អែម វុន៖ ងូតទឹកឲ្យក្មេង

(សៀមរាប)៖ អែម វុន ភេទស្រី មានអាយុ៥៣ឆ្នាំ។ វុន មានភូមិកំណើតនិងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វុន មានឪពុកឈ្មោះ យី អែម និងម្ដាយឈ្មោះ បិន ពីត។
កាលវ័យកុមារ វុន បានរៀនត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយគាត់ត្រូវឃ្វាលគោ។ មិនយូរប៉ុន្មាន នៅភូមិរបស់វុនមានការទម្លាក់គ្រាប់បែក។ គ្រួសាររបស់វុនបានជីកលេណដ្ឋាននៅខាងក្រោយផ្ទះ។ វុន ចងចាំថា មានបុរសវ័យ៣០ឆ្នាំម្នាក់ស្លាប់ដោយសារគ្រាប់បែកធ្លាក់នៅជិតលេណដ្ឋានរបស់គាត់។
នៅឆ្នាំ១៩៧៥ គ្រួសាររបស់វុនត្រូវបានអង្គការខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។ ក្រោយមក វុន ឃើញខ្មែរក្រហមជម្លៀសប្រជាជន និងមានគ្រួសារចិនមួយចំនួនមកពីផ្សារសៀមរាបមករស់នៅក្នុងភូមិរបស់គាត់ ហើយខ្មែរក្រហមចាត់ទុកប្រជាជនទាំងនោះជាប្រជាជនថ្មី។
ដំបូងឡើយ គ្រួសាររបស់វុនដែលមានសមាជិក៧នាក់ ទទួលបានអង្ករ៧ស្លាបព្រាក្នុងមួយថ្ងៃ។ ឪពុកម្ដាយរបស់វុន តែងតែបេះស្លឹកដំឡូងយកមកលាយបន្ថែមជាមួយបបរ។ វុន ត្រូវខ្មែរក្រហមបញ្ជូនទៅរែកដីនៅទំនប់តាសិន។
ក្រោយមក ខ្មែរក្រហមចាត់តាំងឲ្យ វុន ធ្វើការនៅរោងកុមារ។ នៅរោងកុមារ មានស្រ្តីចំណាស់២នាក់ និងវុន ត្រូវមើលថែកុមារចំនួន៥នាក់។ ជារៀងរាលថ្ងៃ ស្ត្រីចំណាស់២នាក់នោះបង្គាប់ឲ្យ វុន ងូតទឹក និងបញ្ចុកបបរឲ្យកុមារ។ ចំណែកស្រ្តីចំណាស់នោះត្រូវត្បាញកន្ទេល។ នៅពេលល្ងាច ទើបឪពុកម្តាយរបស់កុមារទាំងនោះ មកយកកូនទៅផ្ទះ។
អំពីរបបអាហារ វុន ត្រូវដើរទៅរោងបាយនៅម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច ហើយគាត់ទទួលបានបបរមួយវែកប៉ុណ្ណោះសម្រាប់ហូបក្នុងមួយពេល។ វុន និយាយថា នៅសហករណ៍ដែលគាត់រស់នៅ គឺគ្មានថ្នាំសម្រាប់ព្យាបាលទេ រួមទាំងថ្នាំរាងដូចអាចម៍ទន្សាយ។ នៅពេល វុន ឬកុមារទាំងនោះមានជំងឺគ្រុនផ្ដាសាយ វុន ត្រូវដាំទឹកក្តៅទុកសម្រាប់ងូត។
នៅឆ្នាំ១៩៧៨ វុន បានឃើញខ្មែរក្រហមចាប់ចងប្រជាជនបណ្តើរឡើងឡាន និងស្លឹកដូងគ្របពីលើប្រជាជន ហើយដឹកទៅឃុំរុនតាឯក។ វុន និយាយថា យ៉ាងហោចណាស់ ក្នុងមួយថ្ងៃ គាត់ឃើញខ្មែរក្រហមដឹកប្រជាជនចំនួន១ឡានចេញទៅ។
នៅរបបខ្មែរក្រហម វុន បានបាត់បង់ឪពុកមាចំនួន២នាក់។ ឪពុកមាឈ្មោះ យី យ៉ាន ដែលកាលនោះមានអាយុ២០ឆ្នាំ បានស្លាប់ដោយសារជំងឺហើម និងពូឈ្មោះ យី យិន ដែលជាកងទ័ពខ្មែរក្រហម បានស្លាប់នៅពេលប្រយុទ្ធនៅឃុំពាក់ស្នែង។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់វុនបានត្រលប់មករស់នៅភូមិកំណើតវិញ។ នៅឆ្នាំ១៩៨៦ វុន បានរៀបការជាមួយប្តីឈ្មោះ ញ៉ែម ឆឹង និងមានកូនទាំងអស់៧នាក់ ក្នុងនោះមានស្រី៥នាក់ ហើយគាត់បានប្រកបរបរធ្វើស្រែចម្ការរហូតមកទល់សព្វថ្ងៃ៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦







