បបរមួយខ្ទះមានអង្ករតែពីរឬបីកំប៉ុង

(តាកែវ)៖ អួន ផាន មានអាយុ ៧៧ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិ តាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ផាន មានស្វាមីឈ្មោះ កែប សាន ដែលបានរៀបការតាំងពីមុនសម័យខ្មែរក្រហមមកម្ល៉េះ ហើយមានកូនចំនួន៣នាក់។

នៅក្នុងឆ្នាំ១៩៧០ ផាន បានបញ្ជាក់ថា ពេលនោះមានផលលំបាកខ្លាំង ដោយសារតែមានសង្គ្រាម។ ផាន និងគ្រួសារ ត្រូវរត់គេចពីគ្រាប់កាំភ្លើង និងគ្រាប់បែកនៅក្នុងភូមិ រហូតដល់ត្រូវភៀសខ្លួនទៅទីក្រុងភ្នំពេញ ដើម្បីគេចចេញពីការវាយប្រហារគ្នា។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាចបានទូទាំងប្រទេស, ផាន មានអាយុ២៨ឆ្នាំ។ ក្នុងដំណើរជម្លៀសចេញពីទីក្រុងភ្នំពេញមកវិញ ផាន បានរៀបរាប់ថាមានការលំបាកដូចពេលទៅពេលដែលគាត់ភៀសខ្លួននៅអំឡុងពេលទម្លាក់គ្រាប់បែក។ ការធ្វើដំណើរតាមផ្លូវមានភាពលំបាកដោយសារខ្លាចមានការប៉ះទង្គិចគ្នា ហើយស្ថានភាពនៅពេលនោះមានភាពវឹកវរខ្លាំងព្រោះប្រជាជននាំគ្នាសម្រុកចេញពីទីក្រុងភ្នំពេញ។ ផាន បានអះអាងថា ការធ្វើដំណើរទម្រាំតែមកដល់កន្លែងរស់នៅ ត្រូវចំណាយពេលយូររហូតដល់១៥ថ្ងៃ។

ក្រោយពីជម្លៀសមកដល់មូលដ្ឋាន ផាន ត្រូវបានខ្មែរក្រហមចាត់ទុកថាជាប្រជាជនថ្មី។ ខ្មែរក្រហមបានជម្លៀស ផាន ទៅកាន់តំបន់ផ្សេងដែលមិនមែនជាស្រុកកំណើតដែលធ្លាប់រស់នៅពីមុនមកទេ។ តំបន់ដែលត្រូវជម្លៀសទៅនោះគឺតំបន់៥៥ នៅជិតស្រុកអង្គរបុរី ក្នុងខេត្តតាកែវ ដោយតម្រូវឱ្យរស់នៅដាច់ពីប្រជាជនមូលដ្ឋាន។ នៅពេលជម្លៀសទៅដល់តំបន់នោះ ផាន ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការជាទម្ងន់ដើម្បីលត់ដំ និងតម្រូវឱ្យរៀនធ្វើការគ្រប់បែបយ៉ាងដោយសំអាងថាជាប្រជាជនថ្មី។ ការងារទាំងនោះរួមមានការកាប់មែកឈើ, ធ្វើជី, រែកដី, ដកស្ទូង, រែងអង្ករ និងការងារច្រើនមុខទៀតអាស្រ័យលើការប្រើប្រាស់នៅតាមកងនានា និងតាមការចាត់តាំង។

ចំពោះការហូបចុកនៅក្នុងពេលនោះ ផាន បានអះអាងថា មានការខ្វះខាតខ្លាំង។ បបរមួយខ្ទះមានតែអង្ករពីរឬបីកំប៉ុងប៉ុណ្ណោះ គឺមានតែទឹកមិនសូវមានគ្រាប់អង្ករ។ ខ្មែរក្រហមបានប្រើឱ្យធ្វើការហួសកម្លាំង ប៉ុន្តែនៅពេលធ្វើការច្រើន ការផ្តល់ហូបចុកបែរជារឹតតែតិចទៅវិញ។ ចំពោះបញ្ហាថ្នាំសម្រាប់ព្យាបាលជំងឺវិញ គឺមានតែថ្នាំអាចទន្សាយ ហើយក្រៅពីនោះគឺជាថ្នាំបុរាណដែលយកសំបកឈើ ដើមឈើ មកកាប់ហាល និងយកគ្រាប់ធម្មជាតិមានផ្លែស្លែងយកមកលុញជាដុំខ្មៅៗសម្រាប់ដាំហូបឬលេបតែប៉ុណ្ណោះ។

នៅក្នុងរបបខ្មែរក្រហម ផាន ត្រូវបាត់បង់សមាជិកគ្រួសារអស់ជាច្រើននាក់។ អ្នកដែលបាត់បង់ជីវិតទាំងនោះមានប្អូនបង្កើត ប្អូនថ្លៃ ក្មួយមួយគ្រួសារ បងប្អូនជីដូនមួយ និងកូនរបស់គាត់។ កូនបង្កើតនេះត្រូវស្លាប់ដោយសារតែមិនមានថ្នាំសម្រាប់ព្យាបាល។ ជុំវិញការរៀបការនៅក្នុងរបបខ្មែរក្រហម ផាន បានដឹងខ្លះៗថាមិនមានការធ្វើកម្មពិធីដូចក្នុងប្រពៃណីខ្មែរធ្លាប់ធ្វើពីមុនមកទេ ។ ពួកគេរៀបការម្តងចំនួន៥ ទៅ១០គូ ដោយគ្រាន់តែចាប់ដៃគ្នា ហើយប្តេជ្ញាចំពោះអង្គការ និងបរិភោគអាហារជុំគ្នាកម្មវិធីបានបញ្ចប់។

ចំពោះការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ ពេលនោះខ្មែរក្រហមបានកម្ទេចវត្តអារាមចោល វាយវិហារ វាយកុដិ និងធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ។ ខ្មែរក្រហមបានចាប់ផ្សឹកព្រះសង្ឃទាំងអស់ឱ្យមកធ្វើស្រែ និងឱ្យមកធ្វើការដូចប្រជាជនធម្មតា។ ព្រះសង្ឃមិនមានការផ្តល់អាហារឱ្យដូចពីមុនទៀតទេ ទាល់តែធ្វើការទើបមានបាយសម្រាប់ឆាន់។

បច្ចុប្បន្ននេះ ផាន មានជំងឺប្រចាំកាយមានដូចជា ជំងឺក្រពះពោះវៀន និងជំងឺលើសឈាម ដែលធ្វើឱ្យមានអាការខ្សោយអស់កម្លាំង ពិបាកក្នុងខ្លួន។ ផាន បានទៅពិនិត្យនិងតាមដាននៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពជំងឺមិនវិវត្តន៍អ្វីជាដុំកំភួនឡើយ គឺជួនធ្វើទុក្ខ ជួនធម្មតាតាមពេលវេលា៕

សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin