ស្រី ប៉ុន៖ ប្រវត្តិរូបអន់ ទើបត្រូវបញ្ឈប់ពីយោធា

ស្រី ប៉ុន[1] ភេទប្រុស អាយុ៦២(២០២១) រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ប៉ុនឈ្មោះ ស្រី ជិន ហើយម្ដាយឈ្មោះ សុំ សូត និងមានបងប្អូនចំនួន៩នាក់(ស្រី៣នាក់)។ ក្នុងចំណោមបងប្អូនទាំងអស់ ប៉ុន បាត់បង់បងប្រុស៣នាក់ នៅពេលដែលគាត់ចូលធ្វើជាយោធាក្នុងសម័យខ្មែរក្រហម។ ប៉ុន មានប្រពន្ធឈ្មោះ នួន ថុល និងមានកូន៤នាក់ ស្រី២នាក់។ កាលពីក្មេង ប៉ុន ចូលរៀន១៩៦៧ នៅសាលាបឋមសិក្សាចំបក់។ ប៉ុន ចូលរៀនបាន៣ឆ្នាំ ទើបមានសង្គ្រាមកើតឡើងនៅឆ្នាំ១៩៧០។
នៅឆ្នាំ១៩៧១ ការរស់នៅរបស់គ្រួសារប៉ុន និងប្រជាជនដទៃទៀត បានជួបការលំបាកកាន់តែខ្លាំង ព្រោះមានយន្តហោះទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលខ្លួនរស់នៅ។ សង្គ្រាមប្រយុទ្ធគ្នានេះ បានធ្វើឲ្យផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់ប្រជាជនត្រូវបានបំផ្លាញ។ លើសពីនេះទៅទៀត ប្រជាជនទាំងអស់មិនបានប្រកបរបបរកស៊ី ឬធ្វើស្រែចម្ការរបស់ខ្លួនទៀត ហើយត្រូវរត់ភៀសខ្លួនទៅរស់នៅកន្លែងផ្សេងមួយរយៈ។ ជាក់ស្ដែងគ្រួសាររបស់ប៉ុន បានភៀសខ្លួនទៅនៅក្រាំងស្វាយមួយរយៈ ដើម្បីរង់ចាំមើលស្ថានការណ៍ស្ងប់ស្ងាត់ឡើងវិញ ទើបត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែនៅតាមផ្លូវធ្វើដំណើរ គ្រួសាររបស់ប៉ុន បានជួបជាមួយ ទាហាន លន់ នល់ ប្រយុទ្ធគ្នាជាមួយទាហានវៀតកុង ទើបគ្រួសារគាត់សម្រេចចិត្តរត់ទៅខាងវត្តកំសើរទើ ខាងកើតផ្សារប៉ាង្កសី ផ្លូវជាតិលេខ៣។
នៅឆ្នាំ១៩៧២ បងប្រុសរបស់ប៉ុនម្នាក់ បានចូលធ្វើជាទាហាន លន់ នល់។ រហូតដល់ចុងឆ្នាំ ប៉ុន បានចូលធ្វើការងារក្នុងភូមិតានប់ រួចបន្តធ្វើជាយោធាស្រុកបាទី ជាមួយយុវជនប្រមាណ៥០នាក់។ ទីតាំងដែល ប៉ុន ប្រចាំការគឺស្ថិតនៅខាងត្បូងភ្នំតាម៉ៅ ក្នុងភូមិខ្សាច់លុប ឃុំត្រពាំងសាម ស្រុកបាទី ខេត្តតាកែវ។ ក្នុងអំឡុងពេលនោះ ប៉ុន ស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មោះ ង៉ាន់។ នៅឆ្នាំ១៩៧៣ បងរបស់ប៉ុនម្នាក់ទៀត បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហមបន្តទៀត។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានបង្ខំឲ្យបងរបស់ប៉ុនម្នាក់ និងព្រះសង្ឃទាំងអស់ដែលគង់ក្នុងវត្តត្រពាំងគង លាចាកសិក្ខាបទ និងចេញទៅធ្វើការងារក្នុងកងចល័ត។ ប៉ុន្តែដោយទ្រាំជាមួយការលំបាកក្នុងកងចល័តមិនបាន បងរបស់ប៉ុន បានស្នើសុំអង្គការចូលទៅធ្វើជាយោធាម្នាក់ទៀត។ ចំណែកប៉ុន អង្គការបានបញ្ជូនក្រុមរបស់គាត់ទៅប្រចាំការនៅវត្តត្រកៀតចាស់ ក្នុងភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទីវិញ។ មិនយូរប៉ុន្មាន នៅពេលដែលមានប្រជាជនថ្មីធ្វើការតវ៉ា អង្គការបានបញ្ជូនកម្មាភិបាលខ្មែរក្រហមជាច្រើននាក់ដែលមានប្រដាប់ដោយកាំភ្លើង និងចបកាប់ មកដេញក្រុមរបស់ប៉ុន ឲ្យចេញពីវត្តទាំងអស់នៅម៉ោង១២យប់ ដោយលើកហេតុផលថាត្រូវជីកលេណដ្ឋាន(ត្រង់សេ) វាយខ្មែរស។ ពេលឮដូច្នេះ ក្រុមរបស់ប៉ុន បានដកទៅប្រចាំការក្នុងព្រៃខាងជើងវត្តត្រពាំងព្រះ ប៉ុន្តែប្រធានកងរបស់គាត់ និងសមាជិកក្រុមមួយចំនួនត្រូវត្រលប់ទៅយាមកម្មាភិបាលខ្មែរក្រហមក្នុងវត្តត្រកៀតវិញ។
បន្ទាប់មក យុវជនដែលធ្វើការងារជាមួយប៉ុន បានប្រាប់គាត់អំពីការសម្លាប់ប្រជាជនថ្មីច្រើនពាន់នាក់ ជាពិសេសគ្រួសាររបស់ប៉ូលីស, ទាហាន និងអ្នករាជការក្នុងរបប លន់ នល់ នៅក្នុងវត្តត្រកៀតចាស់។ នៅពេលដែលសម្លាប់មនុស្សរួច អង្គការបានយកសម្លៀកបំពាក់របស់អ្នកស្លាប់ មកចែកឲ្យក្រុមរបស់ប៉ុន ប្រើប្រាស់បន្ត។ មួយសប្ដាហ៍បន្ទាប់ កម្មាភិបាលខ្មែរក្រហមបានចាកចេញពីក្នុងវត្តទាំងអស់ ហើយក្រុមរបស់ប៉ុន បាននាំគ្នាទៅមើលកន្លែងសម្លាប់មនុស្សនោះ។ នៅពេលទៅដល់ ប៉ុន បានឃើញមនុស្សស្លាប់រាប់រយនាក់នៅក្នុងរណ្ដៅមួយចំនួនដែលមានទំហំ១៥ម៉ែត្របួនជ្រុង និង១០ម៉ែត្របួនជ្រុងនៅក្នុងវត្ត។ លើសពីនេះទៅទៀត នៅពេល ប៉ុន ដើរចេញពីបរិវេណវត្តបន្តិច គាត់បានឃើញរណ្ដៅកប់មនុស្សមួយចំនួនបន្ថែមទៀត ដែលមានប្រវែង ១០ម៉ែត្រ គុណនឹង៥ម៉ែត្រ ហើយនៅក្បែរនោះមានគល់ឬស្សី និងដងចបប្រឡាក់ឈាមនៅមាត់រណ្ដៅ។ ប៉ុន បន្តថា អង្គការបានសម្លាប់មនុស្សដាក់ក្នុងរណ្ដៅពេញៗទាំងអស់ និងកប់ដីពីលើតិចៗប៉ុណ្ណោះ ទើបធ្វើឲ្យសត្វឆ្កែខាំទាញសាកសពចេញពីរណ្ដៅបាន និងធ្លាយពោះវៀនហើមចេញមកក្រៅទំហំប៉ិនកំភួនដៃ។
ប៉ុន បានបន្ថែមថា អង្គការធ្វើគោលនយោបាយល្អណាស់ ដោយសន្យាថាផ្ដល់តួនាទីឲ្យអ្នករាជការក្នុងសម័យ លន់ នល់។ ពេលឮដូច្នេះ ប្រជាជនបានជឿតាមការឃោសនារបស់អង្គការ និងបានប្រាប់ពីការងារពិតរបស់ខ្លួន នៅពេលសួរប្រវត្តិរូប។ លើសពីនេះទៀត មានប្រជាជនមួយចំនួន បានកុហកអង្គការថាខ្លួនជាអ្នកធ្វើការងារក្នុងសម័យមុន ព្រោះតែការធ្វើការងារក្នុងសហករណ៍លំបាកពេក។
នៅចុងឆ្នាំ១៩៧៥ អង្គការបានបញ្ជូន ប៉ុន និងយុវជនផ្សេងទៀត ដែលមានបងប្អូនធ្វើការងារក្នុងសម័យ លន់ នល់ ឲ្យត្រលប់ទៅសហករណ៍រៀងខ្លួនវិញ ព្រោះអ្នកដែលមានប្រវត្តិរូបអន់ដូច្នេះមិនអាចធ្វើជាយោធាបានទេ។ ប៉ុន បានត្រលប់ទៅរស់នៅក្នុងភូមិបចាមវិញ និងចាប់ផ្ដើមធ្វើការងារឃ្វាលទា។ នៅក្នុងសហករណ៍ ប៉ុន បានចូលទៅហូបអាហាររួមនៅក្នុងរោងបាយ។ ប៉ុន្តែដោយសារតែរបបអាហារមិនគ្រប់គ្រាន់ ប៉ុន បានលួចយកពងទាទៅរុំជាមួយដីសើម ហើយយកទៅដុតក្នុងភ្លើងឲ្យឆ្អិនហូបបន្ថែមទៀត។ ប៉ុន បានឲ្យដឹងថា ដើម្បីបានភ្លើងគាត់ត្រូវយកអំបែកចាន ទៅទង្គិចជាមួយដែករឹកមួយដុំ ហើយនៅពេលដែលផ្កាភ្លើងខ្ទាត់ទៅត្រូវជាមួយកម្ទេចសម្លីគនៅក្នុងបំពង់ឫស្សីទើបឆេះឡើង។
ក្រោយមក អង្គការបានចាត់តាំង ប៉ុន ទៅក្នុងកងចល័តវិញ ដើម្បីធ្វើការងារនៅម្ដុំត្រពាំងត្រយឹង, ត្រពាំងប្រិយ៍, ស្មៅខ្ជី, ស្ដៅអែម, កន្លែងខ្លា និងស្រមោចហែ។ ចំពោះការងារវិញ ប៉ុន ត្រូវផ្លាស់ប្ដូរទៅតាមរដូវកាល និងអង្គការចាត់តាំង។ ជាញឹកញាប់ នៅរដូវធ្វើស្រែ ប៉ុន ត្រូវធ្វើការងារសែងកណ្ដាប់សំណាបយកទៅជ្រលក់ជាមួយលាមកមនុស្សក្នុងរណ្ដៅ រួចយកទៅឲ្យដល់ដៃអ្នកស្ទូង។ ចំពោះលាមកមនុស្សដែលយកទៅជ្រលក់សំណាបនោះ គឺបានមកពីការកែច្នៃមួករបស់ទាហាន នល់ នល់ ទៅធ្វើជាវែកសម្រាប់ដួលលាមកមនុស្សពីក្នុងពាង យកទៅចាក់ក្នុងរណ្ដៅនៅស្រែនោះ។ នៅរដូវប្រាំង ប៉ុន ត្រូវធ្វើការកាប់ស្លឹកឈើ និងប្រមូលលាមកគោ យកទៅលាយបញ្ជូលគ្នា ដើម្បីទុកធ្វើជីដាក់ស្រែ។ ក្រៅពីនេះ ប៉ុន ត្រូវធ្វើការងារជីកប្រឡាយ និងលើកទំនប់ចាប់ពីមុខវត្តអង្គរុន ទៅទិសខាងត្បូង និងកន្លែងមួយចំនួនទៀតដែលបានរៀបរាប់ខាងលើ។ ថ្ងៃមួយអំឡុងពេល ប៉ុន ធ្វើការងារកាប់ដី ស្រាប់តែមានផ្លែចបមួយរបស់អ្នកធ្វើការងារជាមួយគ្នា ហោះមកត្រូវជើងគាត់លិចមួយងៀង(មួយជ្រុង)។ នៅពេលរបួស ប៉ុន មិនអាចធ្វើការងារបន្តទៀតទេ គឺគាត់ត្រូវទៅសម្រាកព្យាបាលជំងឺដោយខ្លួនឯង។
នៅឆ្នាំ១៩៧៧ ប៉ុន បានឃើញអង្គការបណ្ដើរសមាជិកគ្រួសារគ្រូបង្រៀន យកទៅសម្លាប់បន្តទៀតនៅតាមផ្លូវភ្នំតាម៉ៅ។ ក្រៅពីការសម្លាប់មនុស្ស ប៉ុន បានកងសន្តិសុខឈ្មោះ ថន បណ្ដើរអ្នកទោសប្រមាណ៨នាក់ឲ្យទៅធ្វើការងារនៅកន្លែងខ្លា ក្បែរគាត់ធ្វើការ។ អ្នកទោសដែលប៉ុន បានឃើញមានសភាពស្គមស្គាំងខ្លាំង ហើយនៅពេលដែលឃើញកូនកង្កែបលោតកាត់មុខ នាំគ្នាស្រវាចាប់យកទៅហែកស៊ីភ្លាមៗ។ នៅពេលដែលបញ្ចប់ការងារពេលល្ងាច អ្នកទោសត្រូវតែដើរឲ្យត្រង់ជួរត្រលប់ទៅក្នុងមន្ទីរឃុំឃាំងវិញ ហើយប្រសិនបើមានអ្នកដើរក្រៅជួរ ឬវៀចជួរបន្តិច អង្គការនឹងយកខ្នងកាំបិតកាងុកទៅវាយក្បាលភ្លាមៗ។
នៅឆ្នាំ១៩៧៨ អង្គការចាប់ផ្ដើមរើសទាហានម្ដងទៀត ប៉ុន្តែការជ្រើសរើសលើកនេះមិនបានមើលលើប្រវត្តិរូបអន់ ឬប្រជាជនចាស់នោះទេ គឺអាចធ្វើបានទាំងអស់គ្នា ព្រោះពេលនោះមានការប្រយុទ្ធគ្នាខ្លាំងជាមួយកងទ័ពរណសិរ្សកម្ពុជា។ នៅក្នុងកងចល័ត យុវជនទាំងអស់អាចចុះឈ្មោះស្ម័គ្រចិត្តជាមួយអង្គការ ហើយអ្នកដែលមិនចង់ទៅធ្វើជាយោធា គឺត្រូវរៀបការតាមអង្គការចាត់តាំង។ នៅចុងឆ្នាំ១៩៧៨ ប៉ុន និងយុវជនជាច្រើននាក់ទៀត ត្រូវបានអង្គការហៅមករៀបការនៅសាលាបាទី។ នៅថ្ងៃរៀបការ អង្គការបានឲ្យយុវជន និងយុវនារីអង្គុយក្បែរគ្នា រួចឡើងចាប់ដៃគ្នា និងប្ដេជ្ញាថាយកគ្នាអស់មួយជីវិត។ ប៉ុន បានឲ្យដឹងថា គាត់មិនបានស្គាល់គ្នាជាមួយប្រពន្ធជាមុនទេ គឺគាត់បានជួបមុខប្រពន្ធនៅថ្ងៃប្ដេជ្ញាតែម្ដង។
នៅដើមខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយមកដល់កន្លែង ប៉ុន រស់នៅ និងបានដេញក្រុមខ្មែរក្រហមចេញទៅអស់។ ប៉ុន្តែនៅពេលកងទ័ពស្ម័គ្រចិត្តវៀតណាមដកទ័ពវិញ ក្រុមខ្មែរក្រហមបានត្រលប់ចូលមកភូមិវិញម្ដងទៀត និងបានចាប់ឈ្មោះ អឿន និងប្រជាជនជាច្រើននាក់ទៀត ដែលខ្លួនសង្ស័យថាធ្វើការឲ្យវៀតណាម យកទៅសម្លាប់ នៅភូមិត្រពាំងក្រសាំង ស្រុកបាទី។ បន្ទាប់មក កងស្ម័គ្រចិត្តវៀតណាម បានចូលមកជាលើកទី២ និងបានដេញក្រុមខ្មែរក្រហមទៅបាត់។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉ុន និងគ្រួសារបានបន្តធ្វើស្រែនៅភូមិបចាម។ ការរស់នៅរបស់គ្រួសារប៉ុន និងប្រជាជនផ្សេងទៀតគឺលំបាកណាស់ ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់។ បន្ទាប់មក ប្រជាជនមួយចំនួនបាននាំគ្នាស្វែងរកមាស នៅក្នុងរណ្ដៅសាកសព រួចយកទៅប្ដូរអាហារហូបបន្ថែម។ ក្រោយមក គ្រួសាររបស់ប៉ុន មានការហូបចុកគ្រប់គ្រាន់ ហើយជីវភាពល្អប្រសើរជាងមុន ប៉ុន្តែនៅក្នុងចិត្តរបស់ប៉ុន នៅតែមានការឈឺចាប់ចំពោះរបបខ្មែរក្រហមដែលបំបិទសិទ្ធិសេរីភាពរបស់គាត់ទាំងអស់។ នៅពេលផ្ដល់បទសម្ភាសន៍ ប៉ុន បានបង្ហាញការពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះគាត់ជឿជាក់ថាការកាត់ទោស បានផ្ដល់យុត្តិធម៌ដល់ប្រជាជន និងជាផ្លូវមួយសម្រាប់រារាំងកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញ។
[1] ជួបជាមួយឈ្មោះ ស្រី ប៉ុន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយកែប ម៉ៃសុជាតា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទដោយ៖ ភា រស្មី

