ហូបចុកមិនបានគ្រប់គ្រាន់
(ព្រះវិហារ)៖ សុខ រ៉ុម មានវ័យ ៦៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ អំឡុងពេលដែលអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅជួបសួរសុខទុក្ខ សុខ រ៉ុម បានរៀបរាប់ពីអ្វីដែលគាត់បានឆ្លងកាត់នាសម័យនោះ ដូចជាការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗ ជីកប្រឡាយ លើកភ្លឺស្រែ ព្យួរស្រែ ដោយពុំបានហូបចុកគ្រប់គ្រាន់ និងមានរយៈពេលយូរ។
ការអប់រំអ្នកជំនាន់ក្រោយឲ្យយល់ដឹងពីព្រឹត្តិការណ៍ដែលកើតមាននាសម័យនោះ ពិតជាមានសារៈសំខាន់ ជាពិសេសទាក់ទងសិទ្ធិសេរីភាពដែលត្រូវបានបាត់បង់នាសម័យនោះដូចជាការរៀបអាពាហ៍ពិពាហ៍ជាច្រើនគូរ ដោយពុំមានការពេញចិត្តគ្នាទៅវិញទៅមក។ សព្វថ្ងៃអ្នករស់រានទាំងនោះកំពុងមានជម្ងឺប្រចាំកាយ ដោយសារវ័យចំណាស់ ហើយកំពុងជួបប្រទះបញ្ហាដូចជាកង្វះថវិកា និងទីតាំងមន្ទីរសុខភាពដែលនៅឆ្ងាយពីទីលំនៅឋានរបស់គាត់។
សព្វថ្ងៃក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សុខ រ៉ុម កំពុងជួបប្រទះបញ្ហាសុខភាពផ្ទាល់ខ្លួន គឺជម្ងឺរលាកក្រពះ ពោះវៀន ដែលពុំទាន់បានជាសះស្បើយនៅឡើយ។ សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងស្ថិតនៅដំណាក់កាលមួយ ដែលទាមទារការយកចិត្តទុកដាក់ តាមសហគមន៍ និងបង្កើនការយល់ដឹងពីបញ្ហាសុខភាពបន្ថែមទៀតដល់គាត់ ដើម្បីធ្វើឲ្យការរស់នៅ និងជីវភាពរបស់អ្នករស់រានមានជីវិតទាំងនោះបានប្រសើរឡើង៕
សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស៊្រាង លីហ៊ួរ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣