ខ្មែរក្រហមបង្ខំឲ្យព្រះសង្ឃសឹក

(រតនគិរី)៖ ហ៊ុយ លត មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានបញ្ជូនឈ្មោះ ហន តាមបញ្ជាពីថ្នាក់លើឲ្យយកខោអាវពណ៌ខ្មៅ និងក្រមាក្រហមមកប្រគេនព្រះតេជគុណទាំងប្រាំអង្គដើម្បីសឹក។ ខ្មែរក្រហមបានចោទព្រះសង្ឃថា «ដេកស៊ី និងជិះជាន់អ្នកក្រ» ដូច្នេះខ្មែរក្រហមត្រូវតែបំផ្លាញព្រះពុទ្ធសាសនា។
ខ្មែរក្រហមបានដឹកជញ្ជូនគម្ពីរព្រះត្រៃបិដក និងស្បង់ចីពរយកទៅដុតបំផ្លាញ។ នៅពេលនោះ លត ដែលជាព្រះសង្ឃបានលួចកប់គម្ពីរត្រៃបិដក និងរូបសំណាក់ព្រះនៅក្នុងដីមុនពេលជម្លៀសចេញពីភូមិ។
ក្រោយមក ខ្មែរក្រហមបានសម្ភាសន៍ ដោយសួរធ្វើយ៉ាងណាឲ្យគាត់កាត់ផ្តាច់ពីសង្គមជិះជាន់។ គាត់បាននិយាយថា គាត់មិនដឹងកាត់ផ្តាច់ឬជិះជាន់យ៉ាងម៉េចនោះទេ គាត់គ្រាន់តែធ្វើតាមគេក្នុងសង្គម ទើបខ្មែរក្រហមឲ្យគាត់បានរួចខ្លួននិងបញ្ជូនទៅធ្វើយោធាដោយជីកទំនប់ និងហូបចុកបានគ្រប់គ្រាន់អស់រយៈប្រហែលជាពីរខែ ប៉ុន្តែខ្មែរក្រហមនៅតាមដាន និងសួរគាត់តែពីរឿងដដែល ព្រមទាំងលើកពីគុណសម្បត្តិរបស់ខ្មែរក្រហម។ ដោយសារគាត់ជាមនុស្សមានទោស គាត់ត្រូវខិតខំធ្វើការដើម្បីរស់ បើធ្វើការមិនបានល្អនោះនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់។ រយៈពេលពីរខែក្រោយមក ហ៊ុយ លត ត្រូវបានបញ្ជូនទៅធ្វើការតាមកងចល័តនៅត្រពាំងច្រេះ។
នៅទីនោះ គាត់ត្រូវធ្វើពលកម្មធ្ងន់ធ្ងរ និងហូបចុកមិនបានគ្រប់គ្រាន់នោះទេ។ នៅក្នុងកងចល័ត គាត់បានស្គាល់មនុស្សមកពីភ្នំពេញឈ្មោះ សៀក។ សៀក បានប្រាប់គាត់ហូបឲ្យលឿនដោយមិនឲ្យខ្មែរក្រហមឃើញនិងអាងបានទៅយកបាយម្តងទៀត។
បន្ទាប់មក ប្រជាជនក្នុងភូមិត្រូវជម្លៀសទៅសហករណ៍ត្រពាំងក្រហមទាំងអស់។ ខ្មែរក្រហមបានរុះរើផ្ទះឈើនៅក្នុងភូមិយកទៅធ្វើផ្ទះមានទំហំ៤ម៉ែត្រ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង។ នៅទីនោះ គាត់ត្រូវជីកទំនប់អូរកាទឹង ជីកទំនប់អង្គ្រងនិងធ្វើស្រែប្រាំង ដោយគ្មានការប្រកែកឬតវ៉ានឹងផែនការរបស់ខ្មែរក្រហមឡើយ បើមាននោះនឹងត្រូវយកទៅកសាង(សម្លាប់)។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងមិនបានសម្រាកគ្រប់គ្រាន់ ពេលខ្លះគាត់បានលួចដំឡូងដើម្បីទុកហូបនៅពេលឃ្លាន។ គាត់បន្តថា ស្រូវដែលប្រមូលផលបានត្រូវបញ្ជូនទៅប្រទេសចិន។
នៅសម័យនោះ គាត់បានដឹងថាខ្មែរក្រហមបានរៀបចំការរៀបការ ដោយមានការឈរទះដៃនិងសម្រេចចិត្តធ្វើជាប្តីប្រពន្ធនៅចំពោះមុខអង្គការ។ គូខ្លះត្រូវបានបង្ខំ ចំណែកគូខ្លះទៀតជាការស្ម័គ្រចិត្ត។ បន្ទាប់មកខ្មែរក្រហមឲ្យបាយសម្រាប់ហូបមួយពេលបានគ្រប់គ្រាន់ និងឲ្យរស់នៅជាមួយគ្នាបានពីរថ្ងៃប៉ុណ្ណោះ។
គាត់ត្រូវធ្វើការដោយលំបាកដោយហូបអត់ហូបឃ្លាន និងគ្មានថ្នាំសម្រាប់ព្យាបាលនៅពេលមានជំងឺក្រៅពីថ្នាំអាចម៍ទន្សាយនោះទេ។ ក្រៅពីធ្វើពលកម្ម កុមារនៅសម័យនោះត្រូវបានបង្រៀនអក្សរ និងស្រៈខ្មែរ នៅក្រោមម្លប់ដើមឈើដោយឈ្មោះ សីហា និង រឿន។
មុនសម័យខ្មែរក្រហម ហ៊ុយ លត បានបួសជាព្រះសង្ឃគង់នៅជាមួយព្រះសង្ឃបួនអង្គផ្សេងទៀត ព្រះនាមតាំង ព្រះនាម ប៉ ព្រះនាម សុង និងព្រះនាម កន។ ក្រោយពីសម័យខ្មែរក្រហម មានតែគាត់និង កន ប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤