នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏វិសេសវិសាលបំផុតមួយ របស់ប្រជាជនកម្ពុជាដែលជាធម្មតាត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដោយកំណត់បង្ហាញអំពីការបញ្ចប់ទៅនៃរដូវប្រមូលផល និងការចាប់ផ្តើមនៃរដូវវស្សា។ ឱកាសនេះគឺជាពេលវេលាសម្រាប់ការជួបជុំគ្រួសារបងប្អូនសាច់ញាតិ លេងល្បែងប្រជាប្រិយកំសាន្ត សម្អាតផ្ទះសម្បែង ទៅវត្តអារាម និងក៏ជាឱកាសសម្តែងការគោរពចំពោះបុព្វបុរសដូនតារបស់យើងដូច្នោះដែរ។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ វីរកងទ័ពជាច្រើនរូប នឹងត្រូវប្រារព្ធពិធីនេះ ទៅតាមទីដាច់ស្រយាល តំបន់ព្រៃភ្នំ ឬតំបន់ជួរភ្នំ តាមបណ្តោយព្រំដែនខ្មែរ-ថៃទៅវិញ។
វីរកងទ័ពយើង មិនមែនពុំធ្លាប់ប្រឈមនឹងស្ថានភាពលំបាកលំបិន ឬខកខានមិនបានចូលរួមថ្ងៃបុណ្យទាន ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងការរស់នៅតាមបែបសាមញ្ញនោះទេ។ នេះគឺជាជីវិតរបស់វីរកងទ័ព ដែលតែងតែផ្តល់អាទិភាពទៅលើកាតព្វកិច្ចជាតិ ជាងគ្រួសារ ជាងមិត្តភក្តិ ជាងសហគមន៍ និងសូម្បីតែខ្លួនឯងផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ ភាពរឹងមាំខាងផ្លូវចិត្ត និងភាពអត់ធ្មត់របស់វីរកងទ័ព មិនមែនមានន័យថា អាចលុបបំបាត់រាល់បញ្ហាប្រឈមជីវិតដ៏លំបាកលំបិនទាំងនោះបានឡើយ។
ជារៀងរាល់ឆ្នាំ ក្នុងរដូវកាលនេះ អាកាសធាតុ មានសភាពក្តៅហួតហែងខ្លាំងខុសពីធម្មតា ហើយវីរកងទ័ពដែលស្ថិតនៅតាមតំបន់ព្រៃភ្នំដាច់ស្រយាលត្រូវប្រឈមនឹងបញ្ហាក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ អាហារសម្រាប់បរិភោគ និងសម្ភារសម្រាប់តម្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗទៀតក្នុងការរស់នៅ។នៅលើកំពូលភ្នំដ៏ខ្ពស់ វីរកងទ័ពត្រូវរែកទឹក អាហារ និងសម្ភារផ្គត់ផ្គង់ផ្សេងៗដោយខ្លួនឯង ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធា។ ក្នុងកាលៈទេសៈជាច្រើន ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់សម្រាប់ភាពសុខុដុមជាមូលដ្ឋានមួយចំនួនដូចជា អគ្គិសនី អុីនធឺណិត ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនកម្ដៅ មិនទាន់មានទាល់តែសោះ ឬយ៉ាងហោចណាស់ក៏នៅមានកម្រិតខ្លាំងដែលត្រូវបានបម្រុងទុកសម្រាប់តែទីតាំងកងទ័ពណាដែលរៀបចំឡើងបានត្រឹមត្រូវតែប៉ុណ្ណោះ។
វាពិតជាចាំបាច់ណាស់ក្នុងការទទួលស្គាល់នូវកាលៈទេសៈទាំងនេះមិនមែនក្នុងគោលបំណងធ្វើឱ្យប្រជាជនម្ពុជាដែលកំពុងរស់នៅដោយស្រណុកសុខស្រួលទាំងឡាយ មានអារម្មណ៍មិនល្អនោះទេ។ ផ្ទុយទៅវិញ នេះគឺជាឱកាសដ៏ប្រពៃមួយដើម្បីបង្ហាញនូវការដឹងគុណដល់វីរកងទ័ព ដែលបានការពារប្រទេសជាតិជារៀងរាល់ថ្ងៃ ក៏ដូចជាក្នុងអំឡុងថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍ ក៏ដូចជាថ្ងៃបុណ្យទាន។ ខណៈពេលដែលប្រជាជនកម្ពុជាកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យើងខ្ញុំទាំងអស់សូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលបានលះបង់យ៉ាងច្រើនក្រៃលែង ដើម្បីធានានូវអធិបតេយ្យភាពជាតិកម្ពុជារបស់យើងទាំងអស់គ្នា។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

