ឪពុកម្តាយស្លាប់ដោយសារអត់អាហារនិងជំងឺ

(ខេត្តស្វាយរៀង)៖ ទេព សារឹម មានអាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង​។ សារឹម មានឪពុកឈ្មោះ ទេព ណាំ និងម្ដាយឈ្មោះ អែម ផែ (អ្នកទាំងពីរ​​បាន​ស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារជំងឺ និងហូបចុកមិនគ្រប់គ្រាន់​)​​។ សារឹម គឺជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនបង្កើតចំនួន ៦នាក់។ កាលពីកុមារភាព សារឹម រៀនសូត្របានត្រឹមថ្នាក់ទី៧ (សម័យសង្គមរាស្ត្រនិយម)។ បន្ទាប់ពីឈប់រៀន ការងារចម្បងរបស់គាត់ គឺជួយឪពុកម្តាយធ្វើស្រែចម្ការ។

សារឹម បានរំឭករឿងរ៉ាវកាលពីសម័យខ្មែរក្រហមថា នៅក្នុងរបបនោះ អង្គការបានចាត់តាំងគាត់ឱ្យនៅក្នុងកងចល័តឃុំ ដោយមានភារកិច្ចស្ទូងស្រូវ។ សារឹម និងកងចល័តនារីចំនួន ២០នាក់ផ្សេងទៀត ត្រូវក្រោកតាំងពីម៉ោង ៤ព្រឹក ដើម្បីទៅស្ទូងស្រូវឱ្យបានចំនួន ១ហិកតាក្នុងមួយថ្ងៃ។ ប្រសិនបើធ្វើមិនគ្រប់តាមផែនការកំណត់ទេ នោះគាត់នឹងមិនទទួលបានរបបអាហារពេញមួយថ្ងៃ។ ចំណែកឯប្អូនៗរបស់សារឹម ត្រូវអង្គការបង្ខំឱ្យរស់នៅក្នុងកងកុមារ និងមានភារកិច្ចកើបលាមកគោដើម្បីយកទៅធ្វើជាជី។ ដោយឡែក ឪពុកម្តាយរបស់សារឹម ត្រូវបានអង្គការចាត់តាំងឱ្យនៅមើលថែក្មេងៗនៅក្នុងកងកុមារ ហើយក្រោយមកពួកគាត់ក៏បានស្លាប់បាត់បង់ជីវិតទៅដោយសារតែជំងឺដង្កាត់ និងគ្មានការព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ។ បងប្អូនរបស់សារឹម ដែលធ្វើជាសន្តិសុខភូមិបានប្រាប់គាត់ថា កម្មាភិបាលខ្មែរក្រហមថ្នាក់ឃុំ បានបញ្ជាឱ្យប្រជាជន និងសន្តិសុខជីករណ្តៅសម្រាប់ទុកសម្លាប់មនុស្ស។ ប្រជាជនដែលត្រូវគេយកទៅសម្លាប់ភាគច្រើន មិនមានកំហុសខុសឆ្គងធំដុំនោះទេ ពោលគឺគ្រាន់តែលួចអាហារហូប ធ្វើការមិនទាន់តាមផែនការ ឬរងការចោទប្រកាន់ថាមានខ្សែស្រឡាយ (ជាប់ពាក់ព័ន្ធ) ជាមួយជនជាតិវៀតណាម។ ចំពោះវិធីសម្លាប់ គឺសន្តិសុខយកដំបងវាយកញ្ចឹងកប្រជាជន រួចច្រានទម្លាក់ទៅក្នុងរណ្តៅ បន្ទាប់មកក៏លុបដីរណ្តៅនោះវិញ។ នៅក្នុងរបបខ្មែរក្រហម សារឹម ត្រូវបានផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយជាញឹកញាប់នៅក្នុងស្រុករមាសហែក ដោយត្រូវធ្វើការធ្ងន់ៗនៅក្នុងកងចល័ត ដូចជា ជីកប្រឡាយ លើកទំនប់ និងគាស់គល់ឈើដើម្បីធ្វើស្រែចម្ការជាដើម។

ក្រោយពេលរបបខ្មែរក្រហមដួលរលំ សារឹម ទទួលបានសេរីភាពឡើងវិញ និងបានត្រឡប់មកជួបជុំក្រុមគ្រួសារ។ បច្ចុប្បន្ន គាត់កំពុងរស់នៅក្នុងឃុំអង្គប្រស្រែ និងមានបញ្ហាសុខភាពប្រចាំកាយ ដោយសារតែជំងឺថ្លើម និងជួបការលំបាកក្នុងការសម្រាន្ត (ដេកមិនសូវលក់) នៅពេលយប់៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin