ក្នុងរបបខ្មែរក្រហមហេតុអ្វីខ្មែរមិនទុកចិត្តខ្មែរ ខ្មែរសម្លាប់ខ្មែរ
ស៊ឹម សាម៉ល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ឆ្នាំ ជាកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
នៅរបប លន់ នល់ សាម៉ល់ រៀនបានត្រឹមថ្នាក់ទី៨ ក៏ឈប់រៀនដោយសារពេលនោះមានការទម្លាក់គ្រាប់បែក ខូចខាតសាលារៀន បំផ្លាញទ្រព្យសម្បត្តិ ផ្ទះ និងសម្លាប់ប្រជាជន ព្រមទាំងសត្វពាហនៈ អស់យ៉ាងច្រើនក្នុងភូមិ ឃុំ។
នៅរបបខ្មែរក្រហម សាម៉ល់ ត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងនៅតំបន់ឬស្សី១០០គុម្ព។ នៅទីនោះ សាម៉ល់ ធ្វើស្រែ ស្ទូងស្រូវ និងលើកភ្លឺស្រែ ពីព្រឹកព្រលឹមរហូតដល់យប់ គ្មានពេលសម្រាកគ្រប់គ្រាន់។ ចំណែករបបអាហារវិញ សាម៉ល់ និងប្រជាជនដទៃទៀតដែរគឺហូបមិនគ្រប់គ្រាន់។ ពេលគាត់រស់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សាម៉ល់ ត្រូវបានគេធ្វើប្រវត្តិរូបជារឿយៗ ដោយសារតែគេសង្ស័យថាគាត់ជាប់និន្នាការនឹងរបបចាស់មានខ្សែស្រឡាយជាមួយអ្នកមានបុណ្យស័ក្តិយសខ្ពស់ៗ។ តាមរយៈការធ្វើប្រវត្តិរូប សាម៉ល់ ស្ថិតនៅក្នុងបញ្ជីដែលត្រូវយកទៅសម្លាប់ដោយសារគាត់ជាប់ទិន្នាការរបបចាស់ និងថាគាត់ជាក្បាលយួនខ្លួនខ្មែរជាប់ខ្សែខាងភូមិភាគបូព៌ា។
ស៊ឹម សាម៉ល់៖ «ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាខ្មែរក្រហមមានការសង្ស័យឥតឈប់ទៅលើប្រជាជនខ្លួនឯង ហេតុអ្វីខ្មែរមិនទុកចិត្តខ្មែរ ហេតុអ្វីខ្មែរសម្លាប់ខ្មែរ ខ្ញុំមិនយល់សោះ» ។
សំណាងល្អដែរពេលនោះ គេមិនទាន់យក សាម៉ល់ ទៅសម្លាប់ភ្លាមៗទេគឺទុកឱកាសឲ្យគាត់កែខ្លួន។ សាម៉ល់ បានខិតខំធ្វើការ ជីក ទំនប់ លើកប្រឡាយ និងលើកភ្លឺស្រែ បានជាច្រើនខ្សែ បន្ទាប់មកគាត់ក៏ទទួលបានការទុកចិត្ត និងឲ្យមានជីវិតរស់ដើម្បីធ្វើការជូនអង្គការបន្តទៀត។
កូន ប្រុស ស្រី របស់ សាម៉ល់ ចំនួនពីរនាក់ដែលធ្វើជាកងឈ្លបត្រូវបានខ្មែរក្រហមសម្លាប់។ ថ្ងៃមួយ សាម៉ល់ ឃើញទាហានខ្មែរក្រហម ចាប់កូនក្មេងចាប់បោះឡើងលើហើយផ្ចង់កាំបិតនៅចុងកាំភ្លើងឲ្យមុតក្មេងស្លាប់នៅនឹងមុខឪពុកម្តាយក្មេង។ សាម៉ល់ ក៏ធ្លាប់ឃើញខ្មែរក្រហមចាប់មនុស្សដាក់ខ្នោះដៃ ខ្នោះជើង នៅឯការដ្ឋានជីកទំនប់ប្រឡាយឯខេត្តបាត់ដំបង យកទៅសម្លាប់ដោយវាយទម្លាក់ចូលក្នុងរណ្ដៅ។
សាម៉ល់ ក៏ធ្លាប់បានឃើញខ្មែរក្រហមបំផ្លាញសាសនា ដោយចាប់ផ្សឹកព្រះសង្ឃ វាយព្រះពុទ្ធបដិមាករទម្លាក់ទឹកស្រះ ហើយយកថ្មធ្វើជាដុំកល់ចង្រ្កាន ទីធ្លាវត្តប្រើប្រាស់សម្រាប់ជាកន្លែងស្តុកស្រូវ អង្ករ និងដាក់ជីជាដើម។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាម៉ល់ បានត្រឡប់មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀងវិញប្រកបមុខរបបធ្វើស្រែដល់បច្ចុប្បន្ន។
គាត់ តែងតែនិយាយរឿងរ៉ាវទុក្ខលំបាកវេទនាមិនអាចបំភ្លេចបានរបស់គាត់ប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ សាម៉ល់ សង្ឈឹមថាការចែករម្លែកបទពិសោធន៍របស់គាត់ អាចជួយឲ្យអ្នកជំនាន់ក្រោយចូលរួមទប់ស្កាត់របបសាហាវឃោរឃៅត្រឡប់មកកម្ពុជាម្តងទៀត។
សាម៉ល់ មានជំងឺប្រចាំកាយគឺជំងឺលើសឈាម ដែលបណ្តាលឲ្យគាត់ឧស្សាហ៍វិលមុខ ស្រវាំងភ្នែក និងរោយកញ្ចឹងកជាញឹកញាប់។
សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង