ចាន់ កាន៖ ហូបដំឡូងមួយកង់ជំនួសបបរមួយពេល
(តាកែវ) ចាន់ កាន អាយុ៨៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមរបស់ កាន៖
នៅក្នុងសម័យខ្មែរក្រហម អង្គការបានប្រើ កាន ឲ្យធ្វើការងារមួយចំនួនដូចជា៖ ជីកព្រែក, កាប់មែកឈើ, រែកដីដំបូក, ជាន់ទឹកដាក់ស្រូវ និងធ្វើស្រែ។ ចំណែកកូនរបស់ កាន ត្រូវរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ក្មេងៗតម្រូវឲ្យ រើសអាចម៍គោ, ឃ្វាលគោ, ស្ទូង ឬដក អាស្រ័យទៅលើអាយុរបស់កុមារ។ ប្ដីរបស់ កាន ត្រូវធ្វើជាចុងភៅ នៅក្នុងសហករណ៍។
បើទោះបីជា កាន មានប្ដីធ្វើការងារនៅក្នុងរោងបាយក៏ដោយ គាត់ និងកូនៗមិនដែលទទួលបានអាហារហូបគ្រប់គ្រាន់នោះទេ។ កូនរបស់ កាន ឈ្មោះ ស៊ុយ ដែលរស់នៅក្នុងកងកុមារនៅភូមិបាស្រែ តែងតែលួចលូនតាមគុម្ពចេកត្រលប់មកផ្ទះ ដើម្បីទទួលបានអាហារហូបបន្ថែមទៀត។ នៅថ្ងៃខ្លះ ស៊ុយ ទទួលបានអាហារបន្ថែមពីធំ(មានន័យថាអ៊ំ)របស់ កាន ឈ្មោះសួន ប៉ុន្តែថ្ងៃខ្លះគឺមិនបាននោះទេហើយថែមទាំងត្រូវកម្មាភិបាលខ្មែរក្រហមចាប់វាយធ្វើបាប ទៀតផង។ ក្រោយមកទៀត ស៊ុយ បានធ្លាក់ខ្លួនឈឺ និងស្លាប់ ដោយសារតែការវាយធ្វើបាបរបស់ប្រធានកង និងមិនមានអាហារហូបគ្រប់គ្រាន់។
ជាញឹកញយ អង្គការ តែងដាំបបរឲ្យប្រជាជននៅក្នុងសហករណ៍ហូបជាមួយសម្លបន្លែ ត្រកួន, ព្រលឹត, ននោង, ត្រឡាច និងមានត្រីបន្តិចបន្តួច។ របបអាហារដែលអង្គការៀបចំ គឺប្រែប្រួលទៅតាមពេលវេលា។ នៅរដូវប្រមូលផល អង្គការឲ្យប្រជាជនហូបបបរខាប់ជាមួយសម្ល ប៉ុន្តែនៅពេលដាច់ស្បៀងខ្លាំង អង្គការបានស្ងោរដំឡូងចែកឲ្យប្រជាជនម្នាក់មួយកង់ហូបជំនួសបបរ។
មុនពេលហូបអាហារ អង្គការវាយអាគាំង៣ដង ដោយវាយលើកទីមួយគឺ ជាការហូបអាហាររបស់លោកតា-លោកយាយ ចាស់ៗនៅក្នុងសហករណ៍។ វាយលើកទី២ គឺសម្រាប់កុមារនៅក្នុងកងចល័ត និងលើកចុងក្រោយសម្រាប់មនុស្សធំ។ នៅពេលដែលដល់វេនមនុស្សធំហូបអាហារ កម្មាភិបាលខ្មែរក្រហម បានដេញក្មេងមិនឲ្យនៅជិតនោះទេ ប៉ុន្តែ កាន តែងតែមិនដាច់ចិត្ត ទើបលួចទុកអាហារឲ្យកូនបន្តិចបន្តួច។
ក្នុងមួយថ្ងៃប្រជាជនទទួលបានអាហារពីរពេល ប៉ុន្តែនៅពេលដែលដាច់ស្បៀងខ្លាំងគឺមិនបានអាហារហូបពេលល្ងាចនោះទេ។ កាន បានបន្ថែមថា នៅក្នុងហោប៉ៅរបស់គាត់មិនដែលមានដាក់ប្រាក់នោះទេ គឺទុកដាក់តែសត្វក្ដាម និងខ្យង ដែលគាត់លួចរើសទុកហូបនៅផ្ទះ។
កាន រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅពេលដែលអ្នកស្ម័គ្រចិត្តចុះទៅសម្ភាស កាន មានជំងឺឈឺក្បាល, វិលមុខ, ក្ដៅខ្លួន និងឈឺចង្កេះ។ ជំងឺឈឺចង្កេះរបស់ កាន មិនអាចឲ្យគាត់ដើរចេញក្រៅ ឬក៏ចុះពីលើផ្ទះនោះទេ សូម្បីតែហូបបាយក៏មិនអាចអង្គុយបានយូរនោះដែរ។ លើសពីនេះទៅទៀត ភ្នែករបស់ កាន់ ចាប់ផ្ដើមងងឹត ដោយសារតែគាត់មានអាយុកាន់តែច្រើន៕
សម្ភាសដោយ៖ ថៃ ស៊ីណា ថ្ងៃទី១៣ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៣ កុម្ភៈ ២០២៥