ហ៊ីង អែម៖ កូនប្រុសទាំងបី

ហ៊ីង អែម រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ ហ៊ីង អែម ភេទស្រី មានអាយុ៧៥ឆ្នាំ។ អែម រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អែម មានឪពុកឈ្មោះ ជឹម ហ៊ីង និងម្ដាយឈ្មោះ គួន។

កាលពីកុមារភាព អែម បានកំព្រាឪពុក។ អែម មិនបានរៀនសូត្រនោះទេ ហើយគាត់ត្រូវនៅផ្ទះជួយធ្វើស្រែចម្ការ និងមើលថែប្អូនរបស់គាត់។ នៅមុនឆ្នាំ១៩៧០ អែម ដែលមានអាយុ១៧ឆ្នាំ បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ វឹង ដឹប និងប្រកបរបរដាំដំឡូង។ អែម មានកូនទាំងអស់ចំនួន១០នាក់ ក្នុងនោះមានស្រី៤នាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ អែម ធ្វើការជាកម្មករស៊ីឈ្នួល។ មិនយូរប៉ុន្មាន អែម ត្រូវរត់ពួនក្នុងលេណដ្ឋាន ដោយសារមានការទម្លាក់គ្រាប់បែក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាច បានចាប់ព្រះសង្ឃផ្សឹក និងកាប់សម្លាប់ទាហាន លន់ នល់។ អែម ឃើញខ្មែរក្រហមចងទាហាន លន់ នល់ ទាំងខ្សែយកទៅបាញ់សម្លាប់នៅស្វាយធំ និងកប់សាកសពទាំងនោះក្នុងអណ្តូងមួយកន្លែង។

ខ្មែរក្រហមបានចាត់ទុក អែម ជាប្រជាជនចាស់ និងជម្លៀសគ្រួសាររបស់អែមទៅធ្វើការនៅទំនប់ម្កាក់។ អែម ត្រូវលើកនិងបិទទំនប់នៅទីនោះ។ ក្រោយមក អែម ធ្វើការក្នុងកងចល័ត ហើយគាត់ត្រូវដកស្ទូង និងដាំត្រប់ជាមួយសមាជិកក្រុមទាំងអស់ជាង១០នាក់។ ក្រៅពីនេះ អែម ក៏ត្រូវធ្វើជីអាចម៍គោ ដោយគាត់ត្រូវកាត់ទន្ទ្រានខេត្តយកទៅដាក់ក្នុងពាង។ ក្នុងមួយពេល អែម ទទួលបានបបរមួយវែកប៉ុណ្ណោះ។ អែម និយាយថា បបរនោះមានលាយជាមួយព្រលិត និងដើមល្ហុង។ ជួនកាល អែម ទទួលបានតែក្តួច ឬដំឡូងប៉ុណ្ណោះ។ អែម ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ស្ត្រីម្នាក់ដែលលួចហូប ត្រូវខ្មែរក្រហមចងស្លាបសេក និងយកទៅវាយសម្លាប់។  ចំណែកកូនតូចរបស់ស្ត្រីដែលខ្មែរក្រហមសម្លាប់នោះ ត្រូវបានខ្មែរក្រហមបោកនឹងគល់ឈើ។

ចំណែកប្តីរបស់អែម ត្រូវទៅនេសាទត្រី។ ក្រោយមក ប្តីរបស់អែម បានកើតជំងឺគ្រុនចាញ់រហូតដល់ស្លាប់។ នៅរបបខ្មែរក្រហម អែម បានបាត់បង់កូនប្រុស៣នាក់ ដោយឈ្មោះ រិន ស្លាប់ដោយសារជំងឺទាចទឹក, ឈ្មោះ រ៉ាន ស្លាប់ដោយសារឈឺក្បាល និងគ្មានថ្នាំព្យាបាលសូម្បីតែថ្នាំរាងដូចអាចម៍ទន្សាយ និងឈ្មោះ រឿន ស្លាប់ដោយសារលង់ទឹក។ ក្រៅពីប្តីនិងកូនប្រុសទាំងបីនាក់របស់អែម គាត់បានបាត់បង់បងប្រុសរបស់គាត់ម្នាក់នៅភូមិកំពង់ត្រាច។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អែម បានត្រលប់មករស់នៅភូមិត្រាច និងប្រកបរបរធ្វើស្រែចម្ការ។ តាំងពីពេលនោះមក អែម មិនដែលនិយាយរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនោះទេ៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin