ឈុន អឿន៖ កងជីវភាពភូមិបឹងទង

(កណ្ដាល)៖ ឈុន អឿន អាយុ ៧១ឆ្នាំ ជាអតីតគ្រូបង្រៀន រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានទីកន្លែងកំណើតនៅភូមិដងរំចេក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានឪពុកឈ្មោះ ឈុន សឿន, ម្ដាយឈ្មោះ នូ នន់ និងមានបងប្អូនចំនួន១៣នាក់ ក្នុងនោះមានស្រី៦នាក់។
នៅរបបសង្គមរាស្ត្រនិយម អឿន បានចូលរៀន ហើយក្រោយពីម៉ោងសិក្សា គាត់ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅរបបសាធារណរដ្ឋខ្មែរ អឿន បានចាកចេញពីស្រុកកំណើត ដោយសារមានការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ បណ្ដាលឲ្យខូចខាតផ្ទះសំបែងរបស់គាត់។ នៅពេលនោះ ផ្លូវជាតិលេខ៤ ត្រូវបានកាត់ផ្ដាច់ បងប្រុសរបស់អឿន បាននាំគាត់ជិះយន្តហោះទៅបន្តរៀនសូត្រនៅកំពង់សោម។ ក្រោយមក អឿន បានឈប់រៀនត្រឹមថ្នាក់ទី៣ និងរស់នៅកំពង់សោម អស់រយៈពេលបីឆ្នាំ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលមកគ្រប់គ្រងកំពង់សោម បានជម្លៀសអឿនទៅរស់នៅភូមិកំណើតវិញ។ អឿន ត្រូវខ្មែរក្រហមបន្តជម្លៀសទៅធ្វើការនៅខេត្តតាកែវ។ នៅពេលនោះ អឿន ត្រូវព្រាត់ប្រាសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទាំងអស់។ អឿន ត្រូវធ្វើការក្នុងកងយុវជន ផ្នែកជីវភាព ដោយត្រូវដាំបាយ, ដាំបបរ, ស្លសម្ល និងនេសាទត្រីនៅភូមិបឹងទង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ អឿន និយាយថា មួយកងយុវជន មានសមាជិកពី៥០រហូតដល់១០០នាក់។ ក្នុងមួយពេល ខ្មែរក្រហមឲ្យគាត់ដាំបបរមួយខ្ទះត្នោត ដោយដាក់អង្ករបីកំប៉ុង និងចែកឲ្យប្រជាជនម្នាក់តែមួយកាប៉ុណ្ណោះ។ អឿន និយាយថា “ជំនាន់អាពត ហូបតែបបរហ្នឹង”។ ខ្មែរក្រហមចោទគាត់ថា មានជំងឺគ្រុនសតិអារម្មណ៍ នៅពេល អឿន មានជំងឺ និងមិនអាចទៅធ្វើការបាន។
អឿន ចងចាំបានថា នៅកងយុវជន មិនមានការរៀបការដោយបង្ខំនោះទេ ប៉ុន្តែនៅក្នុងកងកសិករ មានការចាប់បង្ខំប្រជាជនឲ្យរៀបការ។ នៅរបបខ្មែរក្រហម វត្តអារាមត្រូវបានខ្មែរក្រហមវាយកម្ទេច និងខ្លះទៀតធ្វើជាឃ្លាំងដាក់ជី។ ក្រៅពីនេះ ខ្មែរក្រហមបានចាត់តាំងឲ្យក្មេងដែលមានអាយុចន្លោះ១០ដល់១៥ឆ្នាំ អាចចូលធ្វើជាសេនាជន ឬឈ្លប ព្រមទាំងមានកាំភ្លើងប្រើប្រាស់ទៀតផង។ អឿន បន្តថា ក្មេងទាំងនោះហ៊ានវាយសម្លាប់ឪពុកម្ដាយ និងបងប្អូនរបស់ខ្លួនក្រោមបញ្ជារបស់អង្គការ។ ចំណែកនរណាដែលត្រូវបានអង្គការហៅទៅរៀនសូត្រនោះ នឹងត្រូវបាត់ខ្លួនជារៀងរហូត។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អឿន ធ្វើជាគ្រូបង្រៀនចាត់តាំង និងបង្រៀនសិស្សថ្នាក់ទី២ នៅសាលាបឋមសិក្សាអង្គពពាយ។ នៅឆ្នាំ១៩៩៣ អឿន បានផ្លាស់មកបង្រៀនសិស្សថ្នាក់ទី២ នៅសាលាបឋមសិក្សាក្រាំងម្កាក់៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦

