ជុំ ឡេង៖ ធ្វើការនៅកន្លែងចម្អិនអាហារ

អង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការនៅក្នុងរោងបាយ ព្រោះខ្ញុំនៅក្មេង និងមាឌតូចជាងគេ។ នៅក្នុងរោងបាយ ខ្ញុំមានតួនាទីជាអ្នករកបន្លែ និងដាំបបរ រហូតដល់របបខ្មែរក្រហមជិតដួលរលំ ទើបខ្ញុំប្ដូរទៅធ្វើការរែកដី លើកទំនប់ និងជីកប្រឡាយ។
ជុំ ឡេង អាយុ៥៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡេង រស់នៅម្ដុំភូមិបាក់ដោក ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសហករណ៍ ឡេង ត្រូវចែវទូកទៅដកព្រលឹតនៅក្នុងបឹងខាងកើតភ្នំដារយកមកទុកដាំបបរ និងស្លនៅក្នុងរោងចុងភៅនៅថ្ងៃបន្ទាប់។ នៅពេលចម្អិនអាហារ ភាគច្រើនក្រុមរបស់ឡេង បានយកព្រលឹតនោះទៅកាត់ជាកង់ៗ រួចយកទៅជ្រលក់លាងទឹកបន្តិចបន្តួច រួចយកទៅស្ងោរឲ្យរលួយក្នុងខ្ទះទើបដាក់អង្ករតិចតួចចូលតាមក្រោយ។
ជារៀងរាល់ថ្ងៃ ឡេង ត្រូវក្រោកតាំងពីម៉ោង៤ភ្លឺ ដើម្បីរៀបចំអាហារឲ្យរួចរាល់សម្រាប់ប្រជាជនហូបលើកទី១នៅម៉ោងប្រមាណ៨ព្រឹក និងលើកទី២ នៅម៉ោងប្រមាណ២ ទៅ៣រសៀល។ ចំពោះរបបអហារដែលអង្គការផ្ដល់ឲ្យ ឡេង ហូបមិនបានគ្រប់គ្រាន់នោះទេ ដូច្នេះគាត់ត្រូវដើររកស្លឹកឈើ ឬត្រួយកាធំធេត(ក្ទម្ពទេស) យកទៅលាយក្នុងបបរហូបបន្ថែមទៀត។ ប៉ុន្តែ ឡេង មិនហ៊ានលួចអាហារហូបបន្ថែមនោះទេព្រោះគាត់ខ្លាចអង្គការចាប់យកទៅសម្លាប់ចោល។
ថ្ងៃមួយនៅខែរងាធ្លាក់ខ្យល់ពីជើង ឪពុករបស់ឡេង បានធ្វើភ្នក់ភ្លើងក្បែររោងគោដូចសព្វរាល់ដង ប៉ុន្តែដោយសារក្មេងៗរងារខ្លាំងពេក ទើបនាំគ្នាទៅអង្គុយក្បែរនោះហើយឆ្កឹះភ្នក់លេង និងបានធ្វើឲ្យឆេះរោងគោធ្វើពីស្បូវនោះ។ នៅពេលមានភ្លើងឆេះ គោនៅក្នុងក្រោលបានទាញដាច់ខ្សែរត់ពេញផ្លូវ ហើយប្រជាជនបាននាំគ្នាជួយពន្លត់ភ្លើង និងដេញចាប់គោ។ បន្ទាប់មក អង្គការបានទៅចាប់ឪពុករបស់ឡេងយកទៅសម្លាប់ ដោយចោទប្រកាន់គាត់ថាមានបំណងលួចដុតគោនៅក្នុងរោងហូប។ ចំពោះ ឡេង មិនបានដឹងពីការឆេះនោះទេ ព្រោះពេលនោះគាត់កំពុងហូបអាហារនៅក្នុងសហករណ៍ ហើយអង្គការមិនបានចាប់គាត់ ឬគ្រួសារយកទៅសម្លាប់ដែរ ប៉ុន្តែត្រូវចាត់ទុកសមាជិកគ្រួសារទាំងអស់ជាអ្នកទោស និងជម្លៀសចេញទៅសហករណ៍ច្បារ ដែលជាកន្លែងសម្លាប់មនុស្ស។
នៅក្នុងសហករណ៍ថ្មី ឡេង បានចូលធ្វើការក្នុងកងយុវជន ប៉ុន្តែដោយសារគាត់មានអាយុតិច និងមាឌតូចជាងគេ ទើបប្រធានកងមានការអាណិតនិងបញ្ជូនគាត់ឲ្យទៅធ្វើការដាំបាយក្នុងរោងចុងភៅវិញ។ នៅក្នុងកងចល័ត ឡេង ទទួលបានរបបអាហារល្អប្រសើរជាងនៅក្នុងសហករណ៍ ព្រោះនៅទីនោះភាគច្រើនអង្គការបញ្ជាឲ្យដាំបបរខាប់ចែកឲ្យយុវជនហូប។ ចំណែកការងាររបស់ ឡេង គឺធូរស្រាលជាងមុន ហើយគាត់បានឆ្លៀតពេលសម្រាកទៅជួយធ្វើថ្នាំរាងដូចជាអាចម៍ទន្សាយចែកជូនអ្នកជំងឺលេប ដែលថ្នាំទាំងអស់នោះធ្វើឡើងពីដំឡូងមី។
ចំពោះការធ្វើថ្នាំ មុនដំបូង ឡេង បានបកសម្បកដំឡូងមីឲ្យស្អាត រួចយកទៅកិនឲ្យមត់ ទើបលាយទឹកបន្តិចបន្តួចឲ្យខាប់ និងលុញជាគ្រាប់មូលៗជាការស្រេច។ ជាទូទៅ នៅពេលដែល ឡេង ឬប្រជាជនធម្មតា ឈឺក្បាល និងជំងឺផ្សេងៗ អង្គកាបានផ្ដល់ថ្នាំរាងដូចអាចម៍នេះឲ្យលេបជាច្រើនគ្រាប់ក្នុងពេលតែមួយ។ ផ្ទុយទៅវិញ សម្រាប់យុវជនពិកា និងជាអ្នកដែលអង្គការទុកចិត្តគឺទទួលបានថ្នាំពិសេសល្អៗ ឬថ្នាំទឹកចាក់ត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើអ្នកអង្គការមិនពេញចិត្តគឺចាក់ទឹកសម្លាប់ចោលភ្លាមៗតែម្ដង ឬបណ្ដើរយកទៅសម្លាប់ជាច្រើននាក់។
នៅយប់មួយ ឡេង បានឃើញអង្គការបណ្ដើរកុមារ ១៧មេសា ចំនួនពីរខ្សែ ជាច្រើននាក់ទៅសម្លាប់ទម្លាក់ក្នុងត្រពាំងមួយក្បែររោងបាយ។ អំឡុងពេលសម្លាប់ ឡេង បានឃើញអង្គការវាយកុមារទម្លាក់ក្នុងត្រពាំងនោះម្ដងម្នាក់រហូតដល់អស់ទើបកាយដីកប់ពីលើបន្តិចបន្តួច។ នៅពេលឃើញដូច្នេះ ឡេង មានអាម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង និងខំប្រឹងធ្វើការបន្តទៀត។ ឡេង ធ្វើការនៅកន្លែងចម្អិនអាហារហូតដល់គាត់មានអាយុច្រើនជាងនេះបន្តិច ទើបប្រធានកងប្ដូរ ឡេង ទៅធ្វើការងារលើកទំនប់ ជីកប្រឡាយនៅក្នុងការដ្ឋានរហូតដល់របបខ្មែក្រហមដួលរលំ។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឡេង បានចូលរួមធ្វើពលករ រហូតដល់គាត់កើតជំងឺគ្រុនចាញ់ ទើបត្រលប់មកផ្ទះវិញ។ នៅពេលផ្ដល់បទសម្ភាសន៍ ឡេង មានជំងឺឡើងអាស៊ីត អស់កម្លាំង និងក្រពះពោះវៀនធ្ងន់ធ្ងររហូតដល់បន្ទោរបង់មកមានចេញឈាម។ នៅពេលឈឺធ្ងន់ ឡេង បានទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ប៉ុន្តែបើឈឺតិចតួចគឺគាត់ទិញថ្នាំពីពេទ្យឯកជនយកមកលេបនៅផ្ទះ។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

