អង្គការបញ្ជូនខ្ញុំទៅបាត់ដំបងដើម្បីសម្លាប់
(ស្វាយរៀង) ៖ តន់ សារ៉ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉ន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនពីរនាក់។ ក្នុងរបប លន់ នល់ សារ៉ន ជាសេនាជនឃុំគគីរការពារនៅព្រំដែនវៀតណាម។
ឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម សារ៉ន ត្រូវបានអង្គការឲ្យរស់នៅរួមគ្នាក្នុងសហករណ៍ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការដូចរបប លន់ នល់ ដែរ គឺត្រូវទៅការពារនៅព្រំដែនជាមួយប្រទេសវៀតណាម។ គាត់ត្រូវស្នាក់នៅទីនោះបីខែ ទើបអង្គការអនុញ្ញាតឲ្យគាត់មកលេងគ្រួសារម្តង។ គាត់បន្តថា ប្រពន្ធគាត់មានសុខភាពមិនល្អ ប៉ុន្តែត្រូវធ្វើការនៅកងចល័តនារីធ្វើស្រែ ចម្ការ លើកភ្លឺស្រែ និងជីក រែកដី។ កូនៗត្រូវរស់នៅក្នុងកងកុមារជាមួយចាស់ៗក្នុងសហករណ៍។ ថ្ងៃមួយពេលទៅការពារព្រំដែន សារ៉ន បានឮអ្នកធ្វើការជាមួយប្រាប់ថា អង្គការបម្រុងសម្លាប់គាត់ ដោយសារតែអង្គការចោទគាត់ថា ជាខ្មាំងព្រោះធ្លាប់ធ្វើការជាមួយនឹងរបបចាស់។ សារ៉ន ឮដូច្នោះតក់ស្លុតជាខ្លាំង ហើយបានខិតខំធ្វើការទ្វេដងលើសពីថ្ងៃធម្មតាដើម្បីយកចិត្តអង្គការ។
ឆ្នាំ១៩៧៨ សារ៉ន និងគ្រួសារត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តបាត់ដំបង។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើងទាំងថ្ងៃទាំងយប់ ដល់អ្នកលឿងឆ្លងកប៉ាល និងធ្វើដំណើរដល់ភ្នំពេញរួចបន្តជិះរថភ្លើងដោយចំណាយពេល ប្រមាណជិតមួយខែបានដល់ខេត្តបាត់ដំបង។ នៅទីនោះ សារ៉ន បានខិតខំធ្វើការជាខ្លាំងព្រោះខ្លួនដឹងថា ការជម្លៀសមកទីនេះគឺអង្គការមានបំណងដើម្បីចាប់កំហុសនាំគាត់និងគ្រួសារយកទៅសម្លាប់។ គាត់ត្រូវក្រោកពីព្រលឹមម៉ោងប្រាំព្រឹកទៅជីក រែកដី ដើម្បីធ្វើទំនប់ និងប្រឡាយខ្ពស់ៗតាមផែនការ។ ប្រពន្ធរបស់គាត់មិនសូវបានធ្វើការឲ្យអង្គការដិតដល់ទេ ដោយសារតែជំងឺដុះដំសាច់កដែលធ្វើឲ្យគ្មានកម្លាំង។ ដូច្នោះអង្គការប្រើប្រពន្ធគាត់ឲ្យធ្វើការងារស្រាលៗ។ នៅអំឡុងពេលទៅធ្វើការ សារ៉ន ធ្លាប់ឃើញសាកសព ដែលទើបត្រូវបានសម្លាប់ជាច្រើន មានសាកសពខ្លះនៅជាប់ចំណងនៅឡើយ។
សារ៉ន បន្តថា ការជម្លៀសទៅខេត្តបាត់ដំបងមានរយៈពេលប្រហែលប្រាំមួយខែ។ គាត់ និងគ្រួសារត្រូវរងទុក្ខលំបាកទំាងការរស់នៅ ធ្វើការ និងរបបអាហារ។ អ្នកជម្លៀសពីខេត្តស្វាយរៀង ទៅខេត្តបាត់ដំបងជាច្រើននាក់បានស្លាប់។ មានគ្រួសារខ្លះបានបាត់បងសមាជិកគ្រួសារ ទាំងអស់ក៏មាន។
ក្នុងរបបខ្មែរក្រហមនៅខេត្តបាត់ដំបងកូនរបស់ សារ៉ន ម្នាក់បានស្លាប់ដោយសារតែគ្មានអាហារហូប និងកូនម្នាក់ទៀតបានស្លាប់ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ នៅពេលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីសម្រាលបានមួយខែ។
រឿងរ៉ាវដែល សារ៉ន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលកូនគាត់ពីរនាក់បានស្លាប់ និង ដែលប្រពន្ធមានជំងឺ និងសរសៃខ្ចី ត្រូវធ្វើការគ្មានពេលសម្រាក។
បច្ចុប្បន្ន សារ៉ន មានជំងឺដុះសាច់ច្រមុះ។ គាត់ធ្លាប់មានជំងឺរបេង និងជំងឺគ្រុនចាញ់។ សារ៉ន បានផ្តំាផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចូលរួមទប់ស្កាត់របបឃោរឃៅខ្មែរក្រហមកុំឲ្យកើតមានលើទឹកដីកម្ពុជាសារជាថ្មីម្តងទៀត។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤