ខ្ញុំ និងសមាជិក១០ នាក់ ត្រូវភ្ជួរស្រែឱ្យបាន៣ ហិកតាក្នុងមួយថ្ងៃ

 

(ខេត្តស្វាយរៀង) កើត សេង អាយុ ៨២ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សេង មានឪពុកឈ្មោះ កើត ឈឹម និងម្តាយឈ្មោះ ស ស៊ុំ គាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់ ក្នុងនោះស្រី ២ នាក់។ កាលពីកុមារភាព សេង រៀនសូត្របានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន សេង ប្រកបរបរកសិកម្ម និងរស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សេង បានរៀបរាប់ថា នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើង​សង្គ្រាម ហើយគាត់ និងប្រជាជន ត្រូវរត់ភៀសខ្លួនពីការបាញ់ផ្លោង។ ក្រោយពីរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រធានភូមិ និងឈ្លប បានប្រមូលទ្រព្យសម្បត្តិរបស់សេង និងប្រជាជនក្នុងភូមិ រួមមាន៖ មាស ប្រាក់ លុយកាក់ គោក្របី កង់ និងសម្ភារប្រើប្រាស់ផ្សេងៗ យកទៅរក្សាទុកក្នុងសហករណ៍ជាទ្រព្យរួម។ បន្ទាប់មក ឈ្លប បានចាត់តាំងឱ្យប្រជាជនទៅដកសំណាប ស្ទូងស្រូវ និងភ្ជួរស្រែជាក្រុម។ សេង បានរំឭកថា ការងារទាំងអស់ត្រូវធ្វើតាមផែនការដែលអង្គការកំណត់ថ្នាក់លើ។ អ្នកដែលបំពេញការងារបានលឿន និងល្អ ត្រូវបានលើកសរសើរ និងយកធ្វើជាគំរូដល់ក្រុមផ្សេងៗ។ សេង បានបញ្ជាក់ថា ពេលខ្លះ ប្រជាជនត្រូវស្ទូងស្រូវទាំងយប់ ដើម្បីបំពេញផែនការផលិតកម្ម។ ក្រៅពីការងារស្ទូងស្រូវ សេង ក៏​ត្រូវបានចាត់តាំងឱ្យភ្ជួរស្រែផងដែរ។ នៅក្នុងក្រុមការងារមាននង្គ័លចំនួន ១០ ហើយត្រូវភ្ជួរឱ្យបានប្រមាណ ៣ ហិកតាក្នុងមួយថ្ងៃ។ ចំណែកការរាស់ដីវិញ មានក្រុមការងារផ្សេងទៀតទទួលខុសត្រូវ។ នៅរដូវប្រមូលផល សេង ត្រូវចូលរួមច្រូតស្រូវ ប្រមូលស្រូវ និងបោកបែនស្រូវ។ សេង បានរៀបរាប់ថា ប្រសិនបើក្រុមច្រូតស្រូវបានពីរហិកតាក្នុងមួយថ្ងៃ ក្រុមបោកស្រូវក៏ត្រូវបោកស្រូវឱ្យបានស្មើគ្នាផងដែរ។ ក្រុមរបស់សេង មានសមាជិក ៥ នាក់ ដែលត្រូវរួមគ្នាបំពេញការងារនេះ។

នៅរដូវប្រាំង សេង បានចូលរួមលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ។ ក្រោយមក អង្គការបានផ្លាស់ប្តូរឱ្យ សេង ទៅធ្វើការនៅសហករណ៍ដោយទទួលខុសត្រូវផ្នែកដាំបាយ និងចម្អិនអាហារសម្រាប់កងចល័ត។ ក្នុងមួយថ្ងៃ សេង ត្រូវដាំបាយចំនួន ៤ ឆ្នាំង ដែលប្រើអង្ករប្រមាណ ២០ កំប៉ុង និងត្រូវរែកយកទៅឱ្យសមាជិកកងចល័តនៅតាមកន្លែងធ្វើការ។ ទោះបីជា សេង ជាអ្នកចម្អិនអាហារក៏ដោយ ក៏គាត់ទទួលបានរបបអាហារដូចសមាជិកកងចល័តផ្សេងទៀត​​ដែរ គឺហូបតែពីរពេលក្នុងមួយថ្ងៃ។ ក្នុងមួយពេលៗ ទទួលបានបាយមួយកូនចាន ហូបជាមួយសម្លត្រកួន ដើមចេក និងបន្លែផ្សេង​ៗ។ របបអាហារមានតិចតួច និងមិនគ្រប់គ្រាន់សម្រាប់ការងារលំបាកដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។

នៅពេលរបបខ្មែរក្រហមជិតដួលរលំ អង្គការបានជម្លៀស សេង និងសមាជិកគ្រួសារឱ្យធ្វើដំណើរទៅរស់នៅតំបន់អ្នកលឿង។ នៅទីនោះ សេង ទទួលបានព័ត៌មានដែលប្រកាសថា ប្រទេសកម្ពុជាត្រូវបានរំដោះ និងបានត្រឡប់ទៅស្រុកកំណើតវិញ។ ក្រោយទទួលបានដំណឹងនេះ សេង មានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ហើយបានវិលត្រឡប់មកស្រុកកំណើតវិញ និងបានកសាងជីវភាពរស់នៅឡើងវិញ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន សេង មិនមានជំងឺធ្ងន់ធ្ងរណាមួយឡើយ ហើយនៅតែបន្តរស់នៅជាមួយក្រុមគ្រួសារ និងប្រកបរបរជាកសិករ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin