កងចល័តកុមារក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) មឿង គន់ អាយុ ៦២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គន់ មានឪពុកឈ្មោះ មឿង ប៊ឹម និងម្តាយឈ្មោះ មុត ពៅ ហើយមានបងប្អូនចំនួន ៥នាក់ រួមមាន៖ មឿង គន់ (ម្ចាស់ប្រវត្តិរូប), មឿង ខន, មឿង ឈន់ (ស្លាប់), មឿង ឈី (ស្លាប់) និង មឿង ឈាន។ កាលពីកុមារភាព គន់ រៀនសូត្របានត្រឹមថ្នាក់ទី១ ក្នុងរបបសង្គមរាស្ត្រនិយម។

ក្នុងរបបខ្មែរក្រហម គន់ ត្រូវបានអង្គការចាត់តាំងឱ្យរស់នៅក្នុងកងចល័តកុមារនៅឆ្ងាយពីសមាជិកគ្រួសារ។ នៅរដូវប្រាំង គាត់ត្រូវចល័តឆ្ងាយពីភូមិដ្ឋាន​ទៅជីកប្រឡាយ។ នៅទីនោះមានការខ្វះខាតទឹកយ៉ាងខ្លាំង ទាំងទឹកសម្រាប់ហូប និងទឹកសម្រាប់ងូត ដែលធ្វើឱ្យសម្លៀកបំពាក់របស់គាត់គ្មានអនាម័យ និងមានចៃជាប់ជានិច្ច។ នៅរដូវវស្សា គន់ ត្រូវចេញទៅដកសំណាប ស្ទូងស្រូវ និងច្រូតស្រូវ ព្រមទាំងបោកបែនស្រូវ យកទៅរក្សាទុកក្នុងជង្រុកស្រូវរួមរបស់សហករណ៍។

ចំពោះរបបអាហារវិញ គន់ ទទួលបានដូចប្រជាជនដទៃទៀតដែលរស់នៅក្នុងសហករណ៍ គឺហូបអាហារ ២ពេលក្នុងមួយថ្ងៃ ពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅរដូវវស្សា គាត់ទទួលបានបាយម្តងម្កាល រីឯនៅរដូវប្រាំងវិញ ភាគច្រើនទទួលបានតែបបរពេញមួយរដូវ។

ក្រោយពីរបបខ្មែរក្រហមដួលរលំ គន់ បានត្រឡប់មករស់នៅស្រុកកំណើតវិញ និងប្រកបរបរជាកសិករ។ បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយ គឺជំងឺលើសសម្ពាធឈាម និងជំងឺពោះវៀន៕

អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin