លួន ហុន៖ ធាងដូង

លួន ហុន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ លួន ហុន ភេទស្រី មានអាយុ៥២ឆ្នាំ។ ហុន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហុន មានភូមិកំណើតនៅភូមិជ្រៃ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ហុន មានម្ដាយឈ្មោះ ហេង (ឪពុកមិនចាំឈ្មោះ)។

នៅរបប លន់ នល់ ក្រុមគ្រួសាររបស់ហុន បានចាកចេញពីភូមិកំណើត ដោយសារមានការទម្លាក់គ្រាប់បែក។ ក្រុមគ្រួសាររបស់ហុន បានទៅរស់នៅក្នុងលេណដ្ឋាននៅភ្នំបូក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាច បានចាត់ទុកក្រុមគ្រួសាររបស់ហុនជាប្រជាជនចាស់។ ហុន ត្រូវកាប់ទន្ទ្រានខេត្ត។ នៅពេលឮសំឡេងជួង ហុន ត្រូវប្រញាប់ទៅរោងបាយ និងទទួលបានបបរលាយជាមួយច្រាច់ ឬព្រលិតមួយវែក។ ហុន ត្រូវហូបចុកមិនគ្រប់គ្រាន់ និងធ្វើការហួសកម្លាំង។ ក្រោយមក ហុន ត្រូវរបួសដៃនៅពេលកាប់ទន្ទ្រានខេត្ត និងសម្រាកព្យាបាលនៅផ្ទះ។ ម្ដាយរបស់ហុនបានយកឫសឈើមកព្យាបាលគាត់។ នៅពេលគ្រុនផ្ដាសាយ ហុន ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។

មិនយូរប៉ុន្មានក្រុមគ្រួសាររបស់ហុន ត្រូវជម្លៀសទៅរស់នៅភូមិក្រចាប់ ហើយ ហុន ត្រូវឃ្វាលក្របីនៅវត្តខ្សាច់។ នៅទីនោះ ម្ដាយរបស់ហុន ប្រាប់គាត់មិនឲ្យឈរមើល ឬនិយាយអំពីខ្មែរក្រហមដែលចាប់ចងប្រជាជននោះទេ។ ខ្មែរក្រហមយកធាងដូងមកគ្របប្រជាជននៅលើរទេះ ឬឡាន និងដឹកចេញទៅ។ ប្រជាជនទាំងនោះ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាបានប្រព្រឹត្តអំពើខុសសីលធម៌ ឬខុសវិន័យរបស់អង្គការ។ ក្រោយមក ហុន ដឹងថាប្រជាជនជាច្រើនគ្រួសារដែលដឹកចេញទៅ​ត្រូវបានខ្មែរក្រហមសម្លាប់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ក្រុមគ្រួសាររបស់ហុន បានមករស់នៅភូមិត្រាច ហើយក្រុមគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហុន បានរៀបការជាមួយប្តីឈ្មោះ សយ ហូរ និងមានកូនទាំងអស់ចំនួន៧នាក់៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin