ជីតារបស់ខ្ញុំស្លាប់ដោយសារលួចពោតអង្គការ

(ស្ទឹងត្រែង)៖ ម៉ាក់ ធួង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បច្ចុប្បន្នគាត់រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គាត់មានជម្ងឺប្រចាំកាយដូចជាជំងឺហឺត និងសួត។
កាលពីរវ័យជំទង់ ធួង បានឃើញយន្ដហោះទម្លាក់គ្រាប់បែកនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ នៅពេលនោះ គាត់និងអ្នកភូមិឯទៀតបាននាំគ្នារត់ភៀសខ្លួនចូលទៅក្នុងព្រៃអស់ជាច្រើនឆ្នាំ។ ភូមិដែលគាត់ធ្លាប់រស់នៅត្រូវបានដុតបំផ្លាញដោយគ្រាប់បែករហូតឆេះខូចខាតខ្ទេចខ្ទី។
ក្រោយមក ធួង បានចូលជាយោធាខ្មែរក្រហម។ អង្គភាពដែលគាត់ធ្លាប់ធ្វើការមានឈ្មោះថា ៥១៣ ស្ថិតក្នុងខេត្តរតនគិរី ដែលមានសមាជិកជាង១០០នាក់។ គាត់ត្រូវបានខ្មែរក្រហមបញ្ចុះបញ្ចូលមកដល់ឃុំអូរពងមាន់ ខេត្តស្ទឹងត្រែង។ ពេលគាត់កំពុងច្រូតស្រូវជាមួយប្រពន្ធដើមរបស់គាត់ មានមនុស្សមកហៅគាត់ឱ្យទៅធ្វើជាយោធានៅឃុំស្រែគរ ខេត្តស្ទឹងត្រែង។ មេបញ្ជាការរបស់គាត់មានឈ្មោះ ដែន ស និងធុង។ ខ្មែរក្រហម បានឱ្យគាត់ប្រយុទ្ធជាមួយទាហាន លន់ នល់។ ខណៈពេលកំពុងប្រយុទ្ធ គាត់ជួបឧបហេតុការបោះគ្រាប់បែកដែលបណ្តាលឱ្យគាត់ពិការភ្នែកម្ខាងរហូតមកដល់សព្វថ្ងៃ។
នៅពេល ធួង ធ្វើជាយោធាខ្មែរក្រហម គាត់មិនហ៊ានសូម្បីតែប្រើអំបិល និងប៊ីចេង ប្រសិនជាប្រើគឺត្រូវតែលួចលាក់ជានិច្ចព្រោះខ្លាចអង្គការចាប់បាន។ នៅក្នុងរបបខ្មែរក្រហម មិនមានអាហារហូបគ្រប់គ្រាន់ឡើយ ភាគច្រើនគាត់ហូបដំឡូង និងមើមក្ដួចដើម្បីចម្អែតក្រពះ។ ធួង បាននិយាយថា គាត់មានស្រុកកំណើតនៅប្រទេសវៀតណាម ក្រោយមកទើបគាត់ដូរមករស់នៅកម្ពុជានៅមុនពេលរបបខ្មែរក្រហមចូលកាន់កាប់។ នៅក្នុងរបបខ្មែរក្រហម ធួង បានឃើញឈ្លបសម្លាប់ជីតារបស់គាត់ ដោយសារលួចពោតហូប។ ជីតារបស់គាត់បានរត់ចេញពីផ្ទះអស់រយៈពេល៣ថ្ងៃដើម្បីគេចខ្លួន ប៉ុន្តែពេលត្រឡប់មកផ្ទះវិញត្រូវឈ្លបចាប់យកទៅសម្លាប់។
ធួង បានរៀបការពីរលើកនៅក្នុងរបបខ្មែរក្រហម។ ប្រពន្ធដើមរបស់គាត់ត្រូវបានរៀបចំដោយក្រុមគ្រួសារតាំងពីមុនរបបខ្មែរក្រហម។ ក្រោយពេលខ្មែរក្រហមបានកាន់កាប់អំណាច គាត់បានបែកពីប្រពន្ធដើម។ បន្ទាប់មក អង្គការបានចាប់គូឱ្យគាត់រៀបការជាមួយប្រពន្ធទី២។ ពេលនោះមានតែ២គូប៉ុណ្ណោះ ដែលបានរៀបការ។ ប្រពន្ធទី២នេះបានរួមរស់ជាមួយគាត់រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយពីរៀបការហើយ ធួង និងប្រពន្ធប្រកបរបរធ្វើស្រែចម្ការសម្រាប់ចិញ្ចឹមជីវិត។ ធួង បន្តរស់នៅជាមួយប្រពន្ធរបស់គាត់ក្នុងខេត្តស្ទឹងត្រែង៕
សម្ភាសន៍ដោយ៖ វ៉ា ម៉ារ៉ាឌី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

