កងដឹកជញ្ជូនស្បៀងនៅឃុំស្វាយធំ

(ខេត្តស្វាយរៀង) សួស សាម៉ុន អាយុ ៦៦ ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាម៉ុន មានឪពុកឈ្មោះ សួស សុខ និងម្តាយឈ្មោះ សុខ អ៊ុត ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្រុសចំនួន ៤ នាក់។ កាលពីកុមារភាព សាម៉ុន រៀនសូត្របានត្រឹមថ្នាក់ទី ៣ ក្នុងសម័យសង្គមរាស្ត្រនិយម​។

សាម៉ុន បានរៀបរាប់ថានៅឆ្នាំ ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែង។ នៅពេល លន់ នល់ ឡើងកាន់កាប់អំណាច ប្រទេសជាតិចាប់ផ្តើមជួបប្រទះភ្លើងសង្គ្រាមស៊ីវិល និងការប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ។ ក្រោយមកកងទ័ពបដិវត្តន៍ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់ និងបានផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យទៅជារបបខ្មែរក្រហម។

នៅពេលខ្មែរក្រហមឡើងកាន់កាប់អំណាច ឈ្លប និងមេភូមិបានដើរប្រមូលទ្រព្យសម្បត្តិ មាសប្រាក់ សម្ភារ និងសត្វពាហនរបស់ប្រជាជនយកមកធ្វើជាកម្មសិទ្ធិរួម។ អង្គការចាប់ផ្តើមចាត់តាំង សាម៉ុន និងប្រជាជនក្នុងភូមិឱ្យធ្វើការងាររួម និងហូបបាយរួមគ្នានៅរោងបាយរួប។ ដំបូងឡើយ សាម៉ុន ទទួលបានរបបបាយ ២ ពេលក្នុង ១ ថ្ងៃ តែក្រោយមកត្រូវប្តូរទៅជាបបរមួយកូនចាន ហូបជាមួយសម្លត្រកួន ត្រកៀត ឬដើមចេក​។ កាលនោះ សាម៉ុន ត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាអ្នកដឹកជញ្ជូនស្បៀង ដូចជាដើមចេក អង្ករ និងត្រី ដាក់តាមសហករណ៍នានាក្នុងឃុំស្វាយធំ។ គាត់ត្រូវដឹកជញ្ជូនម្តងៗចំនួន ៣ រទេះគោ ហើយនៅពេលអស់ គឺត្រូវដឹកទៅទៀតតាមការចាត់តាំង។ ក្រៅពីដឹកជញ្ជូនស្បៀង សាម៉ុន និងសមាជិកកងចល័ត ៣ នាក់ទៀត ត្រូវបានអង្គការចាត់តាំងឱ្យទៅមើលគោប្រមាណជាង ១០០ ក្បាល។ នៅរៀងរាល់ពេលល្ងាច សាម៉ុន តែងឃើញអង្គការហៅសមាជិកកងចល័តមកប្រជុំដើម្បីធ្វើស្វ័យតិទៀនពីគ្នាទៅវិញទៅមក ប្រសិនបើអ្នកណាដែលត្រូវគេរិះគន់ច្រើន នឹងត្រូវយកទៅអប់រំបន្ថែម ហើយបើនៅតែមិនរាងចាលទេ គឺត្រូវយកទៅកសាង (ឬយកទៅសម្លាប់)។ សាម៉ុន ធ្លាប់ឃើញអង្គការនាំប្រជាជនដែលអង្គការចោទប្រកាន់ថាប្រឆាំងយកទៅសម្លាប់។ ក្រៅពីនោះ សាម៉ុន ក៏ធ្លាប់ឃើញឈ្លបប្រើយុវជនឱ្យវាយកម្ទេចព្រះបដិមា និងបំផ្លាញព្រះវិហារផងដែរ។

ក្រោយពេលរបបខ្មែរក្រហមបានដួលរលំ សាម៉ុន បានត្រឡប់មករស់នៅជួបជុំគ្រួសារនៅស្រុកកំណើតវិញ និងប្រកបរបរជាកសិកររហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សាម៉ុន មានជំងឺប្រចាំកាយគឺគ្រួសក្នុងប្រមាត់៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin