លើកទំនប់នៅកោះពាក្យទាំងថ្ងៃទាំយប់ដោយគ្មានពេលសម្រាក

(រតនគិរី)៖ ឈូរ ម៉ុយ មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈូរ ម៉ុយ គឺជាជនជាតិដើមភាគតិចកាវែត។
នៅសម័យខ្មែរក្រហម ឈូរ ម៉ុយ ធ្វើការជាកងចល័តទៅតាមភូមិដែលខ្មែរក្រហមបែងចែកនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានធ្វើពលកម្មនៅភូមិកោះពាក្យ ភូមិឡាម៉ឺយ ស្រែណាង៉ាម និងភូមិរ៉ក ស្រែណងដាន។
ខ្មែរក្រហមបានបញ្ជូនគាត់ និងកងចល័តមកពីភូមិផ្សេងទៀតឲ្យទៅលើកទំនប់ទាំងថ្ងៃទាំងយប់ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់នៅក្នុងភូមិកោះពាក្យ ក៏ប៉ុន្តែសម្រាប់ការហូបចុក គឺកងចល័តរបស់គាត់ទទួលបានតែមួយចម្អែតក្រពះ។
ក្រោយពីលើកទំនប់នៅកោះពាក្យ គាត់ត្រូវត្រឡប់ទៅធ្វើការងារនៅក្នុងភូមិរៀងៗខ្លួនវិញ ដោយធ្វើការនៅភូមិត្រាក់ ស្រែណាង៉ាម។ នៅទីនោះ គាត់ត្រូវធ្វើការដូចជា ច្រូតស្រូវ ស្ទូងស្រូវ ទាំងថ្ងៃទាំងយប់ និងហាលភ្លៀងហាលថ្ងៃដោយគ្មានការតវ៉ាប្រឆាំង ឬត្អូញត្អែរនោះឡើយ។
ក្រោយមកទៀត ឈូរ ម៉ុយ ត្រូវបញ្ជូនឲ្យទៅធ្វើការតាមរោងបាយ នៅភូមិរ៉ក ដែលមិនសូវពិបាកដូចការងារនៅកងចល័ត ដោយគាត់ធ្វើការដូចជារៀបចំម្ហូបអាហារ និងលាងចានឆ្នាំង ប៉ុន្តែចំពោះរបបអាហារវិញគឺមានការខ្វះខាតដោយសារខ្មែរក្រហមចែកតែបបររាវលាយជាមួយបន្លែបន្តិចបន្តួចពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ឲ្យគាត់បរិភោគ។
ការរស់នៅនៅតាមភូមិរបស់គាត់ មានការយាមល្បាតយ៉ាងតឹងតែង និងហាមឃាត់មិនឲ្យមានការជួបរវាងបុរសនិងស្ត្រី ម៉្យាងទៀតខ្មែរក្រហមក៏ហាមឃាត់មិនឲ្យមានអ្នកលួចហូបនៅតាមផ្ទះនៅពេលយប់។
ការរស់នៅតាមសហករណ៍គឺហូបរួម និងធ្វើការរួម ដោយធ្វើការតាំងពីព្រលឹមទល់ព្រលប់ ឲ្យតែឮសំឡេងជួងគឺត្រូវភ្ញាក់ទៅធ្វើការ អ្នកដែលយឺតយ៉ាវ ឬខ្ជិលច្រអូសនិងត្រូវកងឈ្លបខ្មែរក្រហមយកទៅកសាង ឬបង្អត់អាហារ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤
អត្ថបទទាក់ទង

អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់

ដក់ សុខខុន៖ ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម

ជា សៀប៖ មិនចងចាំនូវអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម

ហែម ផាន់ណា៖ លីនង្គ័លទៅភ្ជួរស្រែ៤នាក់ក្នុងមួយហិកតា

សម្លៀកបំពាក់២សម្រាប់ រយៈពេល ៣ឆ្នាំ, ៨ខែ និង២០ថ្ងៃ


