អ្នកធ្វើការនៅមន្ទីរ ក-៥ បុរីកីឡា

នៅឆ្នាំ១៩៧៧ ហេង គាក់ ត្រូវបានចាត់តាំងពីខេត្តកំពត ឱ្យមកបោសសម្អាតអគារ និង ធ្វើជាអ្នកចម្អិនអាហារនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា ក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជារឿងរ៉ាវរបស់គាគ់ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម៖
ហេង គាគ់ ជាកសិករ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រៃ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ គាគ់ មានឪពុកឈ្មោះ ផាន ហេង ម្តាយឈ្មោះ សៀង ហេង (អ្នកទាំងពីរស្លាប់ក្រោយរបបខ្មែរក្រហម)។ គាគ់ ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ (ស្រី ៣នាក់)។ គាគ់ មានប្តីឈ្មោះ តុង អ៊ីវ និងមានកូនប្រុសចំនួន ២នាក់។
កាលពីកុមារភាព គាគ់ រៀនសូត្របានបន្តិចបន្តួចត្រឹមថ្នាក់ទី៣ នៅសាលាស្ថិតក្នុងភូមិត្រពាំងប្រៃ ស្រុកឈូក។ ក្នុងរបបខ្មែរក្រហម គាគ់ ត្រូវបានខ្មែរក្រហមបង្ខំជម្លៀសពីភូមិត្រពាំងប្រៃ ទៅភូមិព្រៃផ្តៅ។ ការងារនៅពេលនោះ គាគ់ ត្រូវរែកដី, ជីកទំនប់ ប្រឡាយ និងផលិតជីផ្សំពីស្លឹកទន្ទ្រានខែត្រ នៅក្នុងកងកុមារ។ នៅភូមិព្រៃផ្តៅ អង្គការបានឱ្យ គាគ់ រៀនសូត្របានបន្តិចបន្តួចជាមួយគ្រូឈ្មោះ ដុច និងគ្រូឈ្មោះ ធន។ នៅពេលព្រឹក គាគ់ រៀនសូត្របានតែ ១ ទៅ ២ម៉ោង ប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហមចាត់ទុកសញ្ញាឃើញ [ការងារជីកទំនប់ប្រឡាយ និងការងារកសិកម្ម] សំខាន់ជាងសញ្ញាបត្រដែលទទួលបានពីសាលា។ គាគ់ បន្តធ្វើការនៅភូមិព្រៃផ្តៅ រហូតដល់ឆ្នាំ១៩៧៧ ទើបគាត់បានចូលរួមជាមួយខ្មែរក្រហម តាមរយៈសមមិត្ត អុន។ ការជ្រើសរើស គាគ់ ឱ្យចូលរួមជាមួយខ្មែរក្រហមនេះ ដោយសារតែគ្រួសាររបស់គាត់មានប្រវត្តិល្អ គ្មានសមាជិកគ្រួសារធ្វើការក្នុងរបប លន់ នល់ ហើយជាគ្រួសារស្ថិតក្នុងវណ្ណៈកសិករ និងមានសីលធម៌ស្អាតស្អំ។ នៅតំបន់ដែល គាគ់ រស់នៅ មានប្រជាជនជម្លៀសពីភ្នំពេញមករស់នៅយ៉ាងច្រើន។ ប្រជាជនជម្លៀសមកពីភ្នំពេញ អង្គការចាត់ទុកជាប្រជាជនថ្មី ឬប្រជាជន ១៧មេសា ដែលគ្មានសិទ្ធិសេរីភាពក្នុងការរស់នៅ និងស្ថិតនៅក្រោមការតាមដានរបស់អង្គការ។ ប្រសិនបើធ្វើការមិនគ្រប់តាមផែនការ ឬតវ៉ាប្រឆាំងនឹងត្រូវខ្មែរក្រហមនាំទៅសម្លាប់ភ្លាមៗ។
នៅចុងឆ្នាំ១៩៧៧ គាគ់ មានអាយុប្រមាណ ១៤ឆ្នាំ ត្រូវបានឈ្លបឃុំម្នាក់ឈ្មោះ អាត, ប្រធានភូមិឈ្មោះ អ៊ុន និងមេឃុំឈ្មោះ ផែន ជ្រើសរើសជាមួយនឹងយុវជន-យុវនារី ចំនួន ១៤នាក់ពីភូមិព្រៃផ្តៅ ដើម្បីឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ គាគ់ សង្កេតឃើញថា យុវជន-យុវនារី ដែលត្រូវបានជ្រើសរើស គឺជាប្រជាជនក្រីក្រនៅមូលដ្ឋាន និងមិនសូវចេះអក្សរ។ ប្រជាជនពេញសិទ្ធិ ឬប្រជាជនមូលដ្ឋាន ក៏អាចត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាមេកង ឬប្រធានក្រុមជាដើម។ នៅពេលនោះ គាគ់ មិនចង់ទៅទេ ក៏បានរត់មកផ្ទះប្រាប់ឪពុកម្តាយ ប៉ុន្តែឪពុកម្តាយរបស់គាគ់ បានត្រឹមតែយំអាណិតកូន និងប្រាប់កូនថាត្រូវតែទៅព្រោះនេះគឺជាបទបញ្ជារបស់អង្គការ។ នៅព្រឹកថ្ងៃបន្ទាប់ គាគ់ បានធ្វើដំណើរតាមរថយន្តពីស្រុកឈូក ខេត្តកំពត មកសម្រាកនៅខេត្តតាកែវ ត្រង់ផ្ទះរបស់តាម៉ុក ដែលជាលេខាភូមិភាគនិរតី ចំនួន ៤យប់។ នៅតាកែវ គាគ់ បានឃើញតាម៉ុក ដែលមានរូបរាងខ្ពស់, ស្គម, ពាក់អាវស និងក្បាលឆក។ តាម៉ុក តែងតែមកនិយាយលេងជាមួយយុវជន-យុវនារី ដែលធ្វើដំណើរមកពីខេត្តកំពត។ នៅទីនោះ តាម៉ុកតម្រូវឱ្យ គាគ់ និងយុវជន-យុវនារី មកពីខេត្តកំពតរាប់រយនាក់ បោសសម្អាតដី និងច្រូតស្មៅ។ បន្ទាប់មក គាគ់ បន្តដំណើរតាមរថភ្លើងពីខេត្តតាកែវ ឆ្ពោះមកទីក្រុងភ្នំពេញ។ ពេលមកដល់ភ្នំពេញ អ្នករួមដំណើរជាមួយ គាគ់ ទាំងអស់ត្រូវបានបំបែកទៅតាមកន្លែងផ្សេងៗ ដូចជា មន្ទីរពេទ្យ, រោងចក្រកាត់ដេរ, រោងចក្រមង, រោងចក្រទឹកត្រី, រោងចក្រស្ករស, រោងតម្បាញ និងរោងចក្រកសិកម្ម។ ចំណែក គាគ់ អង្គការចាត់តាំងឱ្យទៅនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា។ នៅទីនោះ អង្គការចាត់តាំងឱ្យ គាគ់ បោសសម្អាតមន្ទីរ ក-៥ ដែលទុកចោល, បោសផ្លូវថ្នល់ និងដាំដំណាំបន្លែបង្ការផ្សេងៗ។ នៅមន្ទីរ ក-៥ គាគ់ បានដឹងថាមានឈ្មោះ ឡង ជាប្រធានគ្រប់គ្រង។ អ្នកធ្វើការជាមួយ គាគ់ ប្រាប់ថា អគារនេះគឺជាកន្លែងស្នាក់នៅរបស់កម្មាភិបាលជាន់ខ្ពស់ ដែលមករៀនសូត្រវគ្គនយោបាយ និងប្រជុំនៅភ្នំពេញ ហើយកម្មាភិបាលទាំងនោះ គឺមានគណៈឃុំ, គណៈស្រុក ឬគណៈភូមិភាគជាដើម។ នៅពេលកម្មាភិបាលទាំងនោះមកប្រជុំ គាគ់ និងយុវនារីមកពីខេត្តតាកែវ ២នាក់ទៀត ឈ្មោះ យៀន និងវ៉ន មានភារកិច្ចត្រូវរៀបចំអាហារសម្រាប់កម្មាភិបាលមកប្រជុំ ព្រោះកាលណោះនៅភ្នំពេញគ្មានកន្លែងលក់អាហារទេ។
នៅមន្ទីរ ក-៥ គាគ់ បានដឹងថា គណៈឃុំ ស្រុក និងភូមិភាគដែលមកប្រជុំម្តងៗ មានចំនួនចាប់ពី ១០០នាក់ រហូតដល់រាប់រយនាក់ ហើយរយៈពេលរៀនគឺចាប់ពី ៣ថ្ងៃ រហូតដល់ ១សប្តាហ៍។ កន្លែងប្រជុំឬរៀនសូត្រវគ្គនយោបាយ គឺធ្វើឡើងនៅស្តាតអូឡាំពិក នៅជិតបុរីកីឡា។ អំឡុងពេលធ្វើការនៅមន្ទីរ ក-៥ គាគ់ ត្រូវបានអង្គការអនុញ្ញាតឱ្យទៅមើលការសម្តែងសៀករបស់ប្រទេសកូរ៉េខាងជើង នៅក្នុងស្តាតអូឡាំពិក។ គាគ់ ក៏ធ្លាប់ត្រូវបានប្រធានចាត់ឱ្យទៅទទួលគណៈប្រតិភូប្រទេសចិនចំនួនពីរដង ដែលមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ នៅពេលនោះ គាគ់ ដឹងថា ប៉ុល ពត ជាអ្នកទៅទទួលគណៈប្រតិភូ។ គាគ់ នៅចាំថា មានយុវជន-យុវនារីរាប់រយនាក់ ដែលធ្វើការងារតាមក្រសួង និងមន្ទីរនានានៅភ្នំពេញ បានទៅទទួលដោយគ្រវីផ្កា និងទង់ជាតិនៃប្រទេសទាំងពីរ។ គាគ់ នៅធ្វើជាចុងភៅ និងបោសសម្អាតមន្ទីរ ក-៥ រយៈពេលប្រហែល ៣ខែ របបខ្មែរក្រហមក៏បានដួលរលំ ដោយសារតែកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ គាគ់ បានរត់ភៀសខ្លួនជាមួយកម្មាភិបាលខ្មែរក្រហមតាមរថភ្លើងពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គាគ់ បានទៅរស់នៅក្នុងព្រៃតាមខ្មែរក្រហមមួយរយៈពេល ប៉ុន្តែដោយសារតែមិនអាចទ្រាំទ្រនឹងការលំបាកបាន គាគ់ ក៏ត្រឡប់មក រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ បានរយៈពេលប្រហែល ១ឆ្នាំ គាគ់ ក៏បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៨០ នៅពេលមកដល់ស្រុកកំណើត គាគ់ ទទួលដំណឹងថា បងថ្លៃម្នាក់ និងបងប្រុសម្នាក់ ត្រូវបានសម្លាប់ដោយសារតែអង្គការចោទប្រកាន់ថាជានាយទុន។ ក្រោយមក គាគ់ បានរៀបការមានគ្រួសារ និងប្រកបរបរជាកសិករដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ អេង សុខម៉េង

