ធ្វើការនៅក្បែរភ្នំបូរីដែលជាកន្លែងធ្វើការធ្ងន់ និងសម្លាប់មនុស្ស

កុ ឡាយ អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឡាយ មានបងប្អូន៣នាក់ ក្នុងនោះគាត់គឺជាកូនស្រីច្បង និងមានប្អូនប្រុសពីរនាក់។ គ្រួសាររបស់ឡាយ មានជីវភាពធូរធារ ប៉ុន្តែឪពុករបស់គាត់ បានស្លាប់តាំងពីបងប្អូនគាត់នៅក្មេង។
នៅឆ្នាំ១៩៧០ ឡាយ បានរៀបការនៅអាយុ១៦ឆ្នាំ មុនពេលរដ្ឋប្រហារកើតឡើង។ ពេលរៀបការរួច ឡាយ បានផ្លាស់ទីពីភូមិទួលសាំង ទៅរស់នៅភូមិស្វាយខាងត្បូង ដែលជាស្រុកកំណើតប្ដី។ បន្ទាប់មក នៅពេលខ្មែរក្រហមគ្រប់គ្រងក្នុងភូមិ ប្អូនប្រុសរបស់ឡាយម្នាក់ត្រូវចូលទៅធ្វើការក្នុងកងកុមារ ហើយប្អូនម្នាក់ទៀតបានចេញទៅធ្វើជាយោធា។ ចំពោះម្ដាយចាស់ជរា អង្គការបានប្រើឲ្យកាត់ត្រកួន និងចិញ្ចឹមជ្រូក។
ចំណែក គ្រួសាររបស់ឡាយ ដែលមានជីវភាពធូរធារត្រូវបានអង្គការចាត់ទុកថាជាវណ្ណៈថ្នាក់លើ និងត្រូវជម្លៀសឲ្យទៅរស់នៅភ្នំបូរី។ នៅទីនោះ អង្គការបានបញ្ជូនប្ដីរបស់ឡាយ ឲ្យទៅធ្វើជាជាងក្បែរជើងភ្នំ និងអនុញ្ញាតឲ្យមកសម្រាកជាមួយឡាយមួយយប់ដោយក្នុង១ខែ មាន៣ដងនៅថ្ងៃទី១០ ទី២០ និងទី៣០។ នៅពេលបានជួបគ្នា អ្នកដែលមានប្ដីប្រពន្ធត្រូវសម្រាកលើផ្ទះ ឬរោងជាមួយគ្នា ប៉ុន្តែត្រូវចងមុងផ្សេងគ្នា ហើយនៅថ្ងៃបន្ទាប់ត្រូវតែត្រលប់ទៅធ្វើការវិញ។
ចំពោះ ឡាយ ត្រូវបានអង្គការចាត់តាំងឲ្យចូលក្រុមកងចល័ត ដើម្បីធ្វើការដក និងស្ទូងសំណាបក្បែរសហករណ៍។ នៅពេលធ្វើការ ឡាយ ត្រូវយកសំណាបដែលដករួចរាល់ទៅបោកដីចេញ រួចយកទៅជ្រលក់ក្នុងលាមកប៉ិៗនៅក្នុងកាធុនខៀវមួយនៅលើភ្លឺស្រែរួចយកទៅបីស្ទូងក្នុងស្រែរហូតដល់រួចរាល់។ ឡាយ មិនចង់ធ្វើការនេះទាល់តែសោះ ព្រោះលាមកធំខ្លិនស្អុយខ្លាំង ប៉ុន្តែគាត់មិនហ៊ានបដិសេធជាមួយអង្គការ។ បន្ទាប់មក នៅពេលឡាយស្ទូងសំណាបមិនស្អាត អង្គការបានបញ្ជូនគាត់ឲ្យដើម្បីធ្វើការរែកដីវិញ។
នៅការដ្ឋានការងារ ឡាយ ត្រូវធ្វើការធ្ងន់ៗរាល់ថ្ងៃ និងផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត ហើយពេលខ្លះត្រូវបន្តរហូតដល់ពេលយប់។ មួយវិញទៀត នៅពេលជីកប្រឡាយសូន្យដប់ ឡាយ និងក្រុមរបស់គាត់ត្រូវធ្វើការក្បែរសមរភូមិប្រយុទ្ធគ្នា ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវៗជាមួយសម្លបន្លែត្រកួន ព្រលឹត ឬផ្ទី។ ដើម្បីចម្អែតក្រពះ ឡាយ បានបេះត្រួយរាំង យកមកដាក់ក្នុងបបរក្ដៅមួយចានដែលគាត់ទទួលបាន។ ក្រៅពីនេះ ឡាយ បានឆ្លៀតពេលឈប់សម្រាកពីការងារ ទៅដើររកក្ដាម និងខ្យង ទុកលួចដុតហូបបន្ថែមទៀតនៅពេលស្ងាត់។ ទោះបីជាយ៉ាងណា ឡាយ និងប្រជាជនបានហូបបាយមួយចាន ជាមួយសម្ល រយៈពេលប្រមាណ២ខែនៅរដូវប្រមូលផល។ នៅពេលឈឺ ឡាយ និងប្រជាជនធម្មតាទទួលបានត្រឹមថ្នាំខ្មៅៗ មានរាងមូលៗដូចជាអាចម៍ទន្សាយដែលធ្វើដោយខ្លួនឯងសម្រាប់លេប ប៉ុន្តែកម្មាភិបាលខ្មែរក្រហមដែលមានឋានៈខ្ពស់ គឺអាចចាក់ថ្នាំល្អៗជាងនេះ។
ឡាយ បានបន្តថា ប្រជាជនជាច្រើនគ្រួសារបានបាត់បង់ជីវិតនៅក្នុងភ្នំបូរី ព្រោះនៅពេលអង្គការបញ្ជូនប្រជាជនទៅដំបូងមានចំនួនច្រើនគ្រួសារ និងបានរៀបចំចំនួន៥កង រាប់ចាប់ពីកង១រហូតដល់កង៥។ ប៉ុន្តែនៅពេលធ្វើការបានមួយរយៈ ឡាយ បានដឹងថាមានកងមួយក្នុងចំណោមកងទាំង៥ ដែលធ្វើការនៅ ទេព ត្រូវកងឈ្លបសម្លាប់ស្ទើរតែទាំងអស់ ដោយមានតែមួយគ្រួសារប៉ុណ្ណោះបានចូលទៅធ្វើការងារក្នុងក្រុមផ្សេង។ ក្នុងការសម្លាប់មនុស្សនេះ ឡាយ មិនបានឃើញផ្ទាល់នោះទេ ប៉ុន្តែនៅពេលធ្វើការកាប់ព្រៃរបោះ និងព្រៃត្រែងខ្ពស់ នៅក្បែរកងទេព គាត់បានឮសំរែកឈឺចាប់របស់មនុស្ស ហើយនៅកន្លែងសម្លាប់ ឡាយ បានឃើញស្នាមឈាម។ ចំពោះសាកសព ឡាយ គិតថា អង្គការបានយកទៅបោះចោលក្នុងប្រឡាយ ឬបោះចោលតាមជើងភ្នំបាត់ទៅហើយ។ ចំពោះអ្នកដែលអង្គការសម្លាប់ មិនបានយកមកពីឆ្ងាយនោះទេ ភាគច្រើនគឺជាអ្នកធ្វើការជាមួយគ្នា ហើយប្រព្រឹត្តិកំហុសបន្តិចបន្តួច។ ចំណែកកង៤ ឡាយ បានដឹងថាអង្គការទុកតែ១៥គ្រួសារប៉ុណ្ណោះឲ្យទៅកងផ្សេងទៀតដែលអង្គការសម្លាប់អស់មួយចំនួនដែរ។
ក្រោយរបបខ្មែរ ឡាយ បានត្រលប់មករស់នៅស្រុកកំណើតវិញ។ ចំពោះកម្មាភិបាលមួយចំនួនឈ្មោះ គឿន កៅ ស្រេង ម៉ៅ និងអ្នកផ្សេងទៀត ដែលប្រជាជនចាប់បានគឺត្រូវយកទៅកាត់ទោសដោយគប់ដំថ្ម និងវាយធ្វើបាបដើម្បីសងសឹកវិញ ព្រោះអ្នកនោះធ្វើបាបប្រជាជនឲ្យធ្វើការងារ ឬចាប់រំលោភស្រ្ដីស្អាតៗជាច្រើននាក់នៅភូមិទួលសាំង ហើយអ្នកខ្លះមានប្ដីរួចហើយ។ ការសងសឹកននោះគឺធ្វើឡើងរយៈពេល២ ទៅ៣ថ្ងៃ រួចបញ្ជូនអ្នកទោសចេញទៅបាត់។
នៅពេលផ្ដល់បទសម្ភាសន៍ ឡាយ មានអាការចុកខ្នង និងចង្កេះ ដែលជំងឺរបស់គាត់កើតឡើងដោយសារតែការធ្វើការរែកដីធ្ងន់ៗកាលពីមុន។ ដើម្បីព្យាបាលជំងឺ ឡាយ បានប្រើប្រាស់ថ្នាំខ្មែរយកទៅដាំផឹក។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







