យូ អ៊ី ហៅ ពល ខ្មែរក្រហមចោទប្រកាន់ថាបានចូលជាមួយ «ចលនាខ្មែរស» និងមានបំណងចង់ផ្តួលរំលំបដិវត្តន៍

ចលនាខ្មែរសគឺជាចលនាតស៊ូដែលងើបឡើងប្រឆាំង និងរើបម្រះពីការគាបសង្កត់របស់ខ្មែរក្រហម។ យូ អ៊ី ហៅ ពល ភេទប្រុស នៅលីវ អាយុ ២៣ ឆ្នាំ ជាយោធានៅកងពល៣១០ ហើយគាត់ត្រូវបានចោទប្រកាន់ថាបានចូលរួមជាមួយចលនាខ្មែរស។ ពល មានស្រុកកំណើតនៅភូមិយាយទៀង ឃុំបាឡាំង ស្រុកបារាយណ៍ តំបន់៤២។ ឪពុករបស់ពលឈ្មោះ អ៊ុច អ៊ីម និងម្តាយឈ្មោះ ចាន់ ឡេង។ គាត់មានបងប្អូនចំនួន ៤ នាក់ ក្នុងនោះស្រី ២ នាក់ គឺ៖ ទី១ យូ លី, ទី២ យូ សឿង, ទី៣ យូ សៀង និងទី៤ យូ អ៊ី។[1]
នៅឆ្នាំ១៩៦៨ ពល បានរៀនសូត្រត្រឹមថ្នាក់ទី៧ រួចឈប់រៀន និងមកជួយឪពុកម្តាយធ្វើស្រែចម្ការនៅឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៦៩ ពល បានចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងបានចូលរួមប្រយុទ្ធជាមួយទាហានរបប លន់ នល់ នៅតាមផ្លូវជាតិលេខ៦។ ក្រោយពេលបាក់ទ័ព ពល បានរត់ទៅដល់ភូមិរបើក ឃុំគគីរធំ ស្រុកបារាយណ៍ តំបន់៤២។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧១ ពល បានចូលបម្រើជាយុទ្ធជននៅវរសេនាតូចលេខ៣០៨ ភូមិភាគឧត្តរ តាមរយៈឈ្មោះ ឆេង ស៊ីន ដែលមាននាទីជាស្នងការអនុសេនាតូច។ នៅខែមេសា ឆ្នាំ១៩៧២ ពល បានត្រឡប់មកផ្ទះនៅភូមិយាយទៀង ដោយសារម្តាយមានជំងឺ។ លុះដល់ខែមិថុនា ឆ្នាំដដែល ពល បានចូលបម្រើការងារនៅផ្នែកពាណិជ្ជកម្មស្រុកបារាយណ៍ តាមរយៈឈ្មោះ យូ សឿង ដែលជាគ្រូពេទ្យប្រចាំស្រុកបារាយណ៍ តំបន់៤២ និងត្រូវជាបងបង្កើតរបស់គាត់។ នៅដើមឆ្នាំ១៩៧៣ ពល បានក្លាយជាប្រធានក្រុមកងពិសេសស្នងការអនុសេនាតូច នៃវរសេនាតូចលេខ៤០៦ តំបន់៤២ ហើយនៅទីនោះ គាត់បានស្គាល់ឈ្មោះ ឡុង។ ក្រោយមក ឡុង បានហៅ ពល ទៅភូមិទ្រៀន ឃុំទ្រៀន ស្រុកកំពង់សៀម តំបន់៤២។ នៅពេលជួបគ្នា ឡុង បានលើកឡើងអំពីគុណសម្បត្តិ ស្មារតីប្រយុទ្ធ និងការលះបង់របស់យោធាបដិវត្តន៍ ប៉ុន្តែបានត្អូញត្អែរថា យោធាជាច្រើនរងរបួសដោយសារការប្រយុទ្ធ ហើយអង្គការមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់។ ពល បានឆ្លើយថា ការរងរបួសក្នុងសង្គ្រាមជារឿងធម្មតា ហើយមិនគួរទាមទារអ្វីពីអង្គការនោះទេ គឺត្រូវខិតខំកសាងខ្លួន និងទុកឱ្យអង្គការជាអ្នកមើលឃើញ។ ផ្ទុយទៅវិញ ឡុង បានប្រាប់ថា យោធាដែលខិតខំប្រយុទ្ធ និងលះបង់ជីវិតគួរតែទទួលបានការយកចិត្តទុកដាក់ពីអង្គការ។ ឡុង បាននិយាយថា យោធាខ្លះមិនសូវខិតខំប្រឹងប្រែង ប៉ុន្តែបានទទួលផលប្រយោជន៍ដោយសារមានបក្ខពួក។ ក្រោយមក ឡុង បានហៅ ពល, ប៉ុម និង ធួ ទៅហូបបាយជុំគ្នានៅភូមិទ្រៀន។ ក្នុងពេលនោះ ឡុង បានលើកឡើងអំពីបញ្ហាខ្វះខាតអាហារ និងការគ្រប់គ្រងសហករណ៍។ គាត់បាននិយាយថា ការទិញអាហារតាមរយៈសហករណ៍មានការលំបាក ហើយប្រជាជនមួយចំនួនខ្វះអាហារហូបចុក។ តាមការរៀបរាប់ក្នុងចម្លើយសារភាព ឡុង បានរិះគន់ប្រធានសហករណ៍មួយចំនួនថា បានប្រមូលទិន្នផលស្រូវទុក ដោយមិនចែកជូនប្រជាជនឱ្យបានគ្រប់គ្រាន់។ ពល បានឆ្លើយថា អង្គការបង្កើតសហករណ៍ឡើង គឺដើម្បីឱ្យប្រជាជនមានអាហារគ្រប់គ្រាន់ ប៉ុន្តែជាក់ស្តែងនៅតែមានការខ្វះខាត។ ឡុង បានឆ្លើយថា បញ្ហានេះកើតឡើងដោយសារអ្នកដឹកនាំមួយចំនួនមិនបានគិតគូរដល់ប្រជាជន។ ក្រោយការពិភាក្សា ឡុង បានផ្តាំ ពល មិនឱ្យយករឿងដែលពួកគេបាននិយាយគ្នាទៅប្រាប់អ្នកដទៃឡើយ ដោយព្រមានថា ប្រសិនបើបែកការណ៍ អាចមានគ្រោះថ្នាក់ដល់ជីវិត។
នៅខែសីហា ឆ្នាំ១៩៧៤ ឡុង បានហៅ ពល និង ប៉ុម ទៅជួបម្តងទៀត ដើម្បីនិយាយអំពីស្ថានភាពការងារបដិវត្តន៍ប្រចាំថ្ងៃ។ តាមចម្លើយសារភាព ឡុង បានលើកឡើងថា អ្នកនៅសមរភូមិជួបការលំបាកខ្លាំង ខណៈអ្នកនៅខាងក្រោយរស់នៅស្រួល និងមានអាហារហូបល្អឆ្ងាញ់ៗជាង។ នៅក្នុងការពិភាក្សានោះ ឡុង បានលើកឡើងអំពី «ចលនាខ្មែរស» និងអះអាងថា ចលនានេះកំពុងមានសកម្មភាពកាន់តែខ្លាំងនៅក្នុងតំបន់រំដោះ ដោយសារមនុស្សមួយចំនួនមិនពេញចិត្តនឹងការចាត់តាំង និងការគ្រប់គ្រងរបស់សហករណ៍។ ឡុង បានលើកឡើងបន្តថា ចលនាខ្មែរសគឺជាចលនាតស៊ូដែលងើបឡើងប្រឆាំង និងរើបម្រះពីការគាបសង្កត់របស់ខ្មែរក្រហម។ ពល បានសួរថា តើខ្មែរក្រហមនឹងទៅជាយ៉ាងណានៅថ្ងៃអនាគត។ តាមចម្លើយសារភាព ឡុង បានឆ្លើយថា នៅថ្ងៃអនាគត ខ្មែរក្រហមមួយចំនួនអាចបែរទៅចូលជាមួយខ្មែរស ដោយសារមិនចង់បន្តរស់នៅក្នុងភាពលំបាក។ បន្ទាប់មក ឈ្មោះ ប៉ុម បានលើកទឹកចិត្ត ពល មិនឱ្យ ស្ទាក់ស្ទើរ ដោយនិយាយថា អាចធ្វើទាំងខ្មែរក្រហម និងខ្មែរស ដើម្បីទុកផ្លូវសម្រាប់ខ្លួននៅពេលអនាគត។ តាមការរៀបរាប់ក្នុងចម្លើយសារភាព ពល បានឆ្លើយថា គ្មាននរណាចង់រស់នៅក្នុងភាពលំបាកឡើយ ហើយខ្លួនចង់រស់នៅស្រួល ដូច្នេះក៏ព្រមចូលរួមជាមួយចលនាខ្មែរស។
ក្រោយពី ពល យល់ព្រម ប៉ុម បានប្រាប់ឱ្យគាត់ធ្វើតាមការណែនាំរបស់ក្រុម។ ចំណែក ឡុង បានផ្តាំម្តងទៀតថា ក្រោយចូលរួមហើយ មិនត្រូវយករឿងនេះទៅប្រាប់អ្នកដទៃឡើយ ព្រោះមិនមែនជារឿងធម្មតា ហើយអាចបង្កគ្រោះថ្នាក់ដល់ខ្លួន។ នៅខែកញ្ញា ឆ្នាំ១៩៧៤ ពល និងបក្ខពួកបានរួមគ្នាបាញ់គោរបស់ប្រជាជនស្លាប់អស់ចំនួន ៤ ក្បាល យកទៅបរិភោគ នៅភូមិទ្រៀន ឃុំទ្រៀន ស្រុកកំពង់សៀម តំបន់៤២។ នៅខែកញ្ញា ឆ្នាំ១៩៧៤ ដដែល ពល បានអប់រំកសាងកម្លាំងចំនួន ៣ នាក់ក្នុងអង្គភាព រួមមាន៖ យុក ភន បញ្ជាការអនុសេនាតូច, រស់ វ៉ាត មេក្រុម និង ឃី រ៉េន មេពួក។ នៅខែមិថុនា ឆ្នាំ១៩៧៥ ពល បានចូលរួមប្រជុំជាមួយឈ្មោះ ឡុង នៅវត្តភ្នំ ក្នុងកប៉ាល់នៅមាត់ទន្លេ។ អ្នកចូលរួមប្រជុំរួមមាន៖ ពល, ប៉ុម មាននាទីជាស្នងការកងអនុសេនាធំ, ណាន មាននាទីជាស្នងការកងអនុសេនាធំ, រ៉ុន មាននាទីជាមេបញ្ជាការ, ហាន មាននាទីជាមេបញ្ជាការ, ឆាន់ មាននាទីជាអនុមេបញ្ជាការ និង ធួ មាននាទីជាអនុមេបញ្ជាការ។ ខ្លឹមសារនៃកិច្ចប្រជុំ គឺពង្រឹង ពង្រីកកម្លាំង និងបំផុសយុទ្ធជនឱ្យប្រឆាំងមាគ៌ាបដិវត្តន៍។ នៅខែមីនា ឆ្នាំ១៩៧៦ ពល បានបំផុសយុទ្ធជនមិនឱ្យដាំដូង និងធ្វើការងារ។ ពល បាននិយាយប្រាប់យុទ្ធជនថា សព្វថ្ងៃការងារច្រើន និងលំបាកណាស់ ហត់ហេវ ហូបមិនឆ្អែត និងត្រូវធ្វើការងារទាំងថ្ងៃទាំងយប់។ ហូបបបរគ្មានកម្លាំងធ្វើការងារ។ ពល និងបក្ខពួកបានប្រាប់យុទ្ធជនឱ្យធ្វើការងារតាមសមត្ថភាព មិនចាំបាច់ខំប្រឹងពេក។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧៦ ពល, ធូ និង ឆាន់ បានធ្វើលូទឹកនៅកប់ស្រូវ ដោយខុសពីផែនការបក្ស ហើយត្រូវវាយចោល និងធ្វើឡើងវិញចំនួន ៣ ដង។
នៅខែមិថុនា ឆ្នាំ១៩៧៦ ពល និងបក្ខពួកបានចូលរួមប្រជុំនៅតំបន់កប់ស្រូវ ដើម្បីរៀបចំផែនការវាយផ្តួលរំលំរបបខ្មែរក្រហមនៅទីក្រុងភ្នំពេញ ដែលគ្រោងធ្វើនៅខែកក្កដា ឆ្នាំ១៩៧៦។ ក្រោយពីប្រជុំរួចបាន ៤ ថ្ងៃ ផែនការបានបែកការណ៍ ហើយអង្គការបានចាប់ខ្លួន ពល នៅខែមិថុនា ឆ្នាំ១៩៧៦៕
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនត្រូវបានទទួលក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ យូ អ៊ី ហៅ ពល ដែលជាយោធាកងពល៣១០ មិនអាចយកមកសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ និងសួរចម្លើយដោយឈ្មោះ ពា ហៀង ហើយខ្លឹមសារនៃចម្លើយសារភាពបានទម្លាក់កំហុសលើឈ្មោះ ប៉ុម ស្នងការអនុសេនាធំទី៣ កងពល៣១០ និងឈ្មោះ ខែម ស្នងការវរសេនាតូច១១៤ កងពល៣១០ ព្រមទាំងយោធាមួយចំនួនទៀតនៅក្នុងកងពល៣១០ និងភូមិភាគឧត្តរ។
***
[1] យូ អ៊ី ហៅ ពល អាយុ២៣, ចម្លើយសារភាពលេខ J00553 (ចម្លើយលើកទី៣), ចម្លើយសារភាពនេះបង្ហាញឈ្មោះកម្មាភិបាលខ្មែរក្រហមនៃកងពល៣១០ និងភូមិភាគឧត្តរ ដែលជាក់ពាក់ព័ន្ធនឹងចលនាខ្មែរស, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦, ២៨ ទំព័រ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទទាក់ទង

ទុយ ផេង ហៅ ផៃ ៖ លេខាស្រុកកោះសូទិន តំបន់២២ ភូមិភាគបូព៌ា(២០៣)

យន់ អាត៖ ធ្វើការក្នុងពេទ្យ៦មករា ធ្វើឱ្យខ្ញុំខ្លាច ខ្លាចធ្វើការខុសខ្លាច...

ញ៉ែម ខាន់៖ ជាគ្រូពេទ្យ ដែលមិនទទួលបានការបណ្ដុះបណ្ដាលទៅលើវិជ្ជាពេទ្យ

ឈួន ឆុន៖ បាត់ដំណឹងប្អូនចំនួន៤នាក់ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៧

ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត


