អង្គការឱ្យសម្រាកមួយខែក្រោយសម្រាលកូន

(ព្រះវិហារ) ង៉ិន រឹម មានអាយុ៧៤ឆ្នាំ រស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧០ រឹម រស់នៅភូមិបុះ បានរៀបការនិងមានកូនចំនួន២នាក់។ ក្នុងអំឡុងឆ្នាំនោះ ខ្មែរក្រហមចាប់ផ្តើមចូលមកដល់ភូមិរបស់ប្រជាជន ប៉ុន្តែមិនទាន់មានឥទ្ធិពលក្នុងការរៀបចំផ្លាស់ប្ដូរស្ថានភាពនៅក្នុងភូមិនៅឡើយទេ។

លុះឈានចូលដល់ឆ្នាំ១៩៧២ ខ្មែរក្រហមចាប់ផ្តើមមានអំណាចគ្រប់គ្រង និងរៀបចំឱ្យមានការហូបរួម ស្នាក់នៅរួម ព្រមទាំងធ្វើការងាររួម។ ពេលនៅភូមិបុះ រឹម បានចុះធ្វើស្រែព្រមទាំងលើកទំនប់ធម្មតាដូចប្រជាជនដទៃទៀត។ រឹម បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ការលំបាកខ្លាំងបំផុតនៅក្នុងភូមិបុះ គឺជាបញ្ហាការហូបចុក ការច្រណែនឈ្នានីសគ្នា ព្រមទាំងការធ្វើទុក្ខបុកម្នេញពីសំណាក់មេក្រុម ឬអ្នកដែលមានតួនាទីនៅក្នុងរបបនោះ។ គាត់បានបន្តថា គ្រួសារមេក្រុមតែងតែបានហូបឆ្អែត ចំណែកឯប្រជាជនធម្មតាហូបចុកមិនដែលបានឆ្អែតឡើយ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ បានជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន មកដល់តំបន់ដែល រឹម រស់នៅ។ ពេលនោះ រឹម ត្រូវបានអង្គការជម្លៀសបន្តទៅរស់នៅភូមិឆែបកើត ស្រុកឆែប។ នៅភូមិឆែបកើត មានការចាត់តាំងឱ្យប្រជាជនធ្វើស្រែ និងលើកទំនប់ ប៉ុន្តែការហូបចុកមិនសូវមានការលំបាកដូចកាលនៅភូមិបុះទេ។ ការហូបចុកគឺហូបបបរដូចគ្នាមែន ប៉ុន្តែទទួលបានបរិមាណហូបឆ្អែតជាងនៅភូមិបុះ។ ពេលរស់នៅទីនោះ រឹម មានផ្ទៃពោះ ប៉ុន្តែនៅតែបន្តធ្វើការងារធម្មតាជាប្រចាំ។ ពេលអាយុកាលទម្ងន់កាន់តែច្រើនខែ រឹម មិនអាចលើកទំនប់ឬស្ទូងបន្តទៀតបាន រឹម បានផ្លាស់ប្ដូរការងារទៅជីកទំពាំងឬជីកក្តួច។ ពេលរកបានមក រឹម យកទៅប្រគល់ឱ្យអង្គការដាក់ជាទ្រព្យរួមខ្លះ ព្រមទាំងលួចលាក់ទុកឱ្យកូនខ្លះ។

បន្ថែមពីនេះ រឹម តែងតែចេញទៅរកឧស ឬចាប់សត្វផ្សេងៗយកមកប្រគល់ឱ្យអង្គការ។ ពេលមកដល់ទីតាំង រឹម តែងតែរក្សាទម្លាប់បែងចែកផលចំណេញទៅឱ្យអង្គការ លាក់ទុកសម្រាប់ខ្លួនឯងខ្លះ។ រឹម បានបន្តធ្វើការងាររហូតដល់ថ្ងៃឈឺពោះសម្រាលទើបអង្គការអនុញ្ញាតឱ្យទៅសម្រាកនៅមន្ទីរពេទ្យ។ ពេលសម្រាលកូនរួច អង្គការផ្តល់អង្ករចំនួន៣កំប៉ុងក្នុងមួយថ្ងៃ ប៉ុន្តែ រឹម ហូបមិនឆ្អែតទេ ព្រោះទើបសម្រាលកូនរួចមានអាការឃ្លានខ្លាំង។ អំឡុងពេលកូនខ្ចី អង្គការអនុញ្ញាតឱ្យសម្រាកត្រឹមតែមួយខែគត់។ ពេលមិនទាន់មានលទ្ធភាពធ្វើការងារធ្ងន់ អង្គការតម្រូវឱ្យ រឹម អុំអង្ករនៅរោងកិនស្រូវ។

កាលវេលាបន្តបន្ទាប់មកទៀត រឹម បានចូលរួមបំពេញការងារជាអ្នកសេដ្ឋកិច្ច។ ពេលបំពេញការងារនោះ អ្នករួមការងារតែងតែលួចយកអង្ករមកទុកដាំបាយឱ្យគ្រួសារហូប ប៉ុន្តែ រឹម មិនហ៊ានលួចយកដូចអ្នកដទៃទេព្រោះមានស្ថានភាពនៅពេលនោះមានការរឹតបន្តឹងខ្លាំង។ ពេលមានបាយឬបបរសល់ទើប រឹម ហ៊ានយកមកឱ្យកូនៗហូប។ ធ្វើការងារសេដ្ឋកិច្ចមិនបានយូរប៉ុន្មាន រឹម បានសុំឈប់បំពេញការងារនេះក្រោមលេសថាកូនមានជំងឺ។ ពេលឈប់ធ្វើជាអ្នកសេដ្ឋកិច្ច អង្គការបានចាត់តាំង រឹម ឱ្យទៅមើលព្រមទាំងយាមស្រែឡើងទឹក។ អង្គការបានសាងសង់ខ្ទមតូចមួយសម្រាប់ រឹម ស្នាក់នៅសម្រាក។ ជារៀងរាល់ថ្ងៃនៅពេលយាមស្រែ រឹម តែងតែនាំកូនៗទៅបាច់ត្រីឬស្ទូចត្រីដើម្បីបានម្ហូបអាហារ។ ការរស់នៅកន្លែងយាមស្រែនោះមានត្រឹមតែ រឹម ព្រមទាំងកូនៗប៉ុណ្ណោះ។ លុះដល់ឆ្នាំ១៩៧៩ រឹម បានធ្វើដំណើរត្រឡប់មកស្នាក់នៅភូមិកំណើតវិញ។ ពេលធ្វើដំណើរត្រឡប់មកវិញ មានការលំបាកយ៉ាងខ្លាំងព្រោះមានកងទ័ពវៀតណាមចូលមកដល់ ព្រមទាំងមានការបាញ់គ្រាប់ប្លោងជាច្រើន។ មុនពេលមកដល់ភូមិកំណើត រឹម បានរត់ភៀសខ្លួនទៅទីតាំងផ្សេងៗជាច្រើនដើម្បីគេចចេញពីគ្រាប់។

សម្ភាសន៍ដោយ៖ រី ប៊ុន្នាត ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin