អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង

កើត សុរចនា

សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងសន្និសីទលើកទីមួយ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានខិតខំសហការរៀបចំឲ្យមានសន្និសីទនេះកើតទ្បើង ព្រោះថាកម្មវិធីនេះបានផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យបានដឹង និងចូលរួមសាមគ្គីគ្នាគាំទ្រ ដើម្បីកុំឲ្យមានរបបប្រល័យពូជសាសន៍នេះកើតទ្បើងម្តងទៀតមកលើប្រជាជនកម្ពុជាក៏ដូចជាសារមួយដល់អន្តរជាតិផងដែរ។

កាន់តែរំភើបជាងនេះទៅទៀតខ្ញុំបានឃើញវត្តមានចូលរួមរបស់លោកតា លោកយាយ អ៊ំ ពូ មីង ដែលជាអ្នកឆ្លងកាត់ផ្ទាល់ក្នុងរបបខ្មែរក្រហម បានចូលរួមស្តាប់ឃើញ និងបង្ហាញចំណាប់អារម្មណ៍របស់គាត់ផ្ទាល់ ពិតជាអស្ចារ្យខ្លាំងណាស់ ម្យ៉ាងទៀតខ្ញុំសង្កេតឃើញថាទោះជាគាត់ត្រូវធ្វើដំណើរមកពីបណ្តាខេត្តហត់នឿយយ៉ាងណា ប៉ុន្តែខ្ញុំនៅតែឃើញស្នាមញញឹម និងការចាប់អារម្មណ៍ពីគាត់យ៉ាងខ្លាំង ជាក់ស្តែងខ្ញុំបានជជែកលេងជាមួយអ៊ំស្រីបួននាក់ មកពីខេត្តតាកែវ ព្រៃវែង ពោធិ៍សាត់ និងឧត្តរមានជ័យ។ គាត់បានបង្ហាញនូវអារម្មណ៍ពេញចិត្ត និងសប្បាយ ដែលគាត់មានឱកាសបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

ក្នុងនាមខ្ញុំជាអ្នកស្ម័គ្រចិត្តមួយរូប ដែលបានចូលរួមធ្វើការក្នុងគម្រោងស្តីពី ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរទ្បើងនូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំពិតជាមិនដែលមានការខកចិត្តក្នុងការចូលរួមព្រឹត្តិការណ៍ ឬកម្មវិធីផ្សេងៗ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំនោះទេ ពីមួយកម្មវិធីទៅមួយកម្មវិធី ខ្ញុំទទួលបាននូវចំណេះដឹង និងគំនិតថ្មីៗ ពីវាគ្មិនចូលរួមបានចែករំលែកទាំងចំណេះដឹង និងបទពិសោធន៍ល្អៗដល់ខ្ញុំក៏ដូចជាអ្នកស្ម័គ្រចិត្តដទៃទៀត។

ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយក ឆាំង យុ បងស្រី សូ ហ្វារីណា ព្រមទាំងបងៗក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលា ថវិកា កម្លាំងយ៉ាងហត់នឿយ ក្នុងការរៀបចំកម្មវិធីដ៏អស្ចារ្យមួយនេះទ្បើងបានយ៉ាងល្អ។ ប្រសិនបើមានកម្មវិធីល្អក្រោយៗទៀតសូមឲ្យមានវត្តមានចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគ្រប់បណ្តាខេត្ត ដើម្បីឲ្យគាត់បានឃើញ បានឮ អំពីកិច្ចខិតខំប្រឹងប្រែង ការសហការការងារវាងមជ្ឈមណ្ឌលឯកសារកម្ពុជា និងម្ចាស់ជំនួយ ក្នុងការយកចិត្តទុកដាក់ក៏ដូចជាលើកកម្ពស់សុខភាពរបស់គាត់ទាំងអស់គ្នាផងដែរ។

ខ្ញុំសូមគោរពជូនពរលោកពូ ឆាំង យុ បងស្រី សូ ហ្វារីណា ព្រមទាំងបងៗក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សូមឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin