ឪពុកម្តាយ និងប្អូនខ្ញុំត្រូវបានសម្លាប់ដោយសារជាប្រជាជនភូមិភាគបូព៌ា

(ស្វាយរៀង) ៖ គង់ ថុន អាយុ៧៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ ថុន រស់នៅស្រុកកំណើតជាមួយកូនពីរនាក់ និងប្រពន្ធដែលបានរៀបការតាំងពីសម័យសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហម ឪពុក ម្តាយ ប្អូនប្រុស និងប្អូនថ្លៃរបស់ ថុន ត្រូវបានសម្លាប់នៅខេត្តបាត់ដំបង បន្ទាប់ពីអង្គការបានជម្លៀសមួយរយៈមកពីភូមិភាគបូព៌ា។ ពេលខ្មែរក្រហមចូលកាន់កាប់ ខេត្តស្វាយរៀងដំបូង ថុន និងគ្រួសារត្រូវបានអង្គការឲ្យប្រមូលទ្រព្យសម្បត្តិទាំងអស់រួមទាំងសត្វពាហនៈយកមកដាក់ជាទ្រព្យសម្បត្តិរួម។ ថុន និងប្រជាជនដទៃទៀតត្រូវធ្វើការ និងរស់នៅរួមក្នុងសហករណ៍។ ថុន តូ្រវបានប្រើឲ្យធ្វើស្រែ និងលើកភ្លឺ។ នៅស្វាយរៀងបានមួយរយៈ ថុន និងគ្រួសារត្រូវបានជម្លៀសទៅខេត្តកំពង់ចាម។

នៅទីនេះ ថុន ត្រូវបានអង្គការប្រើឲ្យសាងសងផ្ទះសម្រាប់ប្រជាជនរស់នៅរួមក្នុងសហករណ៍ និងធ្វើនង្គ័លសម្រាប់ភ្ជួរស្រែ។ ឆ្នាំ១៩៧៨ ថុន ត្រូវបានជម្លៀសទៅខេត្តបាត់ដំបង។ ថុន ត្រូវធ្វើដំណើរដោយថ្មើរជើងទាំងថ្ងៃ ទាំងយប់ តាមការបញ្ជារបស់អង្គការ។ ពេលធ្វើដំណើរដល់តំបន់អ្នកលឿងត្រូវឆ្លងកប៉ាល់ ទៅត្រើយម្ខាង និងបន្តធ្វើដំណើរទៅភ្នំពេញ។ សម្រាកនៅច្បារអំពៅបានពីរថ្ងៃ គាត់ត្រូវបានចែករបបអង្ករ ខោអាវ និង សម្ភារៈប្រើប្រាស់ផ្សេងៗ បន្ទាប់មកត្រូវធ្វើដំណើរបន្តតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។

នៅទីនេះ ថុន ត្រូវបានអង្គការប្រើឲ្យធ្វើការជាជាងផ្ទះដោយសារដឹងថាគាត់ធ្លាប់ធ្វើពីមុនមក។ ថុន និយាយថា ការងារនៅពេលនោះត្រូវធ្វើតាំងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ និង ត្រូវបន្តធ្វើនៅព្រឹកថ្ងៃបន្ទាប់ ប្រសិនបើធ្វើមិនរួចតាមផែនការកំណត់។ គាត់ធ្វើការងារច្រើន និងគ្មានពេលសម្រាកប៉ុន្តែ ទទួលបានរបបអាហារមិនគ្រប់គ្រាន់។ ប្រពន្ធ និងកូនៗរបស់ ថុន ត្រូវបានប្រើឲ្យទៅលើកទំនប់ និងជីកប្រឡាយនៅស្រុកគាស់ក្រឡ គ្មានពេលសម្រាក។

ថុន បានរៀបរាប់តាមសំដីដើមថា “នៅការដ្ឋានការងារដែលខ្ញុំធ្លាប់ធ្វើនៅសម័យនោះទាំងនៅខេត្តកំពង់ចាម និងបាត់ដំបង ម្នាក់ៗ ខិតខំធ្វើគ្មានឈប់ដើម្បីសម្រេចបានតាមផែនការដែលគេបានកំណត់ ព្រោះខ្លាចគេដាក់ទោសបង្អត់អាហារ ឬយកទៅសម្លាប់ចោល គឺម្នាក់ៗនាំគា្នតែធ្វើការងារមិនហ៊ានតវ៉ាឡើយ។ ទោះបីជួបអ្នកធ្លាប់ស្គាល់ក៏មិនហ៊ាននិយាយជាមួយគ្នាដែរខ្លាចគេ។ ម្នាក់ៗស្គមសល់តែស្បែក និងឆ្អឹងខ្យល់បក់ក៏ទប់ខ្លួនមិនចង់ជាប់”។

នៅខេត្តបាត់ដំបង ឪពុក ម្តាយ ប្អូន និងប្អូនថ្លៃមួយ គ្រួសាររបស់ ថុន ត្រូវបានអង្គការយកទៅសម្លាប់បន្ទាប់ពីត្រូវបានប្រើឲ្យធ្វើការងារឥតមានពេលសម្រាក។ ចំណែក ថុន និងប្រពន្ធកូន ត្រូវបានអង្គការប្រើឲ្យធ្វើការងារធ្ងន់ និងសង្ស័យថាជាខ្មាំងប្រឆាំងនឹងអង្គការ ព្រោះគាត់ជាប្រជាជនដែលបានជម្លៀសមកពីភូមិភាគបូព៌ា។

ឆ្នាំ១៩៧៩ ពេលដែលវៀតណាមចូលមករំដោះប្រទេសកម្ពុជា ថុន និងប្រជាជនដទៃទៀតត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅលើភ្នំ ដែលគាត់នៅចាំថាជាភ្នំស្តុកបាវឹក។ នៅទីនោះបានមួយរយៈរបបខ្មែរក្រហមបានដួលរំលំ ថុន កូន និងប្រពន្ធ ក៏មានឱកាសត្រឡប់មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀងវិញ។ ទោះបីរបបខ្មែរក្រហមបានកន្លងផុតទៅជាង៤០ឆ្នាំ ក៏ដោយក៏ ថុន នៅតែចងចាំ និងយល់សុបិនអាក្រក់ឃើញពីរបបនោះជារឿយៗ ពិសេសនឹកដល់សាច់ញាតិដែលបានស្លាប់ និងការងារដែលគាត់ធ្លាប់ធ្វើ។

បច្ចុប្បន្ន ថុន មានជំងឺក្រពេះ និងជំងឺសន្លាក់ដៃ ជើង។

សម្ភាសន៍ដោយៈ កុយ កញ្ញា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin