នាំឪពុកទៅធ្វើស្បែកគោ ប៉ុន្តែការពិតយកទៅសម្លាប់

(ព្រះវិហារ) នូ សារុំ បច្ចុប្បន្នមានអាយុ៦៦ឆ្នាំ មានទីលំនៅរស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឆ្នាំ១៩៧៥ អង្គការបានចាប់បង្ខំជម្លៀស សារុំ ចេញពីភូមិកំណើតឈ្មោះភូមិដំណាក់សង្កែ សង្កាត់ព្រែកម្ពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើដំណើរឆ្ពោះមកកាន់ខេត្តព្រះវិហារ។ សារុំ បានធ្វើដំណើរមកដល់ភូមិពោធិ៍ទាបនៅឆ្នាំ១៩៧៦ ពេលមកដល់ភ្លាម អង្គការបានបញ្ជាឱ្យសាងសង់ផ្ទះស្នាក់នៅទីនោះ ប៉ុន្តែការរស់នៅទីនោះមិនបានយូរប៉ុន្មានទេ អង្គការបានបន្តការជម្លៀស សារុំ បន្តដំណើរទៅភូមិថ្មីមួយទៀត (មិនចាំឈ្មោះ)។

អំឡុងពេលស្នាក់នៅភូមិថ្មី សារុំ មានជំងឺធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់រឹងខ្លួនប្រាណ ទើបអង្គការសម្រេចបញ្ជូនមកសម្រាកព្យាបាលនៅឯភូមិបុះ។ ពេលព្យាបាលជំងឺបានជាសះស្បើយ អង្គការបានបញ្ជូន សារុំ ឱ្យត្រឡប់ទៅភូមិពោធិ៍ទាបវិញ។ ជីដូនរបស់ សារុំ បានទទួលមរណភាពបាត់បង់ជីវិតនៅភូមិពោធិ៍ទាបនោះឯង។ សារុំ គឺជាក្មេងកំព្រាម្តាយតាំងពីតូច បន្ទាប់ពីម្តាយស្លាប់ អង្គការបានផ្សំផ្គុំឪពុករបស់ សារុំ ឱ្យរៀបការជាមួយស្ត្រីមេម៉ាយម្នាក់ទៀត ចាប់ពីពេលវេលានោះមក សារុំ ចាប់ផ្តើមមានម្តាយចុង។ ម្តាយចុងនោះបានធ្វើការចោទប្រកាន់ឪពុក សារុំ ថាមានបំណងចង់លួចរត់ទៅកាន់ប្រទេសថៃ។

ក្រោយហេតុការណ៍ចោទប្រកាន់នោះ អង្គការបានជម្លៀស សារុំ ឱ្យត្រឡប់មកភូមិបុះ រួចបញ្ជូនបន្តឱ្យទៅធ្វើការងារលើកទំនប់នៅឯស្រុកឆែប។ នៅឆ្នាំ១៩៧៧ អំឡុងពេលកំពុងធ្វើការនៅឆែប អង្គការបាននាំឪពុករបស់ សារុំ ទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ។ ពេលនោះអង្គការបានភូតកុហកប្រាប់ សារុំ ថានាំឪពុកទៅធ្វើស្បែកគោ តែការពិតអង្គការយកទៅសម្លាប់ចោល។ បន្ទាប់ពីឪពុកស្លាប់បាត់បង់ជីវិតទៅ សារុំ ត្រូវបន្តរស់នៅភូមិបុះរហូតមក ជីវិតរស់នៅពេលនោះគឺមានការលំបាកវេទនាយ៉ាងខ្លាំងបំផុត។

បន្ទាប់មក អង្គការបានបញ្ជាឱ្យ សារុំ ធ្វើផ្ទះគំរូមួយប្រចាំនៅភូមិនោះ អង្គការបានផ្តល់រទេះគោមួយនឹម ប្រដាប់ប្រដាផ្សេងៗសម្រាប់ការសាងសង់ផ្ទះនោះ។ ជួនកាលនៅពេលយប់ សារុំ បានទៅដើរឆ្លុះសត្វជាមួយអ្នកភូមិមួយចំនួន ពេលចាប់បានសត្វព្រៃ អ្នកភូមិបាននាំគ្នាលួចហូបនៅក្នុងព្រៃរហូតអស់រលីង។ ពេលអង្គការត្រូវចេញដំណើរទៅក្នុងព្រៃម្តងៗ អង្គការតែងតែហៅ សារុំ ឱ្យទៅជាមួយជានិច្ច ព្រោះ សារុំ ជាមនុស្សមានចរិតស្លូតត្រង់មិនរឹងរូស។

សម្រាប់ការហូបចុកប្រចាំថ្ងៃ អង្គការតម្រូវឱ្យហូបតែបបររាវៗជាមួយសម្លប៉ុណ្ណោះ។ ប៉ុន្តែមានខែខ្លះនៅរដូវច្រូតកាត់ អង្គការបានផ្តល់បាយសឱ្យហូប ពេលផុតរដូវច្រូតកាត់នោះ អង្គការតម្រូវឱ្យហូបបបរធម្មតាវិញ។ សារុំ មានបងប្អូនបង្កើតចំនួន៥នាក់ តែមានម្នាក់បានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ អង្គការបានបង្ខំឱ្យព្រះសង្ឃលាចាកសិក្ខាបទ និងបានរុះរើទីតាំងវត្តអារាមដើម្បីយកទៅធ្វើជាផ្ទះបាយរួម ឬយកធ្វើជាកន្លែងផ្ទុកទឹកសម្រាប់ប្រើប្រាស់។

សម្ភាសន៍ដោយ៖ រី ប៊ុន្នាត ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin