ព្រះគ្រូចៅអធិការវត្តដក់ពរ មានសង្ឃដីកាពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ព្រះតេជគុណ ព្រុំ ម៉ាប់ មានព្រះជន្ម ៧៧វស្សា និងមានស្រុកកំណើតនៅភូមិតោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ព្រះអង្គមានបិតានាម ពុំ អំ និងមាតានាម ពុំ អង ហើយព្រះតេជគុណជាបុត្រច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។ កាលពីកុមារភាព ព្រះតេជគុណបានសិក្សារៀនសូត្រចេះដឹងត្រឹមថ្នាក់ទី១២ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ព្រះអង្គគឺជាព្រះគ្រូចៅអធិការវត្តដក់ពរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ព្រះតេជគុណមានសង្ឃដីកាថា នៅក្នុងរបបខ្មែរក្រហម ព្រះអង្គបានឃើញកងឈ្លបដើរប្រមូលលុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជាទ្រព្យសម្បត្តិរបស់គ្រួសារព្រះអង្គផ្ទាល់ ដោយកាលណោះ ព្រះអង្គមិនទាន់បានសាងផ្នួសនៅឡើយទេ។ ចំពោះការងារ ខ្មែរក្រហមបានបង្ខំឱ្យព្រះអង្គជីកដីកសាងប្រឡាយស្វាយចេក ដោយបែងចែកជាក្រុម ដែលក្នុង១ក្រុម មានសមាជិក ១២នាក់។ ក្រៅពីជីកប្រឡាយ ព្រះអង្គក៏ត្រូវលើកប្រព័ន្ធភ្លឺស្រែ ដោយអង្គការបានកំណត់ផែនការការងារក្នុង១ព្រឹក ត្រូវលើកភ្លឺស្រែឱ្យបានប្រវែង ២០ម៉ែត្រ ទទឹង៣០សង់ទីម៉ែត្រ និងកម្ពស់ ៣០សង់ទីម៉ែត្រ។ ចំពោះរបបអាហារវិញ ព្រះតេជគុណទទួលបានតែបបររាវៗស្ទើរតែគ្មានគ្រាប់អង្ករ លាយជាមួយបន្លែបន្តិចបន្តួច ដោយក្នុង១ថ្ងៃទទួលបានត្រឹមតែ ២វែកប៉ុណ្ណោះ គឺសម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច។
នៅពេលល្ងាច មុនពេលចូលសម្រាក ប្រធានកងតែងតែបើកការប្រជុំស្វ័យទិតៀន ដើម្បីណែនាំ អប់រំ និងដាក់ផែនការការងារសម្រាប់ថ្ងៃស្អែក។ នៅពេលប្រជាជនចូលសម្រាក ឈ្លបខ្មែរក្រហមតែងតែដើរស៊ើបការណ៍លបស្ដាប់តាមក្រោមផ្ទះ ប្រសិនបើប្រជាជនណាហ៊ានរអ៊ូរទាំ ឬតវ៉ាប្រឆាំងនឹងបញ្ជា នឹងត្រូវកងឈ្លបនោះនាំខ្លួនយកទៅសម្លាប់ចោលជាក់ជាមិនខាន។ ជារៀងរាល់ព្រឹកវេលាម៉ោង ៤ទៀបភ្លឺ ឈ្លបខ្មែរក្រហមតែងតែវាយជួងបន្លឺជាសញ្ញាដាស់ ហើយប្រជាជនទាំងអស់ត្រូវតែក្រោកពីដំណេក បើប្រជាជនណាក្រោកមិនទាន់នឹងត្រូវនាំទៅណែនាំ អប់រំ ឬយកទៅកសាង។ លើសពីនេះ ព្រះអង្គក៏ត្រូវបានគេចាត់តាំងឱ្យទៅចូលរួមក្នុងកងភ្ជួររាស់របស់ឃុំ ដោយក្នុង១ក្រុម ត្រូវភ្ជួររាស់ដីស្រែឱ្យបានផ្ទៃដី ១ហិកតា ក្នុង១ថ្ងៃ។
នៅក្នុងរបបខ្មែរក្រហមនោះ ព្រះតេជគុណធ្លាប់ឃើញឈ្លបចងខ្សែចងបណ្តើរប្រជាជន១ក្រុម មានគ្នាប្រហែល ២០នាក់ តម្រៀបជាជួរយកទៅបាត់ ដោយមិនដែលឃើញមានអ្នកណាម្នាក់ត្រឡប់មកវិញឡើយ។ ព្រះអង្គរៀបរាប់បន្តថា នៅពេលនោះ ឈ្លបខ្មែរក្រហមបានបញ្ជូនប្រជាជនមកដល់រណ្តៅសម្លាប់មនុស្ស បន្ទាប់មកមានឈ្លប១ក្រុមទៀត រងចាំសម្លាប់ និងកប់សាកសពនៅទីតាំងរណ្ដៅនោះផ្ទាល់តែម្ដង។ កាលណោះ មានទីតាំងជាច្រើននៅក្នុងឃុំត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែងសម្លាប់មនុស្ស ដូចជានៅតំបន់វាលទួលអង្គ, ព្រៃស្លា និងទីតាំងផ្សេងៗទៀត។
នៅឆ្នាំ១៩៧៨ ព្រះតេជគុណត្រូវបានអង្គការជម្លៀសឱ្យទៅរស់នៅឯខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅទីនោះ ព្រះអង្គត្រូវបានអង្គការបង្ខំឱ្យទៅកាប់ព្រៃឈើ ដែលពេលខ្លះដើមឈើបានបាក់សង្កត់បណ្ដាលឱ្យប្រជាជនស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់។ ព្រះអង្គរស់នៅទីនោះបានរយៈពេលខ្លី របបខ្មែរក្រហមក៏បានដួលរលំទៅវិញ ដោយសារកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានចូលមករំដោះ ពេលនោះទើបព្រះអង្គអាចធ្វើដំណើរដោយថ្មើរជើងអស់រយៈពេលប្រមាណ១ខែ ទម្រាំតែបានមកដល់ស្រុកកំណើតវិញ។ ក្រោយមក ព្រះអង្គបានចាប់ផ្ដើមប្រកបរបរធ្វើស្រែចម្ការ និងក្រោយមកទៀត ក៏បានសម្រេចព្រះទ័យសាងផ្នួសរហូតមកទល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន ព្រះតេជគុណ ព្រុំ ម៉ាប់ មានព្រះរោគប្រចាំកាយ គឺជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

