ខ្ញុំ និងសមាជិក១០ នាក់ ត្រូវភ្ជួរស្រែឱ្យបាន៣ ហិកតាក្នុងមួយថ្ងៃ

(ខេត្តស្វាយរៀង) សុខ ឈួន អាយុ ៧៨ ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឈួន មានឪពុកឈ្មោះ សុខ ផូ និងម្តាយឈ្មោះ ហែម ផុង ហើយគាត់ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់ ក្នុងនោះស្រី ១ នាក់។ កាលពីកុមារភាព ឈួន រៀនសូត្របានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ឈួន ប្រកបការងារជាមេភូមិ និងរស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ឈួន បានរៀបរាប់ពីរឿងរ៉ាវកាលពីអតីកាលថា នៅឆ្នាំ១៩៦៨ គាត់ បានឈប់រៀន និងបានរៀបការនៅអាយុ ១៩ ឆ្នាំ ។ ក្រោយរៀបការ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាចាប់ផ្តើមមានសង្គ្រាម ដោយសារតែឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងប្រមុខរដ្ឋ ហើយ លន់ នល់ បានឡើងកាន់អំណាច។

នៅឆ្នាំ១៩៧៥ ក្រុមបដិវត្តន៍ខ្មែរក្រហមបានទទួលជ័យជម្នះលើរបប លន់ នល់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ហើយអ្វីៗទាំងអស់បានប្រែប្រួល។ សង្គមត្រូវបានរៀបចំជាថ្មី។ ឈួន ត្រូវបានចាត់តាំងឱ្យធ្វើជាគ្រូបង្រៀន និងឃ្វាលគោ។ នៅ ពេលព្រឹក ឈួន ត្រូវឃ្វាលគោ និងពេលថ្ងៃ និងល្ងាច គាត់ឃ្វាលគោ។

រហូតដល់ឆ្នាំ១៩៧៨ អង្គការបានផ្លាស់ប្តូរប្រធានសហករណ៍ និងជ្រើសរើសប្រធានថ្មី ដោយបានចោទប្រកាន់ប្រធានសហករណ៍មុនៗថាក្បត់។ ឈួន ត្រូវបានតែងតាំងជាប្រធានសហករណ៍ និងទទួលបន្ទុករៀបចំកម្លាំងកងចល័ត ដើម្បីទៅធ្វើការងារនៅតាមការដ្ឋាន។ ចាស់ៗត្រូវវិញខ្សែ។ កងចល័ត​ពេញកម្លាំងត្រូវជីកព្រែក លើកភ្លឺស្រែ ធ្វើជី ដាំដំណាំ ដកសំណាប និងស្ទូងស្រូវ។ ក្មេងៗត្រូវឃ្វាលគោ និងរើសអាចម៍គោ។ កម្លាំងការងារត្រូវបានរៀបចំជាក្រុម ក និងក្រុម ខ ដោយក្នុងមួយក្រុមមានសមាជិកចន្លោះពី ១២ ទៅ ១៥ នាក់។ ឈួន ទទួលបញ្ជាពីអង្គការ ដើម្បីដឹកនាំកម្លាំងដែលបានរៀបចំរួចឱ្យធ្វើការងារតាមផែនការ។ ឈួន មិនបានធ្វើការងារដោយផ្ទាល់ទេ ប៉ុន្តែជាអ្នកតាមដាន។ ឈួន បានបញ្ជាក់ថា ប្រជាជនណាមិនទៅធ្វើការ ត្រូវទទួលការពិន័យ និងត្រូវចោទថា កេងប្រវ័ណ្ចកម្លាំងពលកម្មអ្នកដទៃ។ អ្នកជំងឺត្រូវបានហៅមកប្រជុំក្នុងក្រុម និងអប់រំកសាងឱ្យ​ខិត​ខំធ្វើការងារដែលអង្គការបានដាក់ឱ្យ។ ប្រសិនបើឈឺពិតប្រាកដ ទើបត្រូវបានអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះរបបអាហារ ឈួន ទទួលបានអាហារដូចប្រជាជនទូទៅដែរ។ មនុស្សម្នាក់ៗទទួលបានបាយមួយកូនចាន ហើយសម្លផ្សំពីគល់ចេក ត្រកៀត ត្រកួន និងបន្លែផ្សេងៗ។

នៅចុងរបបខ្មែរក្រហម អង្គការបានរឹតបន្តឹងការគ្រប់គ្រងកាន់តែខ្លាំង និងចោទប្រកាន់កម្មាភិបាលខាងបូព៌ាថាក្បត់។ ឈួន និងប្រជាជនត្រូវបានជម្លៀសឱ្យទៅរស់នៅខេត្តភាគទិសខាងលិច ដោយអង្គការបានប្រើល្បិចថា កងទ័ពវៀតណាមបានចូលមកនឹងធ្វើបាបប្រជាជនខ្មែរ។ ឈួន បានធ្វើដំណើរទៅដល់តំបន់កំពង់ត្របែក ហើយបានឃើញយន្តហោះទម្លាក់ខិត្តប័ណ្ណរបស់ក្រុមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលអំពាវនាវឱ្យប្រជាជនត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយប្រកាសថាប្រទេសកម្ពុជាត្រូវបានរំដោះហើយ។ ឈួន បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ​។ បច្ចុប្បន្ន ឈួន ពុំមានជំងឺប្រចាំកាយធ្ងន់ធ្ងរណាមួយឡើយ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin