ចេត យឿម៖ កងចល័តទី១

ចេត យឿម រស់នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ ចេត យឿម ភេទស្រី មានអាយុ៦៧ឆ្នាំ។ យឿម រស់នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានភូមិកំណើតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យឿម មានឪពុកឈ្មោះ ចេត (ម្ដាយមិនចាំឈ្មោះ)។

កាលពីកុមារភាព យឿម បានរៀនត្រឹមថ្នាក់ទី៥។ នៅរបប លន់ នល់ យឿម បានចូលរៀនសិល្បៈ និងធ្វើការក្នុងកងសិល្បៈនៅតំបន់រំដោះ។ បន្ទាប់មក យឿម បានរៀបការជាមួយប្តីរបស់គាត់ឈ្មោះ ពក គ្រីន ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ។ អំឡុងពេលមានការទម្លាក់គ្រាប់បែកនៅភូមិត្មាតពង យឿម បាននាំកូនរបស់គាត់ទៅពួនក្នុងលេណដ្ឋាន។

នៅឆ្នាំ១៩៧៥ យឿម ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។ យឿម ត្រូវលើកភ្លឺស្រែ, ជញ្ជូនជី, កាប់ដីដំបូក និងកាប់ទន្ទ្រានខេត្តនៅភូមិរុន។ ក្រោយមក ក្រុមគ្រួសាររបស់យឿម ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅភូមិយាងទេស។ សម្ភារនិងទ្រព្យសម្បត្តិទាំងអស់របស់ប្រជាជនត្រូវប្រមូលដាក់នៅរោងសហករណ៍។

ក្រោយមក យឿម ត្រូវធ្វើការក្នុងកងចល័តទី១ ដោយគាត់ត្រូវដកស្ទូង។ យឿម ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបបរលាយជាមួយដើមចេក, ដើមល្ហុង និងក្តួច។ យឿម និយាយថា នៅរបបខ្មែរក្រហមគាត់គ្មានអំបិលហូបទេ។ ជួនកាល កងសេដ្ឋកិច្ចចែកបាយក្រៀម ដោយក្នុងមួយគ្រួសារទទួលបាន២ទៅ៣គីឡូ សម្រាប់ហូប២ទៅ៣ថ្ងៃ។

យឿម ត្រូវក្រោកនៅម៉ោង៣យប់ទៅធ្វើស្រែប្រាំង នៅវត្តរុន។ កូនរបស់គាត់យកទៅផ្ញើនៅរោងកុមារ។ បន្ទាប់ពីសម្រាកនិងហូបអាហារពេលល្ងាចរួច យឿម ត្រូវកិនស្រូវរហូតដល់ម៉ោង៩យប់ ទើបគាត់ត្រលប់មកផ្ទះ។ ក្នុងមួយសប្តាហ៍ ប្រជាជនក្នុងសហករណ៍ទាំងអស់ត្រូវចូលរួមប្រជុំម្តង ហើយនរណាដែលមិនចូលរួមប្រជុំនឹងត្រូវឈ្លបវាយសម្លាប់ ឬឃុំខ្លួននៅមន្ទីរឃុំឃាំង ស្ថិតនៅវត្តរុន។ នៅពេលកើតជំងឺបូស យឿម បានទៅសម្រាកព្យាបាល និងលេបថ្នាំរាងដូចអាចម៍ទន្សាយនៅមន្ទីរពេទ្យវត្តខ្សាច់។ ក្រោយមក យឿម បានលួចកាប់ឫសឈើ និងដាំទឹកផឺក ទើបគាត់ជាសះស្បើយ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ យឿម បានត្រលប់ទៅផ្ទះរបស់គាត់វិញ។ នៅពេលទៅដល់ គាត់ឃើញមានតែសសរផ្ទះប៉ុណ្ណោះ។ ក្រោយមក យឿម មានកូនចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ ហើយគាត់បានមករស់នៅភូមិក្រពើរហូតមកទល់បច្ចុប្បន្ន៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin