ខ្មែរក្រហមជម្លៀសខ្ញុំ និងគ្រួសារត្រូវចេញពីទីក្រុងភ្នំពេញ

(ខេត្តស្វាយរៀង) ចាប ញ៉ អាយុ ៦៥ ឆ្នាំ មានស្រុកកំណើតនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ញ៉ មានឪពុកឈ្មោះ ចាប គឿង និងម្តាយឈ្មោះ អ៊ុន សាលី។ ញ៉ ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩ នាក់ ក្នុងនោះស្រី ៤ នាក់។ កាលពីកុមារភាព ញ៉ បានរៀនសូត្របានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ញ៉ ប្រកបរបរកសិកម្ម និងរស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ញ៉ បានរៀបរាប់ថា នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្នក់ភ្លើង​សង្គ្រា​ម​​។ នៅពេលនោះ ញ៉ កំពុងរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ស្ថិតនៅឯទីក្រុងភ្នំពេញ។ ដោយសារការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែក ញ៉ និងសមាជិកគ្រួសារត្រូវរត់ទៅពួនក្នុងរណ្ដៅត្រង់សេ ដើម្បីគេចពីគ្រាប់ផ្លោង។ ការរត់ភៀសខ្លួនបែបនេះបានបន្តរហូតដល់ការដួលរលំនៃរបប លន់ នល់។

នៅឆ្នាំ១៩៧៥ ក្រោយពីខ្មែរក្រហមឡើងកាន់អំណាច ញ៉ និងសមាជិកគ្រួសារត្រូវបានបង្ខំឱ្យធ្វើដំណើរត្រឡប់មកខេត្តស្វាយរៀងវិញ។ ញ៉ និយាយថា​ដោយសារតែរបបខ្មែរក្រហមគាត់ត្រូវចេញពីផ្ទះសម្បែងនៅភ្នំពេញដោយមិនពេញចិត្ត។ ញ៉ បានរំឭកថា នៅពេលមកដល់ស្រុកកំណើតអង្គការបានប្រមូលទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារគាត់ដោយយកទៅដាក់រួមនៅសហករណ៍។ ក្រោយពីប្រមូលទ្រព្យសម្បត្តិរួច អង្គការបានចាត់តាំងឱ្យ ញ៉ ចូលទៅក្នុងកងចល័ត។ ញ៉ ត្រូវទៅស្ទូងស្រូវជាក្រុម ដែលមានសមាជិកចន្លោះពី ៣០ ទៅ ៦០ នាក់​។ អង្គការប្រើវិធីប្រកួតប្រជែងដណ្ដើមទង់រវាងក្រុមការងារមួយទៅក្រុមមួយទៀត ដើម្បីជំរុញឱ្យបង្កើនការផលិតស្រូវ។ នៅរដូវច្រូតស្រូវ ការងារក៏ត្រូវធ្វើជាក្រុមដដែល ហើយមានការប្រកួតប្រជែងតាមផែនការដែលអង្គការកំណត់។ បន្ទាប់ពីច្រូតស្រូវរួច ញ៉ ត្រូវបន្តការងារបោកស្រូវ ដើម្បីយកទៅកិនធ្វើជាអង្ករសម្រាប់ទុកក្នុងឃ្លាំងរបស់អង្គការ។ ក្រោយបញ្ចប់រដូវប្រមូលផល ញ៉ ត្រូវបានចាត់តាំងឱ្យទៅជីកប្រឡាយនៅតំបន់ស្វាយរៀង និងតំបន់ស្វាយចេក។ ញ៉ បានរំឭកថាការងារនៅតំបន់ដីរឹងជាការងារដែលពិបាកបំផុត ព្រោះដីរឹងខ្លាំង។ ចំពោះរបបអាហារវិញ ញ៉ បានរៀបរាប់ថា ក្នុងមួយថ្ងៃ អង្គការអនុញ្ញាតឱ្យហូបតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេលៗ មនុស្សម្នាក់ទទួលបានបាយតែមួយកូនចាន ហូបជាមួយសម្លត្រកួន ឬដើមចេក។ ចំពោះការរស់នៅប្រចាំថ្ងៃវិញ ញ៉ ត្រូវស្នាក់នៅតាមក្រុមការងារ ដូចជា«ក្រុម ក» «ក្រុម ខ» និង«ក្រុម គ»។ សមាជិកម្នាក់ៗត្រូវស្នាក់នៅជាមួយក្រុមរបស់ខ្លួន ព្រោះមានប្រធានក្រុម និងកងឈ្លបចុះត្រួតពិនិត្យជាប្រចាំ។ រៀងរាល់ព្រឹក មានការកំណត់ម៉ោងក្រោក និងចេញទៅធ្វើការយ៉ាងតឹងរ៉ឹង។ ជួនកាល អង្គការបញ្ជាឱ្យធ្វើការទាំងយប់ ដូចជាការស្ទូងស្រូវ និងដកសំណាបជាដើម។

ញ៉ បានរំឭកអំពីការរៀបការក្នុងរបបខ្មែរក្រហមថា នៅភូមិត្រោក ឃុំឈើទាល មានការរៀបការម្ដង រាប់រយគូ។ គូស្វាមីភរិយាត្រូវឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នាអស់មួយជីវិត និងស្មោះស្ម័គ្របម្រើអង្គការជារៀងរហូត។ ការរៀបការទាំងនេះពុំមានអាចារ្យ មេបា ឬភ្លេងការតាមប្រពៃណីខ្មែរឡើយ។

នៅចុងរបបខ្មែរក្រហម ញ៉ បានរត់ភៀសខ្លួនជាមួយប្រជាជនដទៃទៀតទៅតំបន់ដីក្រហម។ នៅទីនោះ ញ៉ បានឃើញយន្តហោះទម្លាក់ខិត្តប័ណ្ណ ដែលមានខ្លឹមសារថា ប្រទេសកម្ពុជាត្រូវបានរំដោះហើយ និងអំពាវនាវឱ្យប្រជាជនត្រឡប់ទៅផ្ទះវិញ។ ក្រោយទទួលបានដំណឹងនេះ ញ៉ និងប្រជាជនដទៃទៀតក៏បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់ពីប្រទេសត្រូវបានរំដោះ ញ៉ បានចាប់ផ្តើមប្រកបរបរធ្វើស្រែ និងបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិតគ្រួសារ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ញ៉ មានជំងឺប្រចាំកាយមួយចំនួន រួមមានជំងឺក្រពះ ពោះវៀន ជំងឺខ្លាញ់រុំថ្លើម និងបញ្ហារបួសស្មាដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin