កងចល័តបុកស្រូវ

(ខេត្តស្វាយរៀង) ពៅ ជា អាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជា មានឪពុកឈ្មោះ ពៅ ផេង និងម្តាយឈ្មោះ ហែម ធីម ហើយគាត់ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ ក្នុងនោះស្រី ២នាក់។ កាលពីកុមារភាព ជា រៀនសូត្របានត្រឹមថ្នាក់ទី៤ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ជា ប្រកបរបរជាកសិករ នៅស្រុកកំណើត។
ជា បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងឡើងកាន់អំណាច។ នៅពេលនោះប្រទេសជាតិបានធ្លាក់ចូលក្នុងស្ថានភាពមានសង្គ្រាមស៊ីវិលការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងយោធាបដិវត្តន៍ខ្មែរក្រហម និងទាហានរបប លន់ នល់។ ជា និងសមាជិកគ្រួសារ តែងតែនាំគ្នារត់គេចពីការទម្លាក់គ្រាប់ផ្លោង ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។
នៅឆ្នាំ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ នៅពេលនោះ ជា និងប្រជាជនទាំងអស់ត្រូវរស់នៅក្នុងស្ថានភាព លំបាកយ៉ាងខ្លាំង។ ជា និងប្រជាជនត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ៗ និងទទួលបានរបបអាហារមិនគ្រប់គ្រាន់។ ជា រំឭកថាអង្គការបានចាត់តាំងគាត់ឱ្យទៅធ្វើការងារនៅរោងបាយ ដើម្បីដាំបាយផ្គត់ផ្គង់ដល់សមាជិកកងចល័តនារី និងបុរស។ បន្ទាប់មក នៅរដូវធ្វើស្រែ អង្គការបានចាត់តាំងឱ្យគាត់ ទៅដកសំណាប ស្ទូងស្រូវ និងដាក់ជីស្រែ។ ចំណែកនៅរដូវប្រមូលផល ជា ត្រូវទៅច្រូតកាត់ បោកបែន និងប្រមូលស្រូវយកទៅរក្សាទុកក្នុងឃ្លាំងរួមសហករណ៍។ បន្ទាប់ពីរដូវប្រមូលផល អង្គការបានចាត់តាំង ជា ឱ្យទៅរែកដីដាក់ស្រែបន្តទៀត។ ចំពោះរបបអាហារវិញ ទោះបីជាមានស្រូវច្រើននៅរដូវប្រមូលផល ប៉ុន្តែប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យហូបឆ្អែតឡើយ ហើយអាហារភាគច្រើនជាបបរ។ ក្នុងមួយពេលអាហារ មនុស្សម្នាក់ៗទទួលបានត្រឹមបបរមួយកូនចានប៉ុណ្ណោះ។ ជាបានរំឭកថា ជារៀងរាល់ព្រឹក ឈ្លប តែងវាយជួងនៅម៉ោង ៤ ទៀបភ្លឺ ដើម្បីដាស់ប្រជាជនឱ្យក្រោកទៅធ្វើការងារតាមមុខងាររៀងៗខ្លួន។ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ទើបអង្គការអនុញ្ញាតឱ្យ ជា និងប្រជាជនហូបបាយ និងបន្តធ្វើការងាររហូតដល់ម៉ោង ៥ ល្ងាច។
ជា ក៏ត្រូវបានអង្គការចាត់តាំងឱ្យបុកស្រូវ។ ក្នុងមួយថ្ងៃអង្គការកំណត់ចំនួន ១០តៅ រួច រែង សម្អាត និងវាស់បរិមាណឱ្យបានត្រឹមត្រូវ មុនយកទៅដាក់ក្នុងឃ្លាំង។ ជា និងសមាជិក ១០នាក់ ត្រូវបុកស្រូវដោយមានប្រធានក្រុមត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីការពារមិនឱ្យមានការលួចយកអង្ករទៅហូបដែលអង្គការចាត់ទុកថាក្បត់សមូហភាព។ ជា បានរៀបរាប់ថាអ្នកបុកអង្ករមួយចំនួនបានយកអង្ករទៅហូប ហើយត្រូវបានអង្គការចាប់ខ្លួន និងនាំឱ្យមកឈរនៅចំពោះមុខប្រជាជន ព្រមទាំងឱ្យសារភាពកំហុសជាសាធារណៈ។ នៅរដូវស្ទូងស្រូវ អង្គការបានបែងចែកការងារជាក្រុម ហើយក្រុមរបស់ជា មានសមាជិកប្រមាណ ៣០នាក់ មានភារកិច្ចស្ទូងស្រូវឱ្យបានមួយហិកតា ក្នុងមួយថ្ងៃ។ កងចល័តម្នាក់ៗ មានភារកិច្ចផ្សេងៗគ្នា ដូចជា ដកសំណាប និងស្ទូងស្រូវ។ ពេលខ្លះ អង្គការបង្ខំឱ្យធ្វើការទាំងយប់ ដើម្បីប្រកួតប្រជែងដណ្ដើមទង់រវាងក្រុមនីមួយៗ។ ក្រុមដែលបំពេញការងារបានល្អ តែងតែទទួលបានការកោតសរសើរពីអង្គការ។
នៅរបបខ្មែរក្រហម ជា ធ្លាប់បានឃើញអង្គការបំផ្លាញវត្តដក់ពរ ដោយវាយកម្ទេចវិហារ និងព្រះពុទ្ធបដិមា។ ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក និងចាត់ចែងឱ្យទៅចូលរួមធ្វើការដូចប្រជាជនក្នុងភូមិ។ វត្តអារាមត្រូវបានប្រើប្រាស់ជាសហករណ៍ ជាឃ្លាំងរក្សាទុកស្រូវ ឬជាមន្ទីរឃុំឃាំង។ ព្រះពុទ្ធបដិមាជាច្រើនត្រូវបានវាយកម្ទេច និងទម្លាក់ចូលក្នុងស្រះទឹក។
នៅចុងរបបខ្មែរក្រហម ជា ត្រូវបានជម្លៀសទៅតំបន់អ្នកលឿង។ នៅទីនោះ ជា បានឃើញប្រជាជនជាច្រើនបានជួបគ្រោះថ្នាក់លង់ទឹកដោយសារតែមានប្រជាជនជាច្រើនត្រូវបានបង្ខំឱ្យជម្លៀសតាមស្រឡាងក្នុងពេលតែមួយ។ ក្រោយមកប្រទេសកម្ពុជាត្រូវបានរំដោះ ជា និងប្រជាជនបានអបអរសាទរ ហើយបាននាំគ្នាធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ នៅស្រុកកំណើត ជា បានប្រកបរបរជាកសិករដើម្បីចិញ្ចឹមជីវិត និងគ្រួសារ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ជា មានជំងឺឈឺសន្លាក់ដៃ និងសន្លាក់ជើង៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

