ស្ទើរតែបាត់បង់ជីវិតដោយសារធ្វើការងារធ្ងន់

(ខេត្តស្វាយរៀង) ខៀវ សាខន មានអាយុ ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាខន មានឪពុកឈ្មោះ ខៀវ ហូយ ម្ដាយឈ្មោះ ប៉ាង យ៉ាន់ ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងស្រីចំនួន ៣នាក់។
កាលពីកុមារភាព សាខន រៀនសូត្របានត្រឹមថ្នាក់ទី១០ (សង្គមចាស់)។ សាខន បានរៀបរាប់ថា ក្នុងរបប លន់ នល់ នៅឆ្នាំ១៩៧៥ ការរស់នៅបានជួបប្រទះទុក្ខលំបាក និងជួបគ្រោះថ្នាក់ខ្លាំង ដោយសារមានការទម្លាក់គ្រាប់បែក និងសង្គ្រាមជាញឹកញាប់រវាងទាហាន លន់ នល់ ជាមួយយោធាបដិវត្តន៍ខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ សាខន កំពុងរស់នៅភូមិអង្គឫស្សី។ ភ្លាមៗបន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច សាខន បានឃើញអង្គការដើរប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ សត្វពាហនៈ និងសម្ភារប្រើប្រាស់ផ្សេងៗយកមកទុកក្នុងសហករណ៍ ដោយលុបបំបាត់ចោលទាំងស្រុងនូវកម្មសិទ្ធិឯកជន។ មនុស្សគ្រប់ៗរូបមានសិទ្ធិស្មើៗគ្នា, ទទួលបានរបបអាហារស្មើៗគ្នា និងត្រូវចេញទៅធ្វើការងារទាំងក្មេងទាំងចាស់។ ការងាររបស់សាខន គឺត្រូវបុកស្រូវតាំងពីព្រលឹមរហូតដល់ល្ងាច។ ដំបូងឡើយ អង្គការបានកំណត់ឱ្យសាខនបុកស្រូវក្នុង ១ថ្ងៃចំនួន ៣តៅ និងក្រោយមកបង្កើនដល់ចំនួន ៥តៅ។ ការបង្កើនផែនការនេះបានបណ្តាលឱ្យ សាខន ធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ នៅមន្ទីរពេទ្យ សាខន ឃើញអង្គការរុញសាកសពទៅកប់ជាញឹកញាប់ ព្រោះមិនអាចព្យាបាលបាន ហើយខ្លួនគាត់ផ្ទាល់ក៏មិនសង្ឃឹមថានឹងរស់រានមានជីវិតដែរ ដោយសារតែនៅមន្ទីរពេទ្យគ្មានថ្នាំព្យាបាលត្រឹមត្រូវឡើយ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយតែប៉ុណ្ណោះ។ ដោយសារសំណាងល្អជីវិតមិនទាន់អស់ ក្រោយពីសម្រាកពេទ្យបាន ៣ថ្ងៃ ជំងឺរបស់សាខន ក៏បានជាសះស្បើយ អាចត្រឡប់ទៅការដ្ឋានការងារវិញ ប៉ុន្តែរាងកាយរបស់គាត់នៅសល់តែស្បែក និងឆ្អឹងប៉ុណ្ណោះ។
បន្ទាប់ពីជាសះស្បើយវិញ សាខន ត្រូវបានចាត់តាំងឱ្យទៅធ្វើប្រហុកសម្រាប់ផ្គត់ផ្គង់តាមសហករណ៍ក្នុងឃុំស្វាយធំ។ ក្នុងរបបខ្មែរក្រហម សាខន ធ្លាប់ឃើញអង្គការរៀបចំពិធីរៀបការឱ្យយុវជន យុវនារី។ ការរៀបការនោះធ្វើឡើងដោយបង្ខំ ហើយការរៀបការម្តងៗមានចំនួនពី ៣០ ដល់ ៧០គូ។ ពិធីនេះធ្វើឡើងក្នុងរយៈពេលខ្លី គ្រាន់តែប្ដីប្រពន្ធឡើងប្ដេជ្ញាចិត្តចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នាជាប្ដីប្រពន្ធអស់មួយជីវិត និងស្មោះត្រង់បម្រើអង្គការជារៀងរហូត។ នៅពេលរបបខ្មែរក្រហមដួលរលំ សាខន បានធ្វើដំណើរត្រឡប់ពីមន្ទីរក្រសាំង មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន សាខន ជាកសិកររស់នៅឃុំស្វាយធំ និងមានជំងឺប្រចាំកាយគឺជំងឺក្រពះ និងពោះវៀន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

