នៅតែទ្រាំដើម្បីជីវិត

 

(ព្រះវិហារ) ជួន ឃៀង មានអាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងចន្លោះឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ ឃៀង បានបួសជាព្រះសង្ឃ។ ឃៀង មានបងប្អូនបង្កើតចំនួន៥នាក់ ដែលសុទ្ធសឹងតែជាប្រុសទាំងអស់។ ជាអកុសល នៅក្នុងរបបខ្មែរក្រហម ឃៀង បានបាត់បង់ប្អូនប្រុសម្នាក់។

ចូលដល់ឆ្នាំ១៩៧០ ឃៀង គឺជាពលរដ្ឋធម្មតាធ្វើការងារស្រែចម្ការ ដែលឆ្លងកាត់ការធ្វើការងារយ៉ាងលំបាកបំផុត។ ភូមិដែល ឃៀង រស់នៅត្រូវបានខ្មែរក្រហមចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧១ មកម្ល៉េះ។ ក្រោយមក នៅក្នុងឆ្នាំ១៩៧១ អង្គការបានបញ្ជូន ឃៀង ឱ្យទៅរៀនពេទ្យបានរយៈពេល៦ខែ ហើយអង្គការឱ្យមកធ្វើជាពេទ្យនៅក្នុងឃុំវិញ។ សម្រាប់ការធ្វើជាពេទ្យនៅពេលនោះ ឃៀង ថាមិនទាន់ចេះអ្វីទេ ប៉ុន្តែដោយសារការចាប់បង្ខំទើបគាត់ព្រមធ្វើ។ ការធ្វើពេទ្យនេះគ្មានការចាក់ថ្នាំអ្វីទេ គឺមានតែការទៅរកដើមថ្នាំខ្មែរតែប៉ុណ្ណោះ។

នៅឆ្នាំ១៩៧២ អង្គការបានបញ្ជូន ឃៀង ឱ្យទៅរៀនម្តងទៀត។ ពេលកំពុងរៀននោះ ឪពុករបស់ឃៀង បានទទួលមរណភាព។ នៅចុងឆ្នាំដដែលនោះ ឃៀង មានជំងឺប្រចាំកាយ ទើបឈប់រៀនមកនៅជាមួយនឹងជីដូនរបស់គាត់។ ការរស់នៅជាមួយជីដូន ឃៀង ធ្វើស្រែធម្មតា។ នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ឃៀង បន្តធ្វើការងារស្រែចម្ការជាធម្មតា។ លុះដល់ឆ្នាំ១៩៧៥ ជាឆ្នាំដែលអ្នករស់នៅទីក្រុងភ្នំពេញត្រូវបានខ្មែរក្រហមបានជម្លៀសមក អង្គការបានចាត់តាំង ឃៀង ឱ្យទៅនៅភូមិភ្ញៀច័ន្ទ ដើម្បីព្យាបាលប្រជាជន១៧មេសា។ នៅអំឡុងពេលនោះ ឃៀង មានអាយុ២១ឆ្នាំ។ ការរស់នៅក្នុងភូមិភ្ញៀច័ន្ទបានប្រហែលជា៤ខែ ខ្មែរក្រហមបានជម្លៀសគាត់មកនៅភូមិបុះវិញ ដើម្បីមកព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យឃុំម្លូព្រៃ។

ចាប់ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ឃៀង បន្តធ្វើជាគ្រូពេទ្យដដែល ប៉ុន្តែនៅក្នុងឆ្នាំនោះមានការលំបាកជាងមុន។ ឃៀង ធ្វើការងារនៅក្នុងមន្ទីរពេទ្យឃុំម្លូព្រៃ មានតួនាទីជាបុគ្គលិកធម្មតា ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ស៊ីម ក្នុងនោះមានសមាជិកជាង២០នាក់។ ការហូបចុករបស់គ្រូពេទ្យគឺហូបបបរជាមួយសម្លដូចទៅនឹងប្រជាជនធម្មតា។ នៅក្នុងឆ្នាំ១៩៧៦ អង្គការបានរៀបចំឱ្យ ឃៀង មានប្រពន្ធ។ ពេលនោះមាន៥គូ ដែលអង្គការចាប់ឱ្យរៀបការ ហើយក្រោយមក ឃៀង រស់នៅជាមួយប្រពន្ធជាធម្មតា។ នៅឆ្នាំ១៩៧៨ ឃៀង បានឈប់ធ្វើជាគ្រូពេទ្យ, ខ្មែរក្រហមបានចាត់តាំងគាត់ឱ្យទៅធ្វើការងារស្រែចម្ការ និងការលើកទំនប់ជាធម្មតា។

នៅក្នុងរបបនោះ ឃៀង បានឃើញខ្មែរក្រហម រុះរើផ្ទះសំបែងរបស់ប្រជាជន និងវាយបំផ្លាញរូបព្រះពុទ្ធប្បដិមាទម្លាក់ចូលទឹកស្រះ។ ខ្មែរក្រហមបានរុះរើយកឈើទៅធ្វើផ្ទះបាយ និងធ្វើអ្វីៗផ្សេងទៀត។ មិនតែប៉ុណ្ណោះ ឃៀង ធ្លាប់បានឃើញខ្មែរក្រហមចាប់មនុស្សទៅ ប៉ុន្តែគាត់មិនបានដឹងថាចាប់យកទៅទីណានោះទេ ប៉ុន្តែអ្នកទាំងប៉ុន្មានដែលត្រូវនាំខ្លួនទៅគឺមិនដែលបានត្រឡប់មកវិញឡើយ។

សម្ភាសន៍ដោយ៖ រី ប៊ុន្នាត ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin