ឡុង ម៉ម៖ ឲ្យតែប្រវត្តិរូបល្អ ទោះត្រចៀកថ្លង់ក៏អាចចូលបដិវត្តន៍

កូនស្រីរបស់ខ្ញុំមានអាយុតិច មាឌតូចស្គមស្គាំង និងត្រចៀកថ្លង់ ប៉ុន្តែអង្គការនៅតែទុកចិត្ត និងបញ្ជូនឲ្យទៅធ្វើការងារឆ្ងាយៗ ព្រោះគាត់មានប្រវត្តិរូបល្អ មិនមានបងប្អូនធ្វើការងារកាលពីសង្គមចាស់។ ចាប់តាំងពីកូនស្រីចេញទៅ ខ្ញុំមិនដែលបានជួបមុខ ឬដឹងដំណឹងគាត់បន្តទៀតទេ ប៉ុន្តែខ្ញុំនៅតែតាមសួររកគាត់ជាបន្តបន្ទាប់។
ឡុង ម៉ម[1] អាយុ៦៨ឆ្នាំ(២០០២) រស់នៅភូមិត្រពាំងត្បែក(បច្ចុប្បន្នឃើញមានតែឈ្មោះភូមិត្រពាំងត្របែក) ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ម៉ម គឺជាម្ដាយរបស់ឈ្មោះ ឡុច[2] បាត់ខ្លួនក្នុងសម័យខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវខ្លះៗរបស់ ឡុច មុនពេលអង្គការចាត់តាំងឲ្យចេញពីសហករណ៍។
នៅឆ្នាំ១៩៧៥ ឡុច បានចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ នៅម្ដុំទួលចិន ខាងត្បូងស្វាយទង។ មិនយូរប៉ុន្មាន ឈ្មោះ អៀង គឺជាគណៈឃុំ បានមកហៅ ឡុច និងឈ្មោះ ខេម ដែលរស់នៅភូមិខ្វាវ ឲ្យទៅធ្វើការកាត់ដេរនៅតាកែវ ប៉ុន្តែត្រូវនៅស្ទូងស្រូវនៅថ្នល់ទទឹងពីរថ្ងៃសិន។ នៅពេលទទួលបានដំណឹង ឡុច បានរៀបចំសម្ភារបន្តិចបន្តួច រួចធ្វើដំណើរទៅកាន់សាលាឃុំ ដែលមានទីតាំងនៅវត្តបទុមសុរិយា ប៉ុន្តែនៅតាមផ្លូវ គាត់ឆ្លៀតចូលផ្ទះដើម្បីប្រាប់ដំណឹងដល់ម្ដាយ។ ពេលទៅដល់ផ្ទះ ម៉ម បានយកក្រវិលឲ្យកូនពាក់ ប៉ុន្តែ ឡុច បានបដិសេធ ព្រោះអង្គកាមិនបានអនុញ្ញាឲ្យពាក់គ្រឿងអលង្ការនោះទេ។ អំឡុងពេលដែល ឡុច ទៅផ្ទះ ម៉ម ទើបតែសម្រាលកូនបានរយៈពេលប្រមាណជិតកន្លះខែប៉ុណ្ណោះ។
បន្ទាប់មក ឡុច និងខេម បានទៅស្នាក់នៅក្នុងកងចល័ត វត្តបទុមសុរិយា ដើម្បីរងចាំអង្គការបញ្ជូនបន្តទៀត។ នៅក្នុងកងចល័ត ប្ដីរបស់ម៉ម បានទៅសុំអង្គការកុំឲ្យបញ្ជូនកូនគាត់ចេញទៅធ្វើការងារឆ្ងាយព្រោះពេលនោះ ឡុច មានអាយុទើបតែ១៦ឆ្នាំ ហើយរូបរាងគាត់តូច និងស្គមខ្លាំងពេក។ លើសពីនេះទៅទៀត ឡុច ថ្លង់ស្ដាប់អីមិនឮ ដូច្នេះទើបគ្រួសារគាត់មិនចង់ឲ្យជម្លៀសចេញទៅ។ ប៉ុន្តែការស្នើសុំនេះមិនបានសម្រេចនោះទេ ព្រោះអង្គការយល់ថាប្រវត្តិរបស់ ឡុច គឺល្អណាស់ មិនមានពាក់ព័ន្ធជាមួយអ្នករាជការក្នុងរបបមុនៗ ដូច្នេះគឺត្រូវតែបញ្ជូនឲ្យទៅធ្វើការងារ។ ពេលឮដូច្នេះ ប្ដីរបស់ម៉ម បានត្រលប់មកផ្ទះវិញ និងឆ្លៀតត្រលប់ទៅលួចមើលកូននៅពេលរសៀល ប៉ុន្តែពេលទៅដល់អង្គការបានបញ្ជូនគាត់ចេញទៅនៅខេត្តតាកែវបាត់។ ចាប់តាំងពីពេលនោះមក ម៉ម មិនដែលបានជួបមុខកូនបន្តទៀត ហើយគាត់ក៏មិនហ៊ានទៅសួរដំណឹងកូនអំពីអង្គការនោះដែរ។
ក្រោយរបបខ្មែរក្រហម ខេម បានត្រលប់មកផ្ទះវិញ ហើយម៉ម បានទៅសួររក ឡុច។ ខេម បានប្រាប់ម៉ម វិញថាខ្លួនមិនបានដំណឹងរបស់ ឡុច នោះទេព្រោះអង្គការបានបំបែកអ្នកទាំងពីរឲ្យទៅធ្វើការងារផ្សេងគ្នាពេលទៅដល់តាខ្មៅ។ បន្ទាប់មក ម៉ម តាមស៊ើបរកកូនស្រីបន្តទៀត តាមរយៈការរកគ្រូទាយស្ទើរតែរាល់ខែ ដែលហោរាភាគច្រើនបានទាយថាកូនរបស់គាត់នៅរស់ ប៉ុន្តែមិនដឹងថារស់នៅកន្លែងណាឲ្យច្បាស់នោះទេ ហើយម៉ម នឹងទទួលបានដំណឹងពីកូនភ្លាម នៅពេលដែលឡុចមកដល់តែម្ដងផ្ទះ។
មួយវិញទៀត នៅពេលដែលមានអ្នកមកពីជំរំ ម៉ម និងប្ដីបានទៅសួររកដំណឹងកូនភ្លាមៗ ប៉ុន្តែព័ត៌មានដែលគាត់ទទួលបានភាគច្រើនគឺអស់សង្ឃឹម។ ថ្ងៃមួយនៅពេលដែល ម៉ម និងប្ដីកំពុងស្ទូងស្រូវ មានអ្នកមកប្រាប់គាត់ថាបានឃើញក្មេងស្រីម្នាក់ដែលកំពុងស្នាក់នៅកប់ស្រូវ ខាងជើងវត្តជម្ពូរវ័ន្ត មានរូងរាងស្រដៀងជាមួយកូនរបស់គាត់។ ពេលឮដូច្នេះ ម៉ម និងប្ដី បានឈប់ធ្វើការងារភ្លាមៗ និងស្វែងរកឡានឈ្នួលជិះទៅរកកូនទាំងអត់បាយក្រហាយទឹកទាំងពីរនាក់។ នៅពេលទៅដល់ ម៉ម បានឃើញក្មេងៗកំព្រាប្រមាណ៣០ ទៅ៤០នាក់ ប៉ុន្តែមិនឃើញកូនរបស់គាត់ទេ។ បន្ទាប់មក អ្នកនៅក្នុងមណ្ឌល បានប្រាប់ថាមានក្មេងម្នាក់ដែលមានរូបរាងស្រដៀងកូនរបស់គាត់ ប៉ុន្តែនាងបានចេញទៅទិសខាងកើតផ្លូវបំបែកបាត់ហើយ។ បន្ទាប់មក ម៉ម បានស្នើឲ្យអ្នកនៅក្នុងមណ្ឌលជូនគាត់ទៅរកដល់កន្លែង ប៉ុន្តែនៅពេលទៅដល់ក្មេងនោះមិនមែនជាកូនរបស់គាត់នោះទេ។ នៅពេលដែលមិនបានជួបកូន ម៉ម បានបង់ក្ដីសង្ឃឹមម្ដងទៀត និងបានបបួលប្ដីរបស់គាត់ត្រលប់មកផ្ទះវិញភ្លាមៗ។
នៅពេលផ្ដល់បទសម្ភាសន៍ ម៉ម បានបញ្ជាក់ថា គាត់មិនចង់បានអ្វីនោះទេ គឺគាត់ចង់បានតែជួបមុខកូនដែលបាត់ខ្លួនប៉ុណ្ណោះ ព្រោះនៅពេលដែលប្ដីស្លាប់ទៅ បានធ្វើឲ្យ ម៉ម នឹកកូនរបស់គាត់កាន់តែខ្លាំងឡើងរហូតដល់សម្រាន្តមិនលក់ ហូបបាយមិនបាន និងធ្លាក់ខ្លួនឈឺស្គមស្គាំង។ មួយវិញទៀត នៅពេលដែលមានភ្លៀងធ្លាក់ ឬផ្គរលាន់ ម៉ម នៅតែបារម្ភពីកូនរហូតដល់ដេកបង្ហូរទឹកភ្នែកលើខ្នើយ។ ម៉ម បន្តថា ចិត្តជាម្ដាយ បើទោះបីជាមានកូនផ្សេងទៀតនៅជិត ប៉ុន្តែការនឹករឭកចំពោះកូនដែលបាត់ខ្លួន គឺមិនដែលថយចុះនោះទេ ជាពិសេសនៅពេលដែលសុខភាពរបស់ខ្លួនកាន់តែឧស្សាឈឺញឹកញាប់ឡើង។ ចំណែកឯក្ដីសង្ឃឹម និងការទង្ទឹងរងចាំកូន នៅតែមានក្នុងចិត្ត ព្រោះមានអ្នកបាត់ខ្លួនជាច្រើននាក់បានវិលត្រលប់មកវិញ រួមជាមួយការរៀបការរួច និងមានកូនមកជាមួយបន្ថែមទៀត។
អត្ថបទដោយ៖ ភា រស្មី
[1] ឯកសារលេខ TKI0072, កិច្ចសម្ភាសន៍ជាមួយឈ្មោះ ឡុង ម៉ម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០២ ដោយ វ៉ាន់ ថាន់ពៅដារ៉ា, អ៊ីសាឧស្មាន និងផាន់សុជា ក្នុងគម្រោងលើកកម្ពស់ និងជម្រុញឲ្យមានការទទួលខុសត្រូវ(PA), តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ I06708, ប្រវត្តិបដិវត្តសង្ខេបរបស់ឈ្មោះ ឡុច អាយុ១៤ឆ្នាំ កើតនៅភូមិត្រពាំងត្បែក ឃុំខ្វាវ ស្រុក៥៤ តំបន់៣៣, ឯកសារតម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានសរសេរថា ឡុច មានឪពុកឈ្មោះ បាច់ ហើយម្ដាយម៉ម និងមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានស្រីពីរនាក់។ នៅក្នុងប្រវត្តិរូបបានបន្ថែមថា ឡុច បានចូលបដិវត្តន៍នៅឆ្នាំ១៩៧៦។

