ខ្ញុំឃើញប្រជាជន ៤នាក់ ត្រូវបានខ្មែរក្រហមសម្លាប់បន្ទាប់ភៀសខ្លួនពីវៀតណាម
(ខេត្តស្វាយរៀង) ម៉ក់ សុទ្ធ អាយុ ៦៤ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក។ សុទ្ធ មានឪពុកឈ្មោះ ម៉ក់ ភៀន និងម្តាយឈ្មោះ សោម ណុន ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩ នាក់។ កាលពីកុមារភាព គាត់បានរៀនសូត្រត្រឹមថ្នាក់ទី២។
សុទ្ធ បានរៀបរាប់ថា រឿងរ៉ាវដែលគាត់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺនៅឆ្នាំ១៩៧៥ គាត់ និងសមាជិកគ្រួសារ បានមកស្នាក់នៅវត្តត្រពាំងព្រីង។ នៅទីនោះ សុទ្ធ ត្រូវបានចាត់តាំងឱ្យធ្វើការងារផ្សេងៗ ដូចជា លើកទំនប់ ជីកប្រឡាយ ចិញ្ចឹមជ្រូក និងធ្វើជាពេទ្យជាដើម។ ក្រោយមក គាត់បានទៅរស់នៅវត្តជ្រៃប្រមាណមួយឆ្នាំ ទើបត្រូវបានរំសាយឱ្យត្រឡប់មករស់នៅតាមភូមិវិញ។ បន្ទាប់មក គាត់ត្រូវបានចាត់តាំងឱ្យទៅលើកភ្លឺស្រែនៅវត្តថ្មី ខាងកើតត្រើយតាហោ។ ចំពោះការកាប់សម្លាប់មនុស្សក្នុងរបបខ្មែរក្រហម សុទ្ធ បានរៀបរាប់ថា គាត់ធ្លាប់បានឃើញហេតុការណ៍ដោយផ្ទាល់។ ក្រោយមក សុទ្ធ និងគ្រួសាត្រូវបានជម្លៀសឱ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ នៅទីនោះ សុទ្ធ ធ្លាប់ប្រទះឃើញសាកសពជាច្រើនមិនដឹងថាត្រូវបានសម្លាប់នៅពេលណានោះទេ។ ចំណែកកាលនៅស្រុកបាភ្នំ សុទ្ធ បានឃើញមនុស្សជាច្រើនត្រូវបានចងជាប់គ្នាជាខ្សែត្រូវបាននាំទៅសម្លាប់ ដែលមនុស្សភាគច្រើនត្រូវបានចោទប្រកាន់ថាក្បត់។ រីឯការធ្វើទារុណកម្ម និងការប្រហារជីវិត សុទ្ធ បានរៀបរាប់ថា គាត់ធ្លាប់បានឃើញជនរងគ្រោះ ៤ នាក់ ដែលធ្លាប់ភៀសខ្លួនទៅប្រទេសវៀតណាម ហើយក្រោយពេលត្រឡប់មកវិញ ត្រូវបានចាប់ខ្លួន និងសម្លាប់។ គាត់បានរំឭកថា នៅថ្ងៃសម្លាប់អ្នកទាំង ៤ នាក់ មានការសម្តែងសិល្បៈនៅទីតាំងនោះ។
ក្រោយរបបខ្មែរក្រហម សុទ្ធ បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយមួយចំនួន រួមមាន ជំងឺលើសជាតិស្ករ ជំងឺក្រពះ និងឈឺឆ្អឹងខ្នង៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង







