ក្រោយពីទៅដល់ប្រទេសជប៉ុន គាត់បានសរសេរសំបុត្ររាយការណ៍ពីសកម្មភាពរបស់ខ្មែរក្រហម ទៅកាន់ ស៊ឹម វ៉ា ដែលរស់នៅទីក្រុងតូក្យូ។  សកម្មភាពដែលជប៉ុនបានផ្ដល់ជំនួយមកកម្ពុជា ជាប្រាក់ និងសម្ភារគឺមានជាបន្តបន្ទាប់ និងមានសន្ទុះកាន់តែខ្លាំង។

នៅឆ្នាំ១៩៧៤ សាគួរ បានចូលរៀនសាលាបច្ចេកទេសថតរូបជាមួយក្រុម សេ-អ៊ី-អា ជាជនជាតិខ្មែរប្រចាំនៅប្រទេសជប៉ុន ក្នុងគោលបំណងចូលយកការសម្ងាត់នៅក្នុងប្រទេសកម្ពុជា។ គាត់បានស្នើសុំការផ្គត់ផ្គង់ម៉ាស៊ីនថតរូប និងម៉ាស៊ីនថតសំឡេងពីជប៉ុន ដើម្បីបំពេញការងារ។ នៅឆ្នាំ១៩៧៥ ក្រោយពីការវាយរំដោះទីក្រុងភ្នំពេញពីសំណាក់ខ្មែរក្រហម សាគួរ គឺនៅតែបន្តធ្វើសកម្មភាពប្រឆាំង។ សកម្មភាពដែលគាត់ធ្វើជារៀងរាល់ថ្ងៃគឺសរសេរសំបុត្រ, បោះពុម្ពខិត្តប័ណ្ណ និងអប់រំនិស្សិតជប៉ុនឱ្យឃើញពីភាពឃោរឃៅរបស់នយោបាយខ្មែរក្រហមដែលបានសម្លាប់ប្រជាជន។

នៅខែមីនា ឆ្នាំ១៩៧៦ សាគួរ បានទទួលសំបុត្រពី ស៊ឹម វ៉ា ចាត់តាំងឱ្យគាត់ទៅប្រទេសកម្ពុជា ដើម្បីធ្វើកិច្ចការចំនួនប្រាំចំណុចគឺ ទីមួយ៖ ស៊ើបការណ៍ពីចំនួនវិស្វករជនជាតិចិនដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា ពិសេសនោះគឺអ្នកបង្ហាត់បើកបរយន្តហោះ។ ទីពីរ៖ ប្រភេទសព្វាវុធអ្វីខ្លះដែលនាវាជំនួយចិនដឹកចេញចូលកម្ពុជាតាមកំពង់ផែកំពង់សោម។ ទីបី៖ ស្វែងរកចំនួនអ្នកដឹកនាំនយោបាយក្នុងគណៈបក្សកម្មាភិបាល និងតួនាទី។ ទីបួន៖ ស្វែងរកពីការដឹកនាំរបស់បដិវត្តន៍ខ្មែរក្រហម តើមានធ្វើបាបប្រជាជនឬទេ? បញ្ជាឱ្យប្រជាជនធ្វើការងារបែបណាខ្លះ? វេទនាយ៉ាងណា? តើខ្មែរក្រហមកាប់សម្លាប់ប្រជាជនឃោរឃៅបែបណា? និងទីប្រាំ៖ ស្វែងរកអំពីចំនួនយោធារបស់បដិវត្តន៍ខ្មែរក្រហម មានកងទ័ពជើងគោកប៉ុន្មាន? កងទ័ពជើងទឹក និងជើងអាកាសប៉ុន្មាន? ព្រមទាំងស៊ើបមើលអំពីចំនួនយន្តហោះចម្បាំង, យន្តហោះដឹកសព្វាវុធ និងគ្រឿងសព្វាវុធដែលខ្មែរក្រហមមាន។

ខ្លឹមសារនៅក្នុងសំបុត្ររបស់ ស៊ឹម វ៉ា បានរំលេចបន្ថែមពីផែនការវាយដណ្ដើមប្រទេសកម្ពុជា ពីការគ្រប់គ្រងរបស់ខ្មែរក្រហម ដោយផែនការនោះនឹងអនុវត្តន៍ធ្វើឡើងនៅឆ្នាំ១៩៧៩, ១៩៨០ និងឆ្នាំ១៩៨១។ ស៊ឹម វ៉ា បានរៀបចំបីមុខសញ្ញាធំៗ ដើម្បីវាយកម្ពុជាគឺ ទីមួយ៖ ខេត្តបាត់ដំបង ដឹកនាំដោយ ស៊ី សុទ្ធី, ទីពីរ៖ ខេត្តព្រះវិហារ ដឹកនាំដោយ ជា បូរី និងទីបី៖ ខេត្តពោធិ៍សាត់ ដឹកនាំដោយ សួន សែនីន។ មុខសញ្ញាទាំងបី គឺវាយតាមមុខសញ្ញារៀងៗខ្លួន រហូតមកជួបគ្នានៅព្រែកក្ដាម។ បន្ទាប់មកមុខសញ្ញាទីមួយ និងទីបី សហការគ្នាវាយពីព្រែកក្ដាមដល់គីឡូម៉ែត្រលេខប្រាំមួយ ដើម្បីសម្រុកកាន់កាប់ទីក្រុងភ្នំពេញ។ មុខសញ្ញាទីពីរ វាយពីព្រែកក្ដាមតម្រង់ទៅទួលគោក ហើយវាយទៅពោធិ៍ចិនតុង។ ក្រៅពីនោះ មុខសញ្ញាទីមួយ មានភារកិច្ចកាន់កាប់ក្រសួងឃោសនាការ និងប៉ុស្តិ៍វិទ្យុ ចំណែកមុខសញ្ញាទីពីរ កាន់កាប់ក្រសួងការពារប្រទេស និងប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ។ រីឯមុខសញ្ញាទីបី កាន់កាប់រដ្ឋសភា និងទីស្នាក់ការអ្នកដឹកនាំនយោបាយធំៗ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា សាគួរ បានរៀបចំចេញពីប្រទេសជប៉ុន ហើយគាត់បានមកដល់ទឹកដីកម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ នៅពេលដែលមកដល់ភ្លាម គាត់ទទួលបានការស្វាគមន៍ពីអង្គការបដិវត្តន៍ឱ្យទៅស្នាក់នៅមន្ទីរ ក-១៥។ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៧៦ ខៀវ សាគួរ ត្រូវបានអង្គការខ្មែរក្រហមឃាត់ខ្លួន៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារលេខ D41779 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីចម្លើយសារភាពរបស់ ខៀវ សាគួរ ជាអតីតនិស្សិតរៀននៅប្រទេសជប៉ុន។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ ខៀវ សាគួរ ពិត ឬយ៉ាងណានោះទេ”

[2] ឯកសារលេខ KRI0035 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, វួច តាលន់ ជាបងស្រីរបស់ ខៀវ​ សាគួរ សម្ភាសន៍ដោយ ឆាយ ណារឿន, នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៦។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin