ប្រាក់ សុផៃ៖ អង្គកាបានសម្លាប់ប្ដី និងបង្ខំឲ្យគាត់ទៅធ្វើការងារឆ្ងាយពីកូន

បន្ទាប់ពីអង្គការសម្លាប់ប្ដីរបស់ខ្ញុំរួច ប្រធានកងបានបញ្ជូនខ្ញុំចូលក្នុងចល័ត ដើម្បីធ្វើការងារធ្ងន់ៗឆ្ងាយពីសហករណ៍ និងមិនអនុញ្ញាតឲ្យខ្ញុំត្រលប់ទៅជួបមុខកូនទាល់តែសោះ រហូតដល់របបខ្មែរក្រហមដួលរលំ។
ប្រាក់ សុផៃ អាយុ៦៧ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សុផៃ បានរៀបការជាមួយមេទាហានម្នាក់ និងមានកូនម្នាក់។ ចូលដល់សម័យខ្មែរក្រហម អង្គការបានចាប់ប្ដីរបស់សុផៃ ទៅសម្លាប់ ហើយសុផៃ ត្រូវចាត់តាំងឲ្យចូលក្នុងកងចល័ត ដើម្បីធ្វើការងារមួយចំនួនដូចជា ជីកប្រឡាយ, លើកទំនប់ ស្ទូង, ដក និងច្រូត ទៅតាមអង្គការចាត់តាំង។ ចំណែកកូនរបស់សុផៃ គឺត្រូវស្នាក់នៅក្នុងសហករណ៍ និងស្ថិតនៅក្រោមការមើលថែរបស់ម្ដាយសុផៃ។
នៅក្នុងកងចល័ត សុផៃ ត្រូវជម្លៀសទៅធ្វើការងារនៅម្ដុំអង្គតាសោម, អង្គធ្លក, កំពង់យោកកំពង់អំពិល និងចុងក្រោយបំផុតនៅម្ដុំភូមិខ្វាវ។ នៅពេលធ្វើការងារ អង្គការមិនអនុញ្ញាតឲ្យ សុផៃ ទៅលេងកូន ឬម្ដាយនៅក្នុងសហករណ៍នោះទេ។ រហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេល សុផៃ ធ្វើការងារនៅក្នុងភូមិខ្វាវ បានរយៈពេលប្រមាណបីថ្ងៃ ទើបកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមក ហើយសុផៃ បានត្រលប់ទៅជួបកូន និងម្ដាយនៅភូមិទួលទ្រាវិញ។ ពេលទៅដល់ផ្ទះ សុផៃ បានទទួលដំណឹងថា ឪពុករបស់គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៧៧ ដោយសារខ្វះខាតអាហារហូបចុក និងឈឺគ្នានថ្នាំព្យាបាល។
ក្រោយរបបខ្មែរក្រហម សុផៃ បានរៀបការម្ដងទៀត និងមានកូន៤នាក់បន្ថែមទៀត។ បន្ទាប់មក កូនច្បងរបស់សុផៃ និងប្ដីរបស់គាត់ បានបាត់បង់ជីវិតបន្តទៀត។ នៅពេលផ្ដល់បទសម្ភាសន៍ សុផៃ រស់នៅជាមួយម្ដាយចាស់ជរាអាយុ៩៨ឆ្នាំ ហើយកូនៗរបស់គាត់ទាំង៤នាក់ បានរៀបការរួចរាល់ និងចេញទៅរស់ស៊ីនៅស្រុកឆ្ងាយទាំងអស់។ មួយវិញទៀត សុផៃ មានជំងឺប្រចាំកាយជាច្រើនដូចជា៖ ខូចកាយសម្បទា ចាប់ពីចង្កេះចុះក្រោម, ចុកទ្រូង, ងងឹតភ្នែក, លើសឈាម, ទឹកនោមផ្អែម, ពុកឆ្អឹង និងឈឺសន្លាក់ក្បាលជង្គង់ និងកជើង។ សុផៃ គិតថា ជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការងារធ្ងន់ក្នុងសម័យខ្មែរក្រហម។ ដើម្បីព្យាបាលជំងឹ សុផៃ បានប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំខ្មែររាល់ថ្ងៃ ប៉ុន្តែគាត់មិនសូវបានទៅពិនិត្យសុភាពទេ ព្រោះគាត់ពិបាកធ្វើដំណើរ និងខ្វះថវិកា។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

